![]() |
មុនពេលអញ្ជើញទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ៧ ខែមិថុនាដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Simon Birmingham បានដាស់តឿនឱ្យអាមេរិកនិងចិនត្រឡប់មកចូលតុចរចា ដើម្បីចូលរួមក្នុងដំណើរការធ្វើកំណែទម្រង់ និងជួយពង្រឹងនីតិវិធីពាណិជ្ជកម្មនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ លោក Birmingham បានអះអាងថា លោកនឹងមិនអនុញ្ញាតឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដួលរលំទេដោយសារទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង មិនអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីអនាគតនៃអង្គការនេះទេ។ លោកក៏បានសង្កត់ធ្ងន់ថាតើមានឬមិនមានកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញពីប្រទេសមហាអំណាចទាំង ២ ក៏ដោយ ក៏ប៉ុន្តែផ្នែកនៅសេសសល់របស់ពិភពលោក នឹងមានសកម្មភាពនានាដើម្បីរក្សាលំហូរពាណិជ្ជកម្មសេរីនិងបើកទូលាយផងដែរ៕

