ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរគ្រោងនឹងពិភាក្សាអំពីលទ្ធផលនៃយន្តការពិគ្រោះយោបល់របស់ក្រសួងការបរទេសហ្វីលីពីន-ចិន និងយន្តការពិគ្រោះយោបល់ទ្វេភាគីស្តីពីសមុទ្រខាងកើត ដែលបានធ្វើឡើងនៅទីក្រុងម៉ានីលក្នុងខែមីនាកន្លងទៅ។
ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តិទៅក្នុងបរិបទដែលចិន នាពេលថ្មីៗនេះមានការរិះគន់លើសេចក្តីសម្រេចចិត្តរបស់ហ្វីលីពីន ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ពង្រីកការចូលទៅកាន់មូលដ្ឋានយោធា ដោយចាត់ទុកថា វាបានបង្កើនភាពតានតឹងនៅក្នុងតំបន់។ នៅក្នុងប្រតិកម្មថ្មីបំផុត ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងអាមេរិក-ហ្វីលីពីន គឺសំដៅពង្រឹងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន មិនមែនដើម្បីប្រឈមមុខនឹងប្រទេសណាមួយនៅក្នុងតំបន់នោះទេ ហើយក៏មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងៗនោះឡើយ៕
