ថ្លែងទៅកាន់អ្នកសារព័ត៍មាន នៅពេលបាននិយាយអំពីអាជីវករ Viktor Bout ដែលកំពុងជាប់ពន្ធនាគាររយៈពេល ២៥ ឆ្នាំនៅសហរដ្ឋអាមេរិក ពីបទជួញដូរអាវុធ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសន្ទនាពិសេសមួយ ដើម្បីពិភាក្សាអំពីជំហានជាក់ស្តែងសម្រាប់ការដោះដូរអ្នកទោស។ .

មុននោះ ទីក្រុងវ៉ាស៊ីនតោនបានស្នើរឲ្យទីក្រុងម៉ូស្គូ ដោះដូរអាជីវករ Viktor Bout ជាថ្នូរនឹង Brittney Griner ដែលត្រូវបានកាត់ទោសនៅរុស្ស៊ីពីបទជួញដូរ និងកាន់កាប់គ្រឿងញៀន និង Paul Whelan ដែលត្រូវបានកាត់ទោសពីបទចារកម្ម។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីខែកក្កដាកន្លងទៅ ភាគីទាំងពីរក៏បានលើកឡើង និងឯកភាពថា វិធានការការទូតគឺសមស្របក្នុងការដោះស្រាយបញ្ហានេះ៕