នៅក្នុងសន្និសីទលើកទី ៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ១៨ ខែមិថុនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សាស្ត្រាចារ្យរង លោកស្រី បណ្ឌិត ង្វៀន ធីឡានអាញ បេក្ខជនវៀតណាម ត្រូវបានជ្រើសរើសជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) អាណត្តិ ២០២៦-២០៣៥ ដោយទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមបេក្ខជន។ នេះគឺជាលើកដំបូងហើយដែលវៀតណាមមានអ្នកជំនាញផ្នែកច្បាប់អន្តរជាតិត្រូវបានជ្រើសតាំងជាចៅក្រម ITLOS។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ជុង បានថ្លែងថា តុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) គឺជាស្ថាប័នតុលាការអន្តរជាតិដ៏សំខាន់បំផុតមួយទាក់ទងនឹងច្បាប់អន្តរជាតិជាទូទៅ និងច្បាប់សមុទ្រជាពិសេស។ ត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) បន្ទាប់ពីដំណើរការអស់រយៈពេល ៣០ ឆ្នាំ តុលាការនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះសមុទ្រដោយសន្តិវិធី លើកកម្ពស់ការបកស្រាយ និងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ឲ្យកាន់តែស៊ីសង្វាក់គ្នា ដោយហេតុនេះពង្រឹងសណ្តាប់ធ្នាប់ផ្លូវច្បាប់នៅសមុទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងចំណោមប្រជាជាតិនានានៅទូទាំងពិភពលោក។ ការដែលសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធីឡានអាញ់ ត្រូវបានរដ្ឋជាសមាជិក UNCLOS ១៩៨២ បោះឆ្នោតជ្រើសតាំងជាចៅក្រម ITLOS ដែលមានចំនួនសំឡេងគាំទ្រខ្ពស់បំផុតក្នុងចំណោមបេក្ខជន បានបញ្ចាំងពីការវាយតម្លៃវិជ្ជមានរបស់រដ្ឋជាសមាជិក UNCLOS ១៩៨២ និងសហគមន៍អន្តរជាតិទាក់ទងនឹងបំណងប្រាថ្នារបស់វៀតណាមក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់ និងធានាឧត្តមភាពនៃច្បាប់សមុទ្រអន្តរជាតិក្នុងកិច្ចការអន្តរជាតិ។
យោងតាមលោក ឡេ ហ័យ ជុង រដ្ឋមន្ត្រីការបរទេស ព្រឹត្តិការណ៍ដ៏សំខាន់ដែលវៀតណាមមានចៅក្រម ITLOS ដំបូងគេមិនត្រឹមតែរួមចំណែកមោទនភាពដល់គោលនយោបាយការបរទេសរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបម្រើជាកម្លាំងចលករដ៏សំខាន់មួយដើម្បីកែលម្អគុណភាពនៃការធ្វើសមាហរណកម្មអន្តរជាតិបន្ថែមទៀត ដោយលើកកម្ពស់ឋានៈ កិត្យានុភាព និងសមត្ថភាពរបស់ប្រទេសក្នុងការចូលរួមចំណែកក្នុងកិច្ចការតំបន់ និងសកលលោករួមគ្នា៕
