យោង​តាមទិន្នន័យពី​វេទិកាលក់សំបុត្របន្ត តម្លៃសំបុត្រជាមធ្យមនៃការប្រកួតវគ្គ ៤ក្រុមចុងក្រោយ បានធ្លាក់ចុះជាង ៣០% ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ និងជិត ៥០% ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ។

ការប្រកួតរវាងក្រុមអេស្ប៉ាញ និងប៊ែលហ្ស៊ិក នៅកីឡដ្ឋាន SoFi ក្នុងទីក្រុងឡូស​អាន់ជេឡេស បានកត់ត្រាការធ្លាក់ចុះយ៉ាង​ខ្លាំង ដោយមាន​តម្លៃថោក​ជាងគេបានធ្លាក់ចុះពីប្រហែល ២.៩៥០ ដុល្លារ មកត្រឹម ១.២០០ ដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ការប្រកួតរវាងក្រុមបារាំង និងម៉ារ៉ុក នៅទីក្រុងបូស្តុន មានតម្លៃទាបបំផុតនៅក្នុងវគ្គ ៤​ក្រុមចុងក្រោយ ដោយមានតម្លៃចាប់ពី ១.១១៧ ដុល្លារអាមេរិក។

មជ្ឈដ្ឋានអ្នកជំនាញបានយល់ឃើញថា ការធ្លាក់ចុះទាំង​នេះភាគច្រើន​មកពីការ​ដែលក្រុមម្ចាស់ផ្ទះសហរដ្ឋអាមេរិកត្រូវបានធ្លាក់​ចេញ ដែលធ្វើឱ្យតម្រូវការទិញសំបុត្ររបស់​ទស្សនិកជនអាមេរិកធ្លាក់ចុះយ៉ាងខ្លាំង។ ក្រៅពីនេះ ការធ្លាក់ចេញរបស់ក្រុមព័រទុយហ្គាល់ ក៏ធ្វើឱ្យភាពទាក់ទាញនៃព្រឹត្តិការណ៍នេះថយចុះ​ផងដែរ ដោយសារតែនេះ ត្រូវបានចាត់ទុកជាការប្រកួត World Cup លើកចុងក្រោយបង្អស់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo។

ទោះជា​យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅតែស្ថិតនៅក្នុងចំណោម​វគ្គផ្តាច់ព្រ័ត្រដែលមានតម្លៃសំបុត្រថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ តម្លៃសំបុត្រដែលថោកបំផុតសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន MetLife ក្នុងរដ្ឋNew Jersey នៅតែមានតម្លៃខ្ពស់ជាង ៨.៧៧០ ដុល្លារអាមេរិក៕