សាលក្រមនេះបានបង្កើនលទ្ធភាពដែលលោក Trump នឹងប្រឈមមុខនឹងអង្គជំនុំជម្រះព្រហ្មទណ្ឌដែលមិនធ្លាប់មានពីមុនមក។

បើតាមក្រុមអ្នកជំនាញ លោក Trump ស្ទើរតែនឹងធ្វើការប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។ ករណីនេះនឹងត្រូវបានផ្អាកយ៉ាងហោចណាស់ដល់ថ្ងៃទី ១២ ខែកុម្ភៈ ដើម្បីទុកពេលឲ្យលោក Trump ប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល។

មេធាវីរបស់លោក Trump បានអះអាងថា អតីតប្រធានាធិបតីមានសិទ្ធិទទួលបានការការពារផ្លូវច្បាប់យ៉ាងទូលំទូលាយ ហើយមិនអាចត្រូវបានចោទប្រកាន់ព្រហ្មទណ្ឌសម្រាប់សកម្មភាពផ្លូវការនោះទេ លុះត្រាតែមានការចោទប្រកាន់ដោយសភាតំណាងរាស្រ្ត និងត្រូវបានព្រឹទ្ធសភាទម្លាក់ពីដំណែង។ លោក Trump ត្រូវបានសភាតំណាងរាស្រ្ត ចោទប្រកាន់ចំនួនពីរដង ប៉ុន្តែគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា មានសំឡេងគ្រប់គ្រាន់ដើម្បីធានាថាលោកមិនត្រូវបានដកចេញពីតំណែង។ លោក Trump បានប្រកាសម្តងហើយម្តងទៀតនូវអភ័យឯកសិទ្ធិរបស់ខ្លួនក្នុងអំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតនិងនៅលើបណ្តាញសង្គម៕