នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិនៅឯសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការចែករំលែកបទពិសោធន៍របស់ដៃគូបរទេស សម្រាប់ការអភិ វឌ្ឍសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា រូបសណ្ឋានកំណើនដោយអាស្រ័យលើប្រាក់ទុននិងកម្លាំងពលករ គឺត្រូវបង្វែទិស ទៅការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយផ្អែកលើការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត រួមទាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៀត ផង។ នេះជាជំហានសំខាន់ ដើម្បីវៀតណាមអាចគេចផុតពីអន្ទាក់ចំណូលមធ្យម។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “សហគ្រាសទាំងអស់គួរយល់ថា ការវិនិយោគសម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍគឺជាផ្លូវដ៏ខ្លីបំផុត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ បង្កើនសមិទ្ធភាពប្រកួតប្រជែងនិងអភិ វឌ្ឍន៍ប្រកបដោយចីរភាពជាង។ ក្នុងបរិបទនៃការធ្វើសមាហរណកម្មនោះ កម្រិតប្រកួតប្រជែងកាន់តែតឹងរឹងជាងនោះ គឺទាមទារឲ្យមានការវិនិយោគនិងអភិវឌ្ឍន៍សមត្ថភាពបច្ចេកវិទ្យា រួមមានការស្រាវជ្រាវនិងការអភិវឌ្ឍផង។ ហើយការលើកកម្ពស់សមត្ថភាពផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត កាន់តែចាំបាច់ ដើម្បីសហគ្រាសអាចដណ្តើមបានទីតាំងខ្ពស់ជាងក្នុងខ្សែសង្វាក់តម្លៃសកល។ ប្រការពិសេស គឺ យើងត្រូវចាត់ទុក សហគ្រាសគឺជាគោលនៃប្រព័ន្ធផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត”។

នៅក្នុងសន្និសីទនេះ ជំនាញការ និងអ្នកវិទ្យាសាស្ត្របានធ្វើការបំភ្លឺច្បាស់នូវតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ដោយចាត់ទុកហាក់ដូចជា សសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងដាក់ចេញអនុសាសន៍នូវដំណោះស្រាយនិងគោលនយោបាយជាក់ស្តែងសម្រាប់វៀតណាមផងដែរ៕