នៅក្នុងជំនួបនេះ លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម និងជាអនុប្រធាននាយកដ្ឋានឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៧ គឺជាព្រឹត្តិការណ៍សំខាន់ពិសេស - ខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤ មិថុនា ១៩៦៧- ២៤ មិថុនា ២០២៧)។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរ។ ឆ្ពោះទៅព្រឹត្តិការណ៍ដ៏សំខាន់នេះ វិទ្យុសំឡេងវៀតណាម (VOV) កំពុងរៀបចំផែនការមួយដើម្បីដាក់ជូនរដ្ឋាភិបាលអំពីការដែលវិទ្យុសំឡេងវៀតណាម និងវិទ្យុជាតិកម្ពុជា បញ្ជូនក្រុមអ្នកយកព័ត៌មានទៅបំពេញទស្សនកិច្ចនៅប្រទេសនីមួយៗ ដើម្បីផលិតកម្មវិធីវិទ្យុពិសេសមួយស្តីពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ អគ្គនាយកវិទ្យុ VOV បានឱ្យដឹងថា៖ «នៅក្នុងបដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល រួមជាមួយនឹងបទពិសោធន៍និងវិធីសាស្រ្តនានា ចាំបាច់ត្រូវផ្លាស់ប្តូរថ្មីវិស័យផ្សព្វផ្សាយ។ ត្រូវមានអន្តរកម្ម និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក។ យោងតាមសំណើរបស់ភាគីកម្ពុជា វិទ្យុសំឡេងវៀតណាមនឹងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកបច្ចេកទេសមួយចំនួនលើបទពិសោធន៍នៃការផ្សាយសំឡេង»។
រីឯខ្លួនវិញ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា នៅឆ្នាំ២០២៧ ដែលជាខួបលើកទី ៦០ ទិថវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា យើងនឹងចុះផ្សាយកម្មវិធីដំបូងជាភាសាវៀតណាមនៅលើវិទ្យុជាតិកម្ពុជា។ យើងក៏អាចមានការតាំងពិព័រណ៍រូបថត រវាងវិទ្យុសំឡេងវៀតណាម និងវិទ្យុជាតិកម្ពុជា ដើម្បីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងជាពិសេសរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម»។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃវិទ្យុសំឡេងវៀតណាមក៏បានចែករំលែកបន្ថែមអំពីគម្រោងបង្កើតស្ថានីយ៍វិទ្យុមិត្តភាពនៅខេត្តសៀមរាប និងទីក្រុងភ្នំពេញ ដើម្បីផ្សាយកម្មវិធីជាភាសាវៀតណាម និងភាសាខ្មែរ។ វិទ្យុសំឡេងវៀតណាមកំពុងសកម្មធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាម ដើម្បីឱ្យគម្រោងនេះត្រូវបានអនុម័តនិងអនុវត្តក្នុងពេលឆាប់ៗ៕
