ដោយបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយចក្រភពអង់គ្លេស លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាពាណិជ្ជកម្ម និងវិនិយោគ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ការពារជាតិ និងសន្តិសុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងបង្កើតផែនការសកម្មភាពជាបន្ទាន់ ដើម្បីអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អង់គ្លេស។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរ ជំរុញការបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ និងឆ្ពោះទៅរកគោលដៅ ១៥ ពាន់លានដុល្លារនាពេលខាងមុខ។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងអំណរគុណ និងស្នើឱ្យរដ្ឋាភិបាលអង់គ្លេសបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅអង់គ្លេស ដើម្បីធ្វើសមាហរណកម្មបានល្អ និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អង់គ្លេស ក៏ដូចជាទំនាក់ទំនងទ្វេភាគីផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Iain Frew បានបញ្ជាក់ថា ចក្រភពអង់គ្លេសត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងអន្តរជាតិ។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វិនិយោគិនអង់គ្លេសវាយតម្លៃខ្ពស់ ចំពោះយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម ជាពិសេសក្នុងវិស័យថាមពល ហិរញ្ញវត្ថុ និងការផ្លាស់ប្តូរបៃតង ដោយសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសមានបំណងចង់ក្លាយជាដៃគូរយៈពេលវែងរបស់វៀតណាមក្នុងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។
ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានយល់ព្រម បន្តពង្រឹងការសម្របសម្រួលក្នុងយន្តការពហុភាគី លើកកម្ពស់ទំនាក់ទំនងអាស៊ីអាគ្នេយ៍ជាមួយចក្រភពអង់គ្លេស ដោយសង្កត់ធ្ងន់លើការសន្ទនា និងកិច្ចសហប្រតិបត្តិការ ធានាសេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
