រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi នៅទីក្រុង New Delhi នាថ្ងៃទី ១៦ ខែមិថុនា (ប្រភព៖ ក្រសួងការបរទេស)

ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ឥណ្ឌានៅទីក្រុងញូវដែលី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son នាថ្ងៃទី ១៦ មិថុនាបានអញ្ជើញជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi និងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំដំណើរទស្សនៈកិច្ចជាន់ខ្ពស់ និងកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនោះ បានឯកភាពគ្នាជំរុញក្រសួង ស្ថាប័ននៃប្រទេសទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ និងសហគ្រាសនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាថា ចាំបាច់ត្រូវ ដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ដើម្បីគោលដៅរួមគឺសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof (ប្រភព៖ ក្រសួងការបរទេស)

ទន្ទឹមនឹងនោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំសកម្មភាពអបអរសាទរពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប្រ៊ុយណេ (១៩៩២ - ២០២២) ព្រមទាំង ជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ និងរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅប្រ៊ុយណេនាពេលខាងមុខ ក៏ដូចជាជំរុញជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជលផលផងដែរ៕