លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់អំពីអាស៊ីនៅក្រុមហ៊ុនម៉ាក្រូសេដ្ឋកិច្ចសកល Capital Economics នៅទីក្រុងឡុងដ៍ បានចាត់ទុកថា ប្រទេសវៀតណាមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដោយសារការរួមបញ្ចូលគ្នានៃប្រវត្តិសាស្ត្រដ៏សម្បូរបែប ទេសភាពធម្មជាតិចម្រុះ និងតម្លៃសមរម្យ។ វប្បធម៌តាមដងផ្លូវ ម្ហូបអាហារ សេវាកម្មថែទាំសុខភាព និងកែសម្ផស្សដែលមានតម្លៃសមរម្យ កំពុងទាក់ទាញភ្ញៀវទេសចរវ័យក្មេងកាន់តែច្រើនឡើងៗមកពីសិង្ហបុរី និងប្រទេសដទៃទៀតនៅក្នុងតំបន់។
កាសែត The Strait Times មានការវាយតម្លៃវិជ្ជមានលើយថាទស្សន៍កំណើននៃទេសចរណ៍វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលរដ្ឋាភិបាល បានដាក់ចេញគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិប្រហែល ៥០ លាននាក់នៅឆ្នាំ ២០៣០។ ក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិជាច្រើនបាននិងកំពុងពង្រីកប្រតិបត្តិការ នៅក្នុងប្រទេសវៀតណាម។ លើសពីនេះ គម្រោងទ្រង់ទ្រាយធំ បន្តត្រូវបានអនុវត្តន៍ដើម្បីបង្កើនសមត្ថភាពក្នុងការបម្រើភ្ញៀវទេសចរ។ នៅតំបន់ដែលអំណោយផលអំពីទេសភាពដូចជាតំបន់ភាគខាងជើង និងភាគកណ្តាល និន្នាការទេសចរណ៍ថែទាំសុខភាព កំពុងអភិវឌ្ឍន៍ផងដែរ ដោយមានការចូលរួមពីម៉ាកសណ្ឋាគារអន្តរជាតិដូចជា Melia Hotels International និង Hilton Hotels & Resorts។ ក្រៅពីនោះ ទេសចរណ៍របស់វៀតណាមកាន់តែរីកចម្រើនដោយសារការតភ្ជាប់ផ្លូវអាកាសកាន់តែប្រសើរឡើង ជាមួយនឹងការបើកជើងហោះហើរថ្មីៗជាច្រើន ដែលបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ៕
