បន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា នៅយប់ថ្ងៃទី ៦ ខែឧសភា នៅទីក្រុងញូវដេលី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកានវានុវត្តន៍វៀតណាម-ឥណ្ឌា ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល"។

ថ្លែងនៅក្នុងវេទិកានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលដ៏ធំធេងរបស់ឥណ្ឌាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន សូហ្វវែ ការបណ្តុះបណ្តាលវិស្វករ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ការទូទាត់ឌីជីថល ឧស្សាហកម្ម
ឱសថ បច្ចេកវិទ្យាអវកាស បញ្ញាសិប្បនិម្មិត និងសឹមីកុងឌុចទ័រ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យវេទិកាផ្តោតលើការពិភាក្សានិងជំរុញទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន៥ ដោយកំណត់យ៉ាងច្បាស់នូវវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសបច្ចេកវិទ្យាយុទ្ធសាស្ត្រដែលបង្កើតរូបរាងនៃសតវត្សរ៍ទី ២១ រួមទាំងបញ្ញាសិប្បនិម្មិត បន្ទះឈីបសឹមីកុងឌុចទ័រ បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាជីវសាស្ត្រ ថាមពលស្អាត និងផលិតកម្មឆ្លាតវៃ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា៖

«កសាងលំហសហប្រតិបត្តិការថ្មីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាតាមរយៈគម្រោងទ្រង់ទ្រាយធំ និងយន្តការសហប្រតិបត្តិការរយៈពេលវែង ដោយជំរុញការបង្កើតភាពជាដៃគូឌីជី
ថលវៀតណាម-ឥណ្ឌា។ ជំរុញគំរូ «ការស្រាវជ្រាវរួមគ្នា ការអភិវឌ្ឍរួមគ្នា ការផលិតរួមគ្នា» ដើម្បីបង្កើតផលិតផលបច្ចេកវិទ្យាដែលមានម៉ាកយីហោរួមគ្នា មានសមត្ថភាពចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។ សហគ្រាសនៃប្រទេសទាំងពីរត្រូវត្រួសត្រាយផ្លូវ និងវិនិយោគយ៉ាងក្លាហាននៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍន៍ ព្រមទាំងចូលរួមក្នុងការកសាងគម្រោងសហប្រតិបត្តិការជានិមិត្តរូប តាមនោះនាំឱ្យទំនាក់ទំនងវៀតណាម-ឥណ្ឌាកាន់តែស៊ីជម្រៅតាមរយៈការតភ្ជាប់ផលិតកម្ម ការផ្ទេរបច្ចេកវិទ្យា និងការចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល»។

ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម និងរដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា បានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យា
ល័យ សមាគម និងសហគ្រាសនានា ក្នុងការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៃប្រទេសទាំងពីរ៕