នៅចំពោះមុខសន្និសីទពិនិត្យលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) កាលពីសប្តាហ៍​កន្លងទៅ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានសន្និសីទ បានជួបជាមួយសារព័ត៌មានអន្តរជាតិ។

ថ្លែងនៅក្នុង​សន្និសីទ ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានសង្កត់ធ្ងន់ថា សន្និសីទ​ត្រួត​ពិនិត្យ NPT លើកទី ១១ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាពិសេសនៅក្នុងបរិបទដែល​សន្តិសុខ​សកល​មានការវិវឌ្ឍដ៏ស្មុគស្មាញជាបន្តបន្ទាប់ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រកើនឡើងរវាងមហាអំណាចធំៗ ខណៈដែលយន្តការ​ពហុភាគីស្តីពីការ​​គ្រប់គ្រងអាវុធនិងការ​រំសាយអាវុធ​កំពុង​ជួប​ប្រទះ​​នឹង​បញ្ហា​​ប្រឈម​ជា​ច្រើន​។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បី​កាន់តំណែងជាប្រធានសន្និសីទ​ត្រួតពិនិត្យ NPT លើកទី១១។

ដោយឆ្លើយសំណួរពីសារព័ត៌មានអន្តរជាតិ ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បាន​គូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការ​ជំរុញវិធានការជាក់​ស្តែងក្នុងវិស័យរំសាយសព្វាវុធ បង្កើនតម្លាភាព កសាងទំនុកចិត្ត និងកាត់បន្ថយហានិភ័យ​នុយក្លេអ៊ែរ​។ ក្នុងវិស័យមិនរីកសាយអាវុធនុយក្លេអ៊ែរ ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើតួនាទីនៃយន្តការត្រួតពិនិត្យ ដោយបញ្ជាក់ថា សិទ្ធិទទួលបាន​បច្ចេកវិទ្យានុយ​ក្លេអ៊ែ​រ​ស​ម្រាប់គោលបំណងសន្តិភាព​របស់បណ្តា​ប្រទេស ត្រូវ​ការធានា ស្របតាមស្តង់ដារសុវត្ថិភាព សន្តិសុខ និងការមិនរីកសាយអាវុធ​នុយក្លេអ៊ែរ​៕​

សន្ធិសញ្ញា NPT ត្រូវបាន​ចុះហត្ថលេខានៅឆ្នាំ ១៩៦៨ ចូលជាធរមាននៅឆ្នាំ ១៩៧០ ហើយបច្ចុប្បន្នមាន​ប្រទេសសមាជិកចំនួន ១៩១​។ នេះគឺជាសន្ធិសញ្ញា​អន្តរជាតិ​ជា​មូ​ល​ដ្ឋា​ន​នៃសណ្តាប់ធ្នាប់សន្តិសុខសកលនាបច្ចុប្បន្ន ដោយ​មានសសរស្តម្ភសំខាន់ចំនួនបី៖ ការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ; ជំរុញការរំសាយអាវុធនុយក្លេអ៊ែរ; និងធានាសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព៕​