ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ដាំង ហ័ងយ៉ាង ប្រធាន SOM អាស៊ាន វៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។

យោងតាមលោកអនុរដ្ឋមន្ត្រី ដាំង ហ័ងយ៉ាង គោលដៅចម្បងនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង គឺដើម្បីបង្កើនតួនាទីជា “ស្ពាន” របស់វៀតណាម ចូលរួមចំណែកទិសដៅជាក់ស្តែង និងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ វៀតណាមនឹងផ្តោតលើអាទិភាពសំខាន់ៗដូចជា៖

+ ដំបូងបង្អស់ វៀតណាមនឹងរួមជាមួយបណ្តាប្រទេស ជំរុញរបៀបអភិក្រមជាក់ស្តែង មានតុល្យភាព និងផ្តោតលើលទ្ធផលក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ វៀតណាមក៏នឹងជំរុញរាល់គំនិតផ្តួចផ្តើមដែលអាចធ្វើទៅបានខ្ពស់ ដែលស្របនឹងតម្រូវការរបស់អាស៊ាន ស្របតាមប្រៀបខ្លាំងរបស់រុស្ស៊ី និងឆ្លើយតបនឹងតម្រូវការនៃស្ថានភាពបច្ចុប្បន្ន។

+ ទីពីរ វៀតណាមសង្ឃឹមថា នឹងចូលរួមចំណែកក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងតំបន់អាស៊ី-អឺរ៉ុប។ នេះគឺជាទិសដៅសហប្រតិបត្តិការជាក់ស្តែង ជួយទំនាក់ទំនងអាស៊ាន-រុស្ស៊ីមិនត្រឹមតែស្ថិតក្នុងការផ្លាស់ប្តូរនយោបាយប៉ុណ្ណោះទេ ថែមទាំងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់អាជីវកម្ម មូលដ្ឋាន និងប្រជាជននៃភាគីទាំងពីរ។

+ ទីបី វៀតណាមនឹងរួមជាមួយបណ្តាប្រទេសផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍ។

ឆ្លើយតបទៅនឹងសំណួរអំពីបញ្ហាសំខាន់ៗ ក៏ដូចជាអត្ថន័យ និងវិសាលភាពនៃព្រឹត្តិការណ៍សម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី អនុរដ្ឋមន្ត្រី លោកដាំង ហ័ង​យ៉ាង បានឲ្យដឹងថា សន្និសីទនេះបង្ហាញពីការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់បំផុតរបស់ភាគីទាំងពីរចំពោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ដោយបង្ហាញពីការយកចិត្តទុកដាក់របស់រុស្ស៊ីចំពោះតួនាទីស្នូលរបស់អាស៊ាន ក្នុងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាការយកចិត្តទុកដាក់របស់អាស៊ានចំពោះតួនាទី និងឋានៈរបស់រុស្ស៊ីនៅក្នុងតំបន់ និងពិភពលោក។ សន្និសីទនេះនឹងផ្តោតលើចំណុចសំខាន់ៗចំនួនបី៖ ការពិនិត្យឡើងវិញយ៉ាងទូលំទូលាយនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ីក្នុងរយៈពេលកន្លងមក; ការផ្លាស់ប្តូរស៊ីជម្រៅរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៊ីលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួម; សន្និសីទគ្រោងនឹងអនុម័តឯកសារសំខាន់ៗ ដែលណែនាំកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី ក្នុងរយៈពេលខាងមុខ ដើម្បីបំពេញឲ្យបានល្អជាងតម្រូវការអភិវឌ្ឍន៍របស់អាស៊ាន និងរុស្ស៊ី ក្នុងបរិបទថ្មី៕