នៅក្នុងយុទ្ធសាស្ត្រនេះ ទីក្រុងរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ នេះបើតាមការចែករំលែករបស់លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Huu Huan អនុប្រធានស្ថាប័នប្រតិបត្តិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ នៅក្នុងព្រឹត្តិការណ៍មួយក្រោមប្រធានបទ "មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ - ឱកាសណាសម្រាប់សហគ្រាស" ដែលបានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី ១៦ ខែឧសភា នៅទីក្រុងហូជីមិញ។

យោងតាមផែនការមេ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញនឹងលាតសន្ធឹងលើផ្ទៃដីជិត ៩៨៩ ហិកតា ដែលគ្របដណ្ដប់មួយផ្នែកនៃសង្កាត់ Sai Gon សង្កាត់ Ben Thanh និងសង្កាត់ Thu Thiem ទាំងមូល។ លក្ខណៈពិសេសគឺថាតំបន់នេះនឹងដំណើរការក្រោមក្របខ័ណ្ឌច្បាប់ផ្ទាល់ខ្លួន ស្រដៀងគ្នាទៅនឹងគំរូនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។

ទិសដៅមួយដែលទីក្រុងបានកំណត់គឺការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុនាវាចរណ៍អន្តរជាតិ ដោយមានគោលដៅនាំយកប្រហែល ៣០% នៃតម្លៃប្រតិបត្តិការហិរញ្ញវត្ថុនាវាចរណ៍មកកាន់ប្រទេសវៀតណាមក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលស្មើនឹងប្រហែល ៣០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

ទីក្រុងហូជីមិញក៏ផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងទ្រព្យសកម្មឌីជីថលផងដែរ។ ទីក្រុងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអគារ Marina IFC ហើយកំពុងសហការជាមួយផ្សារហ៊ុនទីក្រុងឡុងដ៍ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាហិរញ្ញវត្ថុ។

នៅក្នុងយុទ្ធសាស្ត្ររយៈពេលវែង ទីក្រុងហូជីមិញកំពុងពន្លឿនការសាងសង់ផ្សារហ៊ុនអន្តរជាតិ ដោយមានការគាំទ្រពី Nasdaq និងផ្សារហ៊ុនទីក្រុងឡុងដ៍។ ទីក្រុងហូជីមិញបានដាក់ចេញគោលដៅ បង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ប្រហែល ៥០ និងបង្កើតការងារដែលមានគុណភាពខ្ពស់ចំនួន ១០ ម៉ឺនទៅ២០ម៉ឺន នៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ៕