នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃរដ្ឋភាគីសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡាន អាញ់ អនុប្រធានបណ្ឌិត្យសភាការទូត បេក្ខភាពរបស់វៀតណាម ត្រូវបានជ្រើសតាំងជាចៅក្រមនៃតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិឆ្នាំ ២០២៦- ២០៣៥ ជាមួយនឹងចំនួនសំឡេងឆ្នោតគាំទ្រខ្ពស់បំផុតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

នេះជាលើកដំបូងដែលវៀតណាមបានឈរឈ្មោះ និងមានតំណាងនៅ ITLOS ចាប់តាំងពីតុលាការបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ១៩៩៦ មក។ ការដែលសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធីឡានអាញ់ ជាប់ឆ្នោតជាមួយនឹងសំឡេងគាំទ្រខ្ពស់ បន្ទាប់ពីការបោះឆ្នោតជុំទីមួយ បង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិលើឋានៈនិងតួនាទីរបស់វៀតណាម ហើយជាសក្ខីភាពបញ្ជាក់ពីជំហានអភិវឌ្ឍន៍ថ្មី នៃគោលនយោបាយការបរទេសពហុភាគី និងការធ្វើសមាហរណកម្មច្បាប់អន្តរជាតិរបស់ប្រទេសជាតិ។

ទន្ទឹមជាមួយគ្នានេះ ជោគជ័យនេះ ក៏បានបញ្ជាក់ពីការវាយតម្លៃវិជ្ជមានរបស់ប្រទេសជាសមាជិក UNCLOS ទាក់ទងនឹងការចូលរួមចំណែកយ៉ាងសំខាន់កាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងស្ថាប័នអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ បន្ទាប់ពីជាប់ឆ្នោត លោកស្រី សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ធី ឡានអាញ់ នឹងបំពេញភារកិច្ចជាចៅក្រម ITLOS ស្របតាមគោលការណ៍នៃឯករាជ្យភាព និងភាពមិនលំអៀងដែលមានចែងក្នុងលក្ខន្តិកៈរបស់តុលាការ តាមនោះ ជំរុញការអនុវត្តអនុសញ្ញាប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសណ្តាប់ធ្នាប់ផ្លូវច្បាប់នៅសមុទ្រ។

ក្នុងនាមជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវឧត្តមភាពនៃច្បាប់អន្តរជាតិជានិច្ច គាំទ្រធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS ឆ្នាំ ១៩៨២ វៀតណាមនឹងបន្តរួមជាមួយប្រទេសជាសមាជិកដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញាឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោះស្រាយជម្លោះដោយសន្តិវិធី បង្កើនកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ និងរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសមុទ្រ និងមហាសមុទ្រ៕