តំណាងជាច្រើនចាត់ទុកថា ចំណុចសំខាន់នៃអាណត្តិនេះគឺការកសាង "រណសិរ្សឌីជីថល" ដោយអនុវត្តន៍បច្ចេកវិទ្យាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនឱ្យលឿនជាងមុន ទាន់ពេលវេលាជាងមុន និងមានប្រសិទ្ធភាពជាងមុន។ លោក Kieu My នាយកវិទ្យាស្ថានបញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថល (AITI) បានស្នើថា៖
“បច្ចុប្បន្ន យុវជនឬប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល កម្រចូលប្រើគេហទំព័រអេឡិចត្រូនិក ដូច្នេះរណសិរ្សអាចរួមបញ្ចូលតាមរយៈវេទិកាបណ្ដាញទំនាក់ទំនងសង្គមដូចជា Zalo, TikTok ឬ Facebook។ ហើយក្នុងពេលជាមួយគ្នានេះ អាចបញ្ចូលគ្នានូវបណ្តាញប្រពៃណីដូចជា SMS... នៅពេលនោះ យើងនឹងមិនបំភ្លេចចោលពលរដ្ឋណាម្នាក់ឡើយ សូម្បីតែមនុស្សចាស់ ឬប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលក៏ដោយ ក៏អាចបញ្ចេញសំឡេងរបស់ពួកគេ ផ្ញើវាទៅរណសិរ្សពីគ្រប់ទីកន្លែងនៅក្នុងប្រទេស”។
ចូលរួមមហាសន្និបាតលើកនេះ លោក Tran Ba Phuc ប្រធានសមាគមសហគ្រិនវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី បានស្នើដំណោះស្រាយជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនង និងរួបរួមជនជាតិវៀតណាមនៅក្រៅប្រទេស ឲ្យងាកមករកស្រុកកំណើតនិងរួមវិភាគទានសម្រាប់ប្រទេសជាតិ៖
“សហគមន៍ជនវៀតណាមនៅក្រៅប្រទេស សុទ្ធតែងាកមករកស្រុកកំណើតវៀតណាមដែរ ហើយចង់រួមចំណែកអ្វីមួយដល់ការអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំគិតថា សហគមន៍ជនវៀតណាមនៅក្រៅប្រទេសគឺជាស្ពានមិត្តភាពដ៏ល្អរវាងវៀតណាម និងពិភពលោក។ ខ្ញុំរំពឹងថា មហាសន្និបាតនឹងមានគោលនយោបាយជាច្រើនដើម្បីអំពាវនាវ និងបង្កើតឱកាសសម្រាប់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស និងយុវជនជំនាន់ក្រោយដើម្បីចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍប្រទេសជាតិនៅក្នុងយុគសម័យថ្មី”។
តំណាងទាំងអស់ជឿជាក់ថា ជាមួយនឹងស្មារតីនៃ "សាមគ្គីភាព - ប្រជាធិបតេយ្យ - នវានុវត្តន៍ - ច្នៃប្រឌិត - អភិវឌ្ឍន៍" មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី ១១ នឹងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី សម្រាប់ការងាររណសិរ្ស ដែលសកម្មភាពទាំងអស់នឹងឆ្ពោះទៅរកមូលដ្ឋាន ដោយយកសុភមង្គល និងការពេញចិត្តរបស់ប្រជាជនជាគោលដៅ៕
