លោកឧត្តមសេនីយ៍ឯក Nguyen Van Gau អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើជាសហប្រធានក្នុងពិធីនេះ។ អញ្ជើញចូលរួមក្នុងពិធីក៏មានវត្តមានឧត្តមសេនីយ៍ នាយទាហាននៃកងទ័ពប្រជាជនវៀតណាម តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ានី ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងប្រតិភូរាប់រយនាក់ ដែលជាមន្ត្រី កងកម្លាំងប្រដាប់អាវុធ និស្សិត និងតំណាងសហគមន៍ក្នុងតំបន់ផងដែរ។ ថ្លែងនៅក្នុងពិធីសម្ពោធ លោកឧត្តមសេនីយ៍ឯក Nguyen Van Gau បានសង្កត់ធ្ងន់ថា៖
«ខ្ញុំជឿជាក់ថា ស្ដូបមិត្តភាពវៀតណាម-កម្ពុជានេះ នឹងបន្តក្លាយជាអាស័យដ្ឋានក្រហម ដើម្បីអប់រំអំពីប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាពអន្តរជាតិ និងចំណងមិត្តភាពពិសេសរវាងប្រជាជាតិទាំងពីរ; ជាកន្លែងសម្រាប់ជំនាន់យុវជនវៀតណាមនិងកម្ពុជា អាចយល់ដឹងកាន់តែច្បាស់អំពីទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន តម្លៃនៃសន្តិភាព ឯករាជ្យ សេរីភាព និងកិច្ចសហប្រតិបត្តិការដ៏ស្មោះស្ម័គ្ររវាងប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជា»។
រីឯខ្លួនវិញ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអះអាងថា ស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តពោធិ៍សាត់ គឺជាសក្ខីភាពនៃការដឹងគុណ និងការចងចាំអំពីពលីកម្មរបស់មនុស្សជំនាន់មុនៗ ដែលបានពលីជីវិតដើម្បីរំដោះប្រជាជាតិនៃប្រទេសទាំងពីរ។ នេះក៏ជាការបង្ហាញជាក់ស្តែងនៃការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកប្រពៃណី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ព និងប្រជាជនវៀតណាម-កម្ពុជា ដោយឆ្ពោះទៅរកការអភិវឌ្ឍកាន់តែរឹងមាំ ខ្លាំងក្លា និងយូរអង្វែងនាពេលអនាគត៕
