នៅព្រឹកថ្ងៃទី១២ ខែឧសភា នៅមជ្ឈមណ្ឌលផ្សាយសំឡេងជាតិ ទីក្រុងហាណូយ លោក ដុង ម៉ាញហ៊ុង ប្រធានលេខាធិការដ្ឋានទទួលបន្ទុកការនិពន្ធ និងជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតនៃវិទ្យុសំឡេងវៀតណាម (VOV) បានទទួលជួបគណៈប្រតិភូក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) ដែលបានទៅទស្សនានិងធ្វើការជាមួយវិទ្យុសំឡេងវៀតណាម។

ថ្លែងនៅក្នុងជំនួបធ្វើការ លោក ដុង ម៉ាញហ៊ុង ប្រធានលេខាធិការដ្ឋានទទួលបន្ទុកការនិពន្ធ និងជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវិទ្យុសំឡេងវៀតណាម (VOV) បានឲ្យដឹងថា បច្ចុប្បន្ន VOV ដើរតួនាទីជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានពហុមេឌៀដ៏ឈានមុខគេនៅវៀតណាម។ ក្រៅពីផលិតស្នាដៃសារព័ត៌មានដែលផ្សាយតាមរលកវិទ្យុប្រពៃណី VOV ក៏បង្ហោះផលិតផលរបស់ខ្លួនលើវេទិកាសង្គម និងវេទិកាឆ្លងដែន ដើម្បីខិតជិតដល់ទស្សនិកជននិងមិត្តអ្នកស្ដាប់កាន់តែច្រើន។ បេសកកម្មស្នូលរបស់សមាគមអ្នកកាសែត VOV គឺការបណ្តុះបណ្តាល និងណែនាំ អំពីជំនាញសារព័ត៌មាន និងការពារសិទ្ធិរបស់អ្នកកាសែត តាមនោះបង្កើតលក្ខខណ្ឌសម្រាប់អ្នកកាសែតក្នុងការរាយការណ៍បានយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា។

រីឯខ្លួនវិញ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានសម្ដែងគោលបំណងចង់ផ្លាស់ប្តូរព័ត៌មានជាមួយវិទ្យុសំឡេងវៀតណាម (VOV) តាមរយៈកម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងជីវភាពប្រចាំថ្ងៃ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃភាគីទាំងពីរ។ លោក ពុយ គា​ បានឲ្យដឹងថា៖

“ថ្ងៃនេះ យើងបានធ្វើទស្សនកិច្ចនៅបឹងខាងលិច ហើយបានមើលឃើញថា ការការពារបរិស្ថានរបស់អ្នក ត្រូវបានអនុវត្តន៍យ៉ាង​ល្អណាស់។ ហើយថ្ងៃស្អែកយើងនឹងទៅទស្សនាខេត្ត និញប៊ិញ ដែលជាទីកន្លែងដ៏ស្រស់ស្អាតមួយទៀតដែរ។ យើងនឹងផ្ដល់ព័ត៌មានអំពីទេសភាពធម្មជាតិ និងបរិស្ថាននៅក្នុងប្រទេសវៀតណាមដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងពេលជាមួយគ្នានោះ ខ្ញុំក៏មានបំណងចង់រៀនបទពិសោធន៍សារព័ត៌មានរបស់វិទ្យុសំឡេងវៀតណាម ដើម្បីចែករំលែកជាមួយអ្នកកាសែតកម្ពុជាផងដែរ”៕