Ngu My Thanh គឺជាភូមិនេសាទដ៏ល្បីល្បាញមួយកន្លែងនៅលើបឹង Tam Giang ទីក្រុងហ្វេ។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីបឹងដ៏ពិសេស ទេសភាពធម្មជាតិដ៏សុខដុមរមនា និងរបៀបរស់នៅ
បែបប្រពៃណីនៃសហគមន៍អ្នកនេសាទ Ngu My Thanh បាននិងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ។
មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហ្វេ ភូមិនេសាទ Ngu My Thanh នៅក្នុងឃុំ Dan Dien គឺជាភូមិនេសាទមួយដែលស្ថិតនៅជាប់នឹងបឹង Tam Giang ដោយមានចំនួនប្រជាជនជាង ២៥០ គ្រួសារដែលរកស៊ីដោយការប្រកបរបរនេសាទនៅលើបឹងនេះ។
យោងតាមព្រឹទ្ធាចារ្យភូមិ Ngu My Thanh ដើមឡើយ ជាភូមិនេសាទតូចមួយនៅលើបឹង Tam Giang ដែលបានបង្កើតឡើងនៅក្នុងប៉ុន្មានឆ្នាំដើមសតវត្សរ៍ទី ១៩។ លោក Van Huu Sang នាយកសហករណ៍ទេសចរណ៍និងសេវាកម្មសហគមន៍ Tam Giang – Quang Loi បានឲ្យដឹងថា៖
«កាលពីមុន ប្រជាជននៅភូមិនេសាទ Ngu My Thanh រស់នៅរសាត់អណ្ដែតនៅលើទូក ដោយធ្វើការនេសាទនៅលើបឹង ពីជំនាន់មួយទៅជំនាន់មួយ។ ក្រោយពីឆ្នាំ១៩៩០ ប្រជាជនបានផ្លាស់ទី ឡើងដីគោក ហើយបានកសាងជីវិតថ្មី រហូតដល់សព្វថ្ងៃនេះ ដោយដាក់ឈ្មោះភូមិជាផ្លូវការថា «Ngu My Thanh»។ តំបន់បឹងនេះពិតជាស្រស់ស្អាតណាស់ ដោយត្រូវបានធម្មជាតិប្រទានពរជាច្រើន»។
ភ្ញៀវទេសចរពេលដែលមកដល់ភូមិនេសាទ Ngu My Thanh អាចគយគន់ទេសភាពអរុណ្យរះ និងថ្ងៃអស្តង្គត់ដ៏រ៉ូមែនទិកលើបឹង Tam Giang ដែលព័ទ្ធជុំវិញដោយព្រៃកោងកាងធំៗ; ទស្សនា និងស្វែងយល់អំពីជលផល អាហារសមុទ្រ និងសត្វស្លាបនៅលើបឹង; សាកល្បងការបង់សំណាញ់ ដាក់អន្ទាក់សម្រាប់ចាប់បង្គា និងត្រី ចាប់ខ្យង និងចែកទូក SUP លើបឹង ក៏ដូចជា ស្វែងយល់អំពី
ជីវភាពរស់នៅរបស់អ្នកស្រុកនិងសកម្មភាពនៃភូមិសិប្បកម្មផងដែរ។
មកដល់ភូមិ Ngu My Thanh គឺមកដល់ភូមិនេសាទមួយក្នុងតំបន់បឹង Tam Giang ជាមួយ
នឹងរបៀបរស់នៅសាមញ្ញនិងកក់ក្តៅ ដែលនៅតែត្រូវបានថែរក្សាក្នុងការងារប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះ ដូចជាការត្បាញសំណាញ់ និងចាប់អាហារសមុទ្រដោយប្រើឧបករណ៍នេសាទសាមញ្ញៗ។ នោះក៏ជាប្រធានបទនៃផ្ទាំងគំនូរនៅភូមិគំនូរជញ្ជាំង Ngu My Thanh ផងដែរ។ នៅទីនេះ គំនូរជញ្ជាំងពណ៌ចម្រុះជាងដប់ផ្ទាំង បានជំនួសជញ្ជាំងចាស់ៗ ហើយធ្វើឱ្យផ្លូវ និងរបងបេតុងនៅក្នុងភូមិមានភាពទន់ភ្លន់ជាងមុន។ លោក Van Huu Sang នាយកសហករណ៍ទេសចរណ៍សេវាកម្មសហគមន៍ Tam Giang – Quang Loi បានចែករំលែកថា៖
“នាពេលខាងមុខ នឹងចូលដល់រដូវវស្សានៅទីក្រុងហ្វេ។ បន្ទាប់ពីរដូវវស្សា គំនូរជញ្ជាំងនៅក្នុងភូមិ Ngu My Thanhនឹ ងត្រូវបានគូរឡើងវិញដើម្បីឱ្យវាកាន់តែរស់រវើក និងដើម្បីផ្សព្វផ្សាយអំពីបឹង Tam Giang។”
លក្ខណៈពិសេសដ៏លេចធ្លោមួយនៃភូមិ Ngu My Thanh គឺផ្សារអណ្តែតទឹក។ ផ្សារជាធម្មតាបើក
ចាប់ពីម៉ោង ៤ ដល់ម៉ោង ៧ ព្រឹក នៅពេលដែលអ្នកនេសាទវិលត្រឡប់មកវិញបន្ទាប់ពីធ្វើការពេញមួយយប់នៅលើបឹង។ ជលផលស្រស់ៗដូចជា ត្រី បង្គារ ក្តាម អន្ទង់ ជាដើម ត្រូវបានជួញដូរនៅលើផ្ទៃទឹកភ្លាមៗ ដែលបង្កើតជាទិដ្ឋភាពដ៏មមាញឹក ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈជនបទ និងសាមញ្ញនៃជីវភាពនេសាទនៅតំបន់ភាគកណ្ដាល។ លោក Phan Van Ty ជាអ្នកស្រុកនៃភូមិនេសាទ Ngu My Thanh បាននិយាយថា៖
"នៅក្នុងភូមិនេសាទ Ngu My Thanh អ្នកទេសចរអាចប្រាស្រ័យទាក់ទងជាមួយអ្នកស្រុក។ ប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ និងស្វាគមន៍អ្នកទេសចរដោយយកចិត្តទុកដាក់ណាស់"។
រូបភាពបឹងដ៏ធំល្វឹងល្វើយ រ៉ូមែនទិក រួមជាមួយនឹងរបៀបរស់នៅសាមញ្ញតាមដងទន្លេរបស់
ប្រជាជននៃភូមិនេសាទ Ngu My Thanh បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីគ្រប់ទិសទី។
«ពេលមកដល់ភូមិនេសាទនេះ ខ្ញុំអាចទទួលបានអារម្មណ៍នៃភាពសុខសាន្តត្រាណនិងស្រស់ស្រាយ។ ខ្យល់អាកាសនៅទីនេះក៏ល្អបរិសុទ្ធដែរ។ ខ្ញុំនឹងត្រឡប់មកទីនេះវិញ»។
«ពេលមកដល់ភូមិនេសាទ ខ្ញុំបានសម្របខ្លួននៅក្នុងទេសភាពធម្មជាតិនៃបឹង ដូច្នេះខ្ញុំពិតជា
មានអារម្មណ៍ធូរស្រាល និងមានផាសុកភាពម៉ែនទែន។ ខ្ញុំក៏បានស្វែងយល់បន្ថែមអំពីជីវភាពនៅក្នុងបឹង Tam Giang ផងដែរ។ ខ្ញុំនឹងនាំមិត្តភក្តិ មកដល់ភូមិនេសាទនេះ»។
ពីភូមិនេសាទមួយនៅលើបឹង Tam Giang ដែលផ្សាភ្ជាប់នឹងទន្លេ ភូមិ Ngu My Thanh បានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្លាយជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងវប្បធម៌នៃតំបន់បឹងដ៏ល្បីល្បាញនៃទីក្រុងហ្វេ៕
