ភូមិនេះនៅតែរក្សាបាននូវស្លាកស្នាមជាច្រើននៃអណ្តូងថ្មបុរាណ ផ្លូវថ្ម កំពែងថ្ម ជញ្ជាំងថ្ម និងផ្ទះថ្មបុរាណផងដែរ។ "ភូមិនៃថ្ម" បច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនដោយសារតែលក្ខណៈពិសេសតែមួយគត់ ហើយបានក្លាយជាគោលដៅថ្មីថ្មោងមួយក្នុងដំណើររុករកខេត្ត ភូអៀន ចាស់ (ឥឡូវជាខេត្តដាក់ឡាក់)។
គ្មានសំបុត្រចូលទេ មានតែលំហនៃថ្មប៉ុណ្ណោះ អ្នកណាដែលមកទស្សនារមណីយដ្ឋានជួរថ្ម Da Dia នឹងឆ្លងកាត់ភូមិថ្ម Phu Hanh។ ថ្មីៗនេះ ភូមិស្រាប់តែល្បីល្បាញតាមបណ្ដាញអ៊ីនធឺណិត និងទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីទាំងជិតទាំងឆ្ងាយឱ្យមករុករកលំហនៃថ្ម។ ទីនេះមិនត្រឹមតែមានទេសភាពធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវស្លាកស្នាមបុរមបុរាណជាច្រើនទៀតផង។ ប្រការដ៏ពិសេសគឺថា ភូមិនេះនៅតែរក្សាបាននូវអណ្តូងថ្មបុរាណដែលតែងតែមានទឹកត្រជាក់ផ្អែមពេញជានិច្ច។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងវប្បធម៌ លោក Nguyen Danh Hanh នៅពេលមកស្ទង់មើលបេតិកភណ្ឌថ្មនៃភូមិ Phu Hanh បានវាយតម្លៃអំពីអណ្តូងថ្មបុរាណទាំងនេះយ៉ាងដូច្នេះថា៖
“តាមរយៈការស្រាវជ្រាវ យើងបានរកឃើញថា អណ្តូងទាំងនេះមានអាយុកាលយ៉ាងហោចណាស់ ២០០ ឆ្នាំ។ ខ្ញុំគិតថា យើងត្រូវការអភិរក្ស ដើម្បីឲ្យនៅពេលអនាគត យើងមិនត្រឹមតែអាចស្វែងយល់បន្ថែមអំពីសម័យកាលប្រវត្តិសាស្ត្ររបស់ជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងបម្រើដល់ការអភិវឌ្ឍទេសចរណ៍ទៀតផង”។
នៅពេលមកដល់ Phu Hanh មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញដោយផ្ទាល់ភ្នែកនូវផ្ទះដែលរៀបពីថ្ម ទ្រុងបសុសត្វដែលធ្វើពីថ្មទាំងស្រុង រហូតដល់ផ្នូរថ្មផងដែរ។ ជញ្ជាំងថ្មមួយចំនួននៅទីនេះត្រូវបានអ្នកស្រុក ប្រែក្លាយទៅជា “កំពែង” ជុំវិញសួនចំការ និងផ្ទះ ដែលបង្កើតជាទេសភាពដូចនៅសម័យបុរេប្រវត្តិអញ្ចឹង។ ទាំងអស់នេះ បានលាយបញ្ចូលគ្នាដើម្បីបង្កើតជាលំហនៃភូមិបេតិកភណ្ឌថ្ម។
នៅភូមិ Phu Hanh មានផ្លូវថ្មបុរាណមួយ ដែលនាំទៅដល់ទីទួលទាបដោយមានឈ្មោះថា ទួលភ្នំ Co Thach។ ពីទួលនេះ ដោយងាកមើលទៅសមុទ្រ អ្នកអាចមើលឃើញកោះ Hon Yen ឈូងសមុទ្រ Xuan Dai និងឆ្នេរសមុទ្រ Co Thach ទាំងស្រុង។ ភ្ញៀវទេសចរពេលមកទីនេះ សុទ្ធតែមានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ លោក Nguyen Chi Tuong ភ្ញៀចទេសចរមកពីខេត្តដុងណៃ និងលោក Nguyen Huu Nhan មកពីខេត្តដាក់ឡាក់ បានចែករំលែកចំណាប់អារម្មណ៍របស់ខ្លួនថា៖
"ទួលភ្នំ Co Thach នេះពិតជាស្រស់ស្អាតខ្លាំងម៉ែនទែន ហើយបុរាណដូចអឺរ៉ុបអញ្ចឹង។ ខ្ញុំមានការចាប់អារម្មណ៍ចំពោះជួរថ្ម ដែលត្រូវបានរៀបជាស្រទាប់មួយទៅស្រទាប់មួយ។ វាទាក់ទាញខ្លាំងណាស់។ ដំណើរកំសាន្តមកទីនេះពិតជាអស្ចារ្យ”។
"ខ្ញុំបានមើលនៅលើ TikTok ហើយគិតថាវាស្រស់ស្អាតណាស់ ដូច្នេះខ្ញុំបានមកទស្សនាដោយផ្ទាល់ ហើយវាពិតជាស្រស់ស្អាតម៉ែនទែន។ ថ្មនៅខាងក្រោមត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ហើយទិដ្ឋភាពពីលើកំពូលគឺអស្ចារ្យណាស់"។ លោក Nguyen Lau នៅភូមិ Phu Hanh ឃុំ Tuy An Dong ខេត្តដាក់ឡាក់
មានមោទនភាពយ៉ាងខ្លាំងចំពោះបេតិកភណ្ឌថ្មដែលនៅតែត្រូវបានថែរក្សានៅក្នុងភូមិ ហើយបច្ចុប្បន្នលោកកំពុងបម្រើភ្ញៀវទេសចរដែលមកទស្សនាភូមិថ្ម Phu Hanh។
"ភ្ញៀវទេសចរតែងតែទូរស័ព្ទមកខ្ញុំនៅពេលពួកគេមកទីនេះ។ ពេលឡើងទៅលើទួលភ្នំ Co Thach ពួកគេតែងតែសួរខ្ញុំថា ថ្មទាំងនេះជាប្រភេទថ្មអ្វី? ខ្ញុំបានប្រាប់គេថា នេះជាថ្មបុរាណ។ កាលពីមុន ជីដូនជីតារៀបថ្មដោយគ្មានស៊ីម៉ង់ត៍ទេ ប៉ុន្តែវានៅតែជាប់រឹងមាំ។ រចនាសម្ព័ន្ធចាប់ពីពេលនោះរហូតមកដល់ពេលនេះនៅតែដដែល"។
កន្លែងជាច្រើននៅក្នុងភូមិ Phu Hanh នៅតែរក្សាបាននូវសំណង់ថ្មដែលផ្សាភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន។ នេះមិនត្រឹមតែជាសារមន្ទីរថ្មធម្មជាតិដែលមានវត្ថុបុរាណរាប់រយឆ្នាំប៉ុណ្ណោះទេ ថែមទាំងក៏ជាផ្ទាំងគំនូរធម្មជាតិតែមួយគត់ និងរស់រវើកដែលជួយភ្ញៀវទេសចរ អាចតភ្ជាប់ជាមួយប្រវត្តិសាស្ត្រ និងសម្រស់ដ៏បរិសុទ្ធនៃទឹកដីបេតិកភណ្ឌនេះទៀតផង។
នៅក្នុងលំហូរនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ប្រសិនបើ ជួរថ្ម Da Dia ជានិមិត្តរូបនៃអច្ឆរិយភាពភូគព្ភសាស្ត្រធម្មជាតិនោះ Phu Hanh គឺជានិមិត្តរូបនៃបញ្ញា អត្តសញ្ញាណ និងកម្លាំងរស់របស់ប្រជាជននៅតាមឆ្នេរសមុទ្រ។ នៅពេលដែលតម្លៃទាំងពីរនេះត្រូវបានតភ្ជាប់គ្នា កន្លែងនេះមិនត្រឹមតែជាគោលដៅនៃសម្រស់ដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ក្លាយជាលំហវប្បធម៌ដ៏រស់រវើក ជ្រាលជ្រៅ និងប្លែកពីគេរបស់ខេត្តដាក់ឡាក់និយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម៕
