ដោយមានដើមស្រល់បៃតងរាប់ពាន់ដើម អាកាសធាតុស្រស់ស្រាយ និងទេសភាពដ៏ស្រស់បំព្រង ទីនេះកំពុងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលចង់មកទស្សនាស្វែងយល់ពីតំបន់ភាគពាយ័ព្យវៀតណាម។ ទួលភ្នំស្រល់នេះត្រូវបានគណៈកម្មាធិការប្រជាជនខេត្តឡាយចូវ ទទួលស្គាល់ជាគោលដៅទេសចរណ៍ថ្នាក់ខេត្តនៅចុងឆ្នាំ ២០២៥ ដោយបង្កើតបន្ថែមផលិតផលទេសចរណ៍ពិសេសមួយសម្រាប់មូលដ្ឋាន។

ក្នុងឆមាសទី១នៃឆ្នាំ ២០២៦ ទេសចរណ៍ខេត្តឡាយចូវ បន្តរក្សាបាននូវសន្ទុះកំណើនវិជ្ជមាន។ ខេត្តនេះបានទទួលភ្ញៀវទេសចរជិត ១ លាននាក់ កើនឡើងប្រហែល ១២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ ប្រាក់ចំណូលពីសកម្មភាពទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៨៥៨ ពាន់លានដុង (៣២,៦ លានដុល្លារអាមេរិក) កើនឡើងជិត ២០%។ លទ្ធផលនេះបានបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍ និងការទទួលយកបទពិសោធន៍ពីធម្មជាតិ ក្នុងនោះមានគោលដៅថ្មីៗដូចជា ទីទួលភ្នំស្រល់ Than Uyen និងព្រៃស្រល់ភូមិ Chit ជាដើម។

មើលពីលើកំពូលទួលភ្នំ ទិដ្ឋភាពទូទៅនៃឃុំ Than Uyen បានលេចចេញយ៉ាងស្រស់ស្អាតនៅក្នុងជ្រលងភ្នំខាងក្រោម។ នៅឆ្ងាយៗមានវាលស្រែ Muong Than ដ៏ធំល្វឹងល្វើយ ជាវាលស្រែដ៏ស្រស់ស្អាតបំផុតមួយនៅតំបន់ភាគពាយ័ព្យ ដែលបង្កើតជាគំនូរធម្មជាតិដ៏រស់រវើក។

មិនត្រឹមតែមានព្រៃស្រល់ប៉ុណ្ណោះទេ តំបន់ទេសចរណ៍នេះ​ ក៏មានកម្រាលផ្កាចម្រុះពណ៌ តង់សម្រាកនៅកណ្ដាលព្រៃឈើ ផ្ទះឈើសហគមន៍ តំបន់បោះតង់ តំបន់ជប់លៀងកណ្ដាលវាល និងកន្លែង "ថតរូប check-in" ដ៏ពេញនិយមជាច្រើនសម្រាប់យុវជនផងដែរ។ ទាំងអស់នោះ ត្រូវបានរៀបចំយ៉ាងសុខដុមជាមួយទេសភាពធម្មជាតិ ដោយរក្សាដដែលនូវភាពសុខសាន្តដើមនៃទីទួលភ្នំនេះ។

លោកស្រី Hoang Kim Hieu អ្នកគ្រប់គ្រងតំបន់ទេសចរណ៍ទួលភ្នំស្រល់ Than Uyen បានចែករំលែកថា៖

"នៅពេលដែលភ្ញៀវទេសចរមកទីនេះ ពួកគេអាចរីករាយនឹងទេសភាពជួរដើមស្រល់ខ្ពស់ត្រដែត។ លើសពីនេះ យើងមានបន្ទប់ bungalow ដែលរចនាឡើងតាមបែបអឺរ៉ុប។ ក្រៅពីដើមស្រល់ អ្នកទេសចរក៏អាចមកថតរូបនៅសួនផ្កាផងដែរ។ សម្រាប់គ្រួសារនានា យើងមានស្រះចិញ្ចឹមត្រី Koi ជាកន្លែងដែលពួកគេអាចឲ្យចំណីត្រីស៊ី ហើយកុមារអាចលេងទោងនៅក្នុងទីធ្លាដ៏ធំទូលាយ"។

នៅចុងសប្តាហ៍ ក្រុមយុវជន ក្រុមគ្រួសារ និងសូម្បីតែភ្ញៀវទេសចរបរទេសក៏មកទីនេះសម្រាប់លេងកំសាន្ត បោះតង់ ឬគ្រាន់តែអង្គុយនៅក្រោមម្លប់ដើមស្រល់ រីករាយជាមួយកាហ្វេក្តៅមួយកែវ ក្នុងអាកាសធាតុត្រជាក់ស្រួលប៉ុណ្ណោះ។

អ្នកស្រី Tran Thi Hong ជាអ្នកទេសចរមកពីទីក្រុងហាណូយ បានចែករំលែកអារម្មណ៍ក្នុងដំណើរកំសាន្តជាលើកដំបូងមក Than Uyen ថា៖

"លើកដំបូងដែលខ្ញុំបានមកដល់ Than Uyen ហើយខ្ញុំឃើញថា បរិយាកាសត្រជាក់ស្រួល និងស្រស់ស្អាតខ្លាំងណាស់។ ធម្មជាតិគឺជិតស្និទ្ធនឹងមនុស្សមែនទែន"។

ភាពទាក់ទាញនៃទួលភ្នំស្រល់ មិនត្រឹមតែស្ថិតនៅក្នុងទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងអារម្មណ៍សុខសាន្តដែលកម្ររកឃើញទៀតផង។ គ្មានសូរសំឡេងស៊ីផ្លេរថយន្ត គ្មានផ្សែងធូលីទីក្រុង មានតែសំឡេងខ្យល់បក់ សំឡេងសត្វស្លាប និងក្លិនជ័រស្រល់ស្រាលៗនៅលើអាកាស។

នេះក៏ជាកន្លែងដ៏ល្អសម្រាប់ភ្ញៀវទេសចរទស្សនាទេសភាពអរុណរះ ឬសមុទ្រពពកនៅថ្ងៃដែលមានអាកាសធាតុអំណោយផល ឬថតរូបគួរឱ្យចាប់អារម្មណ៍នៅកណ្តាលព្រៃឈើដ៏ធំល្វឹងល្វើយនៃតំបន់ភាគពាយ័ព្យប្រទេសវៀតណាមផងដែរ។ អ្នកស្រី Lo Thi Thu Thao ជាអ្នកស្រុកម្នាក់ បានចែករំលែកថា៖

"មកដល់ទួលភ្នំស្រល់ Than Uyen ខ្ញុំអាចថតរូបបានយ៉ាងស្រស់ស្អាត។ ខ្យល់អាកាសនៅទីនេះត្រជាក់ស្រួលនិងស្រស់ស្រាយម៉ែនទែន។ នៅទីនេះ ខ្ញុំអាចប្រើប្រាស់សេវាកម្មថតរូប និងទទួលទានអាហារ។ លើសពីនេះ ក៏មានសេវាជួលសម្លៀកបំពាក់ជនជាតិភាគតិច ដែលមានការរចនាចម្រុះពណ៌ផងដែរ”។

ពីទួលភ្នំស្រល់ ភ្ញៀវទេសចរក៏អាចបន្តដំណើរទៅរុករកវាលស្រែ Muong Than អាងស្តុកទឹកវារីអគ្គិសនី Huoi Quang - Ban Chat ឬស្វែងយល់ពីបទពិសោធន៍វប្បធម៌របស់ជនជាតិថៃ និងម៉ុងនៅក្នុងឃុំ Thanh Uyen (ខេត្ត​ Lai Chau) ជាមួយនឹងរបាំ​ Xoe សូរសំឡេងគែន និងភ្លក់រស់ជាតិម្ហូបអាហារខ្ពង់រាបដ៏ពិសេសផងដែរ។ ប្រការនេះរួមចំណែកដល់ការបង្កើតខ្សែសង្វាក់ផលិតផលទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ និងវប្បធម៌កាន់តែពេញលេញសម្រាប់មូលដ្ឋាន។

ប្រសិនបើអ្នកមានឱកាសមកកាន់ខេត្ត ឡាយចូវ សូមចំណាយពេលព្រឹក ឬពេលរសៀលមួយពេល ដើម្បីទៅទស្សនាទួលភ្នំស្រល់ Than Uyen។ ដើម្បីស្តាប់សូរសំឡេងដើមស្រល់បក់យោលយោកក្នុងព្រៃឈើធំល្វឹងល្វើយ គយគន់ពពកអណ្តែតលើចង្កេះភ្នំ ហើយទទួលយកអារម្មណ៍អំពីតំបន់ភាគពាយ័ព្យដ៏ចម្លែកមួយ៖ ធូរស្រាល សុខសាន្ត ប៉ុន្តែមានភាពទាក់ទាញគ្រប់គ្រាន់ដើម្បីធ្វើឱ្យមនុស្សគ្រប់រូបចង់វិលត្រឡប់មកវិញច្រើនដងទៀត៕