នៅទីនេះមានបរិយាកាសស្ងប់ស្ងាត់ជាមួយនឹងបន្ទប់ bungalow ដែលស្ថិតនៅក្នុងព្រៃស្រល់ ទីលានវាយកូនហ្គោលខ្នាតតូច សកម្មភាព teambuilding បោះជុំរំ ល្បែងប្រពៃណី និងគំរូអប់រំបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិតដ៏សមស្របជាមួយនឹងសិស្សានុសិស្ស និងគ្រួសារដែលមានកូនតូចៗ។

តំបន់ទេសចរណ៍ Eduland Ba Vi ស្ថិតនៅជើងភ្នំ Ba Vi ដែលជាប់នឹងទន្លេ Da។ នៅខាងស្តាំជាប់នឹងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ K9 (កេរ្តិ៍ដំណែលពិសេសមួយដែលផ្សាភ្ជាប់នឹងជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ) ខណៈដែលខាងឆ្វេងជាប់នឹងវិហារ Hạ ដែលជាទីធ្វើសក្ការៈបូជាអាទិទេព Tan Vien។ មិនដូចរមណីយដ្ឋានដែលផ្តោតតែលើសេវាស្នាក់នៅនោះទេ Eduland Ba Vi បានកសាងប្រព័ន្ធអេកូឡូស៊ីបទពិសោធន៍ដែលផ្សាភ្ជាប់ទៅនឹងការអប់រំ។ លោក Ngo Van Phuc ប្រធានក្រុមប្រឹក្សាភិបាលនៃតំបន់ទេសចរណ៍ Eduland Ba Vi បានឲ្យដឹងថា៖

“សិស្សានុសិស្សដែលមកដល់ Eduland Ba Vi អាចទទួលយកបទពិសោធន៍អំពីបំណិនជីវិត បំណិនរស់រាន សកម្មភាពបង្ការអគ្គីភ័យ បង្ការការលង់ទឹក និងលេងល្បែងប្រជាប្រិយដែលភ្ជាប់ទៅនឹងឫសគល់ ហើយលើកកម្ពស់ឆន្ទៈ និងកម្លាំងចិត្តដើម្បីយកឈ្នះលើដែនកំណត់របស់ខ្លួនឯង។ បន្ទាប់ពីដំណើរនីមួយៗ ក្មួយៗនឹងមានអារម្មណ៍ដូចជា សេចក្តីប្រាថ្នាក្នុងជីវិតត្រូវបានបំផុសឡើងវិញ ហើយមានការតំរង់ទិសអាជីព។ យើងបានសហការជាមួយសម្ព័ន្ធយុវជនទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ឬសាលារៀននានា ដើម្បីរៀបចំសកម្មភាពដែលសមស្របទៅនឹងសមត្ថភាព និងតម្រូវការរបស់សិស្សានុសិស្ស”។

ដោយនាំកូនសិស្សទៅទស្សនា ទទួលយកបទពិសោធន៍នៅ Eduland Ba Vi អ្នកគ្រូ Dang Thi Van មកពីវិទ្យាល័យ Luong The Vinh ឃុំ Ba Vi ទីក្រុងហាណូយ បាននិយាយថា៖

“នៅទីនេះ មានល្បែងជាច្រើនដែលជួយសិស្សានុសិស្សសាកល្បងភាពវៃឆ្លាត ភាពអត់ធ្មត់ ស្មារតីសាមគ្គីភាព ក៏ដូចជាការអភិវឌ្ឍផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍ថា ការដាំបាយក្នុងឆ្នាំងដី ឬការចាប់អន្ទង់ក្នុងពាង។ សិស្សជាច្រើនមានឪពុកម្តាយដាំបាយនៅផ្ទះ ប៉ុន្តែនៅទីនេះ គ្រូបង្រៀនឱ្យពួកគេអនុវត្តន៍ដោយខ្លួនឯងដើម្បីមានបំណិនរស់រាន”។

ប្អូន Ly Viet Dung ជាសិស្សម្នាក់មកពីអនុវិទ្យាល័យ Thuong Nong ក្នុងឃុំ Tam Nong ខេត្ត Phu Tho បានចែករំលែកថា៖

“ការទស្សនានិងទទួលយកបទពិសោធន៍នៅទីនេះ ពិតជាមានប្រយោជន៍សម្រាប់ជីវភាពរស់នៅ ដោយជួយខ្ញុំឱ្យកែលម្អខ្លួនឯង ហើយផ្ដល់អត្តប្រយោជន៍ដល់ការសិក្សារបស់ខ្ញុំដែរ។ នៅទីនេះ មានស្ថានីយ៍សង្កេតមើល ដែលខ្ញុំអាចមើលឃើញតំបន់ទេសចរណ៍ Eduland Ba Vi ទាំងមូល។ ទេសភាពពិតជាស្រស់ស្អាតណាស់។ ខ្ញុំសង្ឃឹមថានឹងមានឱកាសទៅទស្សនាម្តងទៀតនៅពេលក្រោយ”។

ដោយនាំកូន មកទីនេះសម្រាប់ទទួលយកបទពិសោធន៍ អ្នកស្រី Nguyen Thi Thu Ha មកពីខេត្ត Phu Tho បានសម្តែងថា៖

“នេះជាបរិយាកាសពិតៗ។ ល្បែងប្រជាប្រិយអាចជួយកុមារឱ្យយល់ដឹងអំពីឫសគល់របស់ខ្លួន។ កុមារក៏អាចស្វែងយល់អំពីវប្បធម៌របស់បណ្ដាជនជាតិនៅប្រទេសវៀតណាមផងដែរ។ ឧទាហរណ៍ មានតំបន់ដាច់ដោយឡែកមួយដែលតាំងបង្ហាញវប្បធម៌របស់ជនជាតិ Dao”។

ក្រៅពីសកម្មភាពទទួលយកបទពិសោធន៍សម្រាប់សិស្សានុសិស្ស Eduland Ba Vi ក៏មានតំបន់វប្បធម៌ និងកីឡាផងដែរ។ នៅទីនោះមានសកម្មភាពយ៉ាងសម្បូរបែប ដូចជា៖ ការខ្ចប់តែផ្កាឈូក ហូបតែ Ba Trai សមាធិកណ្តឹង ថតរូបស្អាតៗ លេងកីឡា ឬចូលរួមសកម្មភាពជួបប្រាស្រ័យ តភ្ជាប់ទំនាក់ទំនងរវាងក្រុមគ្រួសារ អាជីវករ និងសហគមន៍ ជាដើម។ លោក Ngo Minh Duong នាយកប្រតិបត្តិនៃតំបន់ទេសចរណ៍ Eduland Ba Vi បានឲ្យដឹងថា៖

“បរិយាកាសសម្រាកលំហែកាយ លាយឡំជាមួយធម្មជាតិ។ ប្រព័ន្ធបន្ទប់ស្នាក់នៅ ចាប់ពី bungalow រហូតដល់ផ្ទះឈើផុតពីដីរបស់ជនជាតិ Muong ត្រូវបានសាងសង់ឡើងក្រោមម្លប់ដើមឈើបៃតង។ ចំណុចលេចធ្លោពិសេសមួយនៅទីនេះគឺតំបន់ កង្ហារខ្យល់យក្ស ដែលជានិមិត្តរូបនៃ Eduland និងជាស្ថានីយ៍សង្កេតមើលផងដែរ។ ពីទីនោះ អ្នកទស្សនាអាចមើលឃើញទេសភាពទាំងស្រុងពីតំបន់ Ba Vi រហូតដល់តំបន់ Thanh Thuy ខេត្ត Phu Tho។ យើងមានទីលានវាយកូនហ្គោល ៩ រន្ធ ដែលភ្ញៀវអាចលេងកីឡានេះបាន។ ភ្ញៀវទេសចរភាគច្រើនមកទស្សនានៅចុងសប្តាហ៍ ជាមធ្យមពី ៨០០ ទៅ ១២០០ នាក់ក្នុងមួយថ្ងៃ”។

ផលិតផល និងសេវាកម្មទាំងអស់នៅ Eduland ត្រូវបានរចនា និងដំណើរការតាមស្តង់ដារផ្កាយ ៤ ដោយប្រើសសរស្តម្ភអារម្មណ៍ទាំង ៥ (ភាពសុខសាន្ត - ការព្យាបាល - ការតភ្ជាប់គ្រួសារ - សុភមង្គល - វិបុលភាព) ជាស្តង់ដារ។ សំណង់ទាំងអស់នៅទីនេះត្រូវបានភ្ជាប់ទៅនឹងវប្បធម៌ប្រពៃណី និងប្រជាជនវៀតណាម។ នេះក៏ជាគោលដៅទេសចរណ៍អេកូឡូស៊ីបែបជនបទ ដែលលាយឡំគ្នាយ៉ាងសុខដុមជាមួយធម្មជាតិដ៏ស្ងប់ស្ងាត់ផងដែរ៕