ជាមួយនឹងស្ថាបត្យកម្ម ចម្ប៉ា បុរាណមានអាយុកាលជិតមួយពាន់ឆ្នាំ ទីនេះមិនត្រឹមតែរក្សាតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាគោលដៅដែលធ្លាប់ស្គាល់សម្រាប់អ្នកស្រុក និងអ្នកទេសចរនៅពេលមកទស្សនាតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃខេត្តដាក់ឡាក់ទៀតផង។
ប្រាសាទ ញ៉ាន ដែលមានកម្ពស់ជិត ២៤ ម៉ែត្រ ត្រូវបានសាងសង់ឡើងដោយឥដ្ឋដុតដ៏ពិសេសរបស់ជនជាតិចាមនៅចន្លោះពីចុងសតវត្សរ៍ទី ១១ ដល់ដើមសតវត្សរ៍ទី ១២។ ប្រាសាទនេះ គឺជាសំណង់មួយក្នុងចំណោមសំណង់ស្ថាបត្យកម្មចាម ដែលនៅមានភាពដើមដដែលគួរសម នៅក្នុងតំបន់ភាគកណ្ដាលវៀតណាមនាបច្ចុប្បន្ន។ ក្រៅពីតម្លៃប្រវត្តិសាស្ត្រ និងស្ថាបត្យកម្ម ទីនេះក៏ផ្សារភ្ជាប់ទៅនឹងជីវភាពវប្បធម៌ និងជំនឿសាសនារបស់ប្រជាជនក្នុងតំបន់អស់ជាច្រើនជំនាន់ផងដែរ។ នៅពាក់កណ្តាលខែទី៣តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ ពិធីបុណ្យ Via Ba ត្រូវបានប្រារព្ធឡើងនៅប្រាសាទ ញ៉ាន ដោយទាក់ទាញអ្នកស្រុកនិងអ្នកទេសចរជាច្រើនចូលរួម។ យោងតាមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រវប្បធម៌ Nguyen Danh Hanh នៅសង្កាត់ Tuy Hoa ខេត្តដាក់ឡាក់ នេះគឺជាសកម្មភាពសាសនាប្រជាប្រិយសហគមន៍មួយ របស់ទាំងសហគមន៍ជនជាតិ Kinh (វៀតណាម) ជនជាតិចាម និងជនជាតិចិន (Hoa) នៅតំបន់ភាគកណ្តាល។
“កេរ្តិ៍ដំណែលប្រាសាទ ញ៉ាន គោរពបូជាទេពធីតា Poninaga ដែលក្រោយមកជនជាតិវៀតណាមហៅថា ទេពធីតា Thien Y A Na។ ព្រះនាងត្រូវបានចាត់ទុកថា ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពដែលគ្រប់គ្រងដែនដី ទន្លេបឹងបួ និងសមុទ្រទាំងអស់នៅទីនេះ។ ពិធីសែនទេពធីតា ត្រូវបានប្រារព្ធឡើងនៅ ខែទីបីតាមច័ន្ទគតិ ដែលជាប្រពៃណីតាំងពីយូរលង់មកហើយ ដូច្នេះទើបមានពាក្យថា «អ្នកណាដែលមកប្រាសាទញ៉ាននៅ Tuy Hoa/នឹងបានទស្សនារបាំឧទ្ទិសដល់ទេពធីតានៅទីនេះ»។
ស្ថិតនៅកណ្តាលទីក្រុងឆ្នេរសមុទ្រ ជាមួយនឹងបរិយាកាសស័ក្តិសិទ្ធប្រាសាទ ញ៉ាន បានបង្កើតចំណាប់អារម្មណ៍ពិសេសដល់ភ្ញៀវទេសចរជាច្រើននៅពេលមកទស្សនាតំបន់ភាគខាងកើតនៃខេត្តដាក់ឡាក់។ ពីកំពូលភ្នំ ញ៉ាន ភ្ញៀវទេសចរអាចមើលឃើញទេសភាពទាំងស្រុងនៃទីក្រុង Tuy Hoa ទន្លេ Da Rang និងច្រកសមុទ្រឆ្ងាយៗ។ អ្នកស្រី Tong Thi Hai Yen អ្នកទេសចរមកពីខេត្ត ភូថ បានចែករំលែកថា៖
“មកទីនេះ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយនិងធូរស្រាលណាស់។ នេះជាកន្លែងស័ក្តិសិទ្ធមួយនៅកណ្តាលទីក្រុងទំនើប។ នេះជាលើកដំបូងដែលខ្ញុំបានឃើញសំណង់មួយដែលបានសាងសង់តាំងពីសតវត្សរ៍ទី ១១ ប៉ុន្តែនៅតែស្រស់ស្អាត និងស្ទើរតែរក្សាបានសភាពដើមបែបនេះ។ ខ្ញុំគិតថា ការងារអភិរក្សនិងជួសជុលពិតជាល្អមែនទែន”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បរិវេណនៃប្រាសាទ ត្រូវបានជួសជុល និងពង្រីក ដើម្បីបង្កើតទេសភាព និងភាពងាយស្រួលសម្រាប់អ្នកស្រុកនិងអ្នកទេសចរមកទស្សនា។ ចំនួនភ្ញៀវទេសចរមកទស្សនាប្រាសាទ ញ៉ាន កាន់តែច្រើនឡើងៗ ជាពិសេសក្នុងអំឡុងពេលរដូវក្តៅនិងពិធីបុណ្យ។
“ទីនេះឥឡូវខុសពីមុនច្រើនណាស់ ដោយត្រូវបានជួសជុលលើកសោភ័ណ្ណភាពឲ្យកាន់តែស្រស់ស្អាត ដើម្បីស្វាគមន៍ភ្ញៀវទេសចរ។ នៅរដូវក្តៅ ចំនួនភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន។ ជាពិសេស ក្នុងអំឡុងពេលពិធីបុណ្យទាន បុណ្យតេត និងទិវាសែនទេពធីតា”។
“មនុស្សគ្រប់គ្នាចូលចិត្តមកទីនេះ។ ទោះបីជាខ្ញុំរស់នៅឆ្ងាយក៏ដោយ ក៏ខ្ញុំមកទីនេះជាប្រចាំ។ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំនិងបងប្អូនតែងតែណាត់ជួបគ្នាមកទីនេះដើម្បីឲ្យស្មារតីបានស្រស់ស្រាយ”។
នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តដាក់ឡាក់បន្ទាប់ពីការរួមបញ្ចូលគ្នា តំបន់ភាគខាងកើត ជាមួយនឹងគុណសម្បត្តិនៃសមុទ្រ បេតិកភណ្ឌវប្បធម៌ និងទេសភាពធម្មជាតិ កំពុងត្រូវបានកំណត់ជាលំហអភិវឌ្ឍន៍ទេសចរណ៍ដ៏សំខាន់មួយ។ ក្នុងនោះ ប្រាសាទ ញ៉ាន ត្រូវបានចាត់ទុកថា ជាចំណុចលេចធ្លោដែលតភ្ជាប់ទេសចរណ៍វប្បធម៌ ទេសចរណ៍ខាងព្រលឹងវិញ្ញាណ និងទេសភាពទីក្រុងឆ្នេរសមុទ្រ។ លោកស្រី Tran Thi Bu នាយិការងទទួលបន្ទុកគណៈគ្រប់គ្រងកេរ្តិ៍ដំណែល នៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តដាក់ឡាក់ បានឲ្យដឹងថា៖
"បន្ទាប់ពីទទួលយក កេរ្តិ៍ដំណែលប្រាសាទ ញ៉ាន គណៈគ្រប់គ្រងកេរ្តិ៍ដំណែលបានជួសជុលរបងនៅពីមុខប្រាសាទឡើងវិញ ដើម្បីធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលមកទស្សនា និងធ្វើធម្មយាត្រាមកកាន់កេរ្តិ៍ដំណែល។ ជារៀងរាល់ឆ្នាំ គណៈគ្រប់គ្រងកេរ្តិ៍ដំណែលក៏រៀបចំពិធីសែនទេពធីតា ដើម្បីបម្រើភ្ញៀវទេសចរ ដែលមានតម្រូវការចង់អុជធូបគោរពបូជាទេពធីតានៅប្រាសាទ ញ៉ាន តាមនោះទាក់ទាញភ្ញៀវទេសចរ"។
ក្នុងនាមជាកេរ្តិ៍ដំណែលដែលបង្កប់នូវស្លាកស្នាមនិងស្ថាបត្យកម្មដ៏វិសេសវិសាលនៃវប្បធម៌ចាម្ប៉ាបុរាណ ប្រាសាទ ញ៉ាន សព្វថ្ងៃនេះនៅតែលេចចេញនៅក្នុងកណ្ដាលទីក្រុងទំនើប ជាមួយនឹងសម្រស់ដ៏ស្ងប់ស្ងាត់ និងបុរមបុរាណ។ នេះគឺជាគោលដៅដ៏ពិសេសនិងប្លែក ដែលទាក់ទាញភ្ញៀវទេសចរក្នុងដំណើរកម្សាន្តនៅតំបន់ភាគខាងកើតនៃខេត្តដាក់ឡាក់៕
