ដំណើរនេះមិនត្រឹមតែនាំភ្ញៀវទេសចរឱ្យកាន់តែជិតស្និទ្ធនឹងធម្មជាតិប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវអារម្មណ៍ជ្រាលជ្រៅអំពីសម្រស់ដ៏បរិសុទ្ធនៃតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាមទៀតផង។

ពីឃុំ Phong Quang ភ្ញៀវទេសចរចាប់ផ្តើមដំណើរតាមផ្លូវតូចៗដែលនាំទៅកាន់តំបន់ស្នូលនៃ ព្រៃធម្មជាតិ។ ចូលក្នុងព្រៃកាន់តែជ្រៅ ខ្យល់អាកាសកាន់តែត្រជាក់ស្រស់ស្រាយ។ ដើមឈើបុរាណប្រទាក់ក្រឡាជាមួយព្រៃឫស្សីបៃតងដែលលាតសន្ធឹងគ្មានទីបញ្ចប់ បង្កើតបានជាដំបូលធម្មជាតិនៅក្នុងព្រៃឈើ។

បន្ទាប់ពីដើរថ្មើជើងជិតមួយម៉ោង ល្បាក់ទឹក Lung Pang បានលេចចេញ នៅកណ្ដាលលំហព្រៃឈើខៀវស្រងាត់។ ពេលទៅដល់ល្បាក់ទឹក អ្នកទេសចរអាចជ្រមុជខ្លួនក្នុងលំហូរទឹកត្រជាក់ និងថតរូបដ៏ស្រស់ស្អាត។ លោក Luong Duy Doanh អ្នកទេសចរមកពីទីក្រុងហាណូយ បានចែករំលែកថា៖

“ល្បាក់ទឹក Lung Pang ពិតជាស្រស់ស្អាតណាស់ ដោយមានកម្ពស់ប្រហែល ៣០ ម៉ែត្រ និងទឹកធ្លាក់ពេញមួយឆ្នាំ។ នេះជាកន្លែងដ៏ល្អសម្រាប់អ្នកទេសចរដើម្បីមកទទួលយកបទពិសោធន៍ សម្រាកលំហែកាយ និងមុជទឹកបន្ទាប់ពីការធ្វើដំណើរមួយ”។

មិនត្រឹមតែមានព្រៃឫស្សី ល្បាក់ទឹក និងវាលស្មៅប៉ុណ្ណោះទេ តាមបណ្តោយផ្លូវដើរឆ្លងកាត់ព្រៃស្រោងនោះ អ្នកទេសចរក៏អាចគយគន់ដើមតែ Shan Tuyet បុរាណ ដែលមានអាយុកាលរាប់សិប រហូតដល់រាប់រយឆ្នាំ។

នៅតាមចង្កះភ្នំខ្ពស់ត្រដែត ដើមតែបុរាណទាំងនេះ ដែលមានស្លែបៃតងដុះពេញដើម និងម្លប់ធំទូលាយ នៅតែលូតលាស់យ៉ាងស្ងៀមស្ងាត់អស់ជាច្រើនជំនាន់មកហើយ។

អ្នកស្រី Tran Thi Hien អ្នកទេសចរមកពីខេត្តង៉េអាន បាននិយាយថា៖

«ការដើរជាង ១ គីឡូម៉ែត្រទៅកាន់ល្បាក់ទឹក Lung Pang ពិតជាសក្តិសម។ ល្បាក់ទឹកនេះស្រស់ស្អាតណាស់។ នៅពេលមកទីនេះ ខ្ញុំមានអារម្មណ៍ថាភាពហត់នឿយបានរលាយបាត់ទៅអស់ហើយ។ បន្ទាប់ពីបានស្ដាប់ការឧទ្ទេសនាមអំពីដើមតែបុរាណ ខ្ញុំក៏អន្ទះសារដែរ។ ពីល្បាក់ទឹក ដើរឆ្លងកាត់ព្រៃឈើ ហើយមកដល់ជ្រលងភ្នំដ៏ធំទូលាយ ស្រស់ស្អាត និងបន្ធូរអារម្មណ៍មែនទែន។ បន្តទៅមុខទៀត យើងនឹងឆ្លងកាត់ព្រៃឫស្សី និងព្រៃចេក ដែកពិតជាបទពិសោធន៍ដ៏អស្ចារ្យមួយ»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដំណើរកំសាន្តដោយភ្ជាប់នឹងធម្មជាតិនិងសកម្មភាពក្រៅផ្ទះ បានក្លាយជានិន្នាការពេញនិយម។ ជាមួយនឹងគុណសម្បត្តិនៃធនធានអេកូឡូស៊ីដែលនៅមានដដែល តំបន់ Phong Quang ត្រូវបានចាត់ទុកថា ជាតំបន់មួយដែលមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍទេសចរណ៍ឡើងភ្នំ ដើរឆ្លងកាត់ព្រៃ និងទេសចរណ៍សហគមន៍។

យោងតាមផ្នែកទេសចរណ៍ខេត្តថៃង្វៀន ការអភិវឌ្ឍដំណើរកំសាន្តដោយភ្ជាប់នឹងធម្មជាតិ មិនត្រឹមតែរួមចំណែកដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជនក្នុងតំបន់តាមរយៈសកម្មភាពដូចជា មគ្គុទ្ទេសក៍ កន្លែងស្នាក់នៅ អាហារ និងការលក់ផលិតផលនៃតំបន់ខ្ពង់រាបទៀតផង។

លោកស្រី Chu Thi Do នាយិការងទទួលបន្ទុកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត ថៃង្វៀន បានឲ្យដឹងថា៖

"តាមរយៈដំណើរឡើងភ្នំនៅក្នុងឃុំ Phong Quang ខេត្ត ថៃង្វៀន អ្នកទេសចរនឹងស្វែងយល់ល្បាក់ទឹក Lung Pang និងផ្លូវដើរឆ្លងកាត់វាលស្មៅ ដើម្បីគយគន់ដើមតែ Shan Tuyet បុរាណដែលមានអាយុកាលរាប់រយឆ្នាំ។ ទាំងនេះគឺជាសកម្មភាពដែលភ្ជាប់នឹងធម្មជាតិ និងវប្បធម៌ប្រចាំមូលដ្ឋាន។ ហើយនេះគឺជាតម្លៃដែលពិបាករកឃើញនៅក្នុងតំបន់ផ្សេងទៀតឡើយ"។

ក្នុងភាពមមាញឹកនៃជីវភាពសម័យទំនើប ដំណើរកំសាន្តដូចជា Lung Pang កំពុងនាំមកជូនអ្នកទេសចរនូវឱកាសដើម្បីវិលត្រលប់ទៅរកធម្មជាតិវិញ ស្វែងរកតុល្យភាព ហើយទទួលយកអារម្មណ៍អំពីតម្លៃដើមនៃជីវិត។ នេះក៏ជាការទាក់ទាញពិសេសនៃទេសចរណ៍ Thai Nguyen នាសព្វថ្ងៃនេះផងដែរ ជាកន្លែងដែលសម្រស់ដ៏បរិសុទ្ធនៅតែត្រូវបានរក្សាទុកក្នុងកណ្ដាលព្រៃឈើបៃតងដ៏ធំល្វឹងល្វើយ៕