លំហបើកចំហរនៅកណ្ដាលវាលស្រែ Muong Than សួនផ្កាតាមរដូវ រួមជាមួយនឹងទេសភាពរាប់សិបដែលត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ បានបង្កើតជាគោលដៅមួយសម្រាប់សម្រាកលំហែកាយ ទស្សនា និងទទួលយកបទពិសោធន៍ដ៏សមស្របសម្រាប់ភ្ញៀវទេសចរជាច្រើនប្រភេទ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ Love Hill ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តឡាយចូវ ទទួលស្គាល់ជាគោលដៅទេសចរណ៍ តាមនោះជួយបំពេញបន្ថែមផលិតផលទេសចរណ៍សម្រាប់មូលដ្ឋាន។

ចំណាប់អារម្មណ៍ដំបូងនៅពេលមកដល់ Love Hill គឺជាលំហបៃតងដែលត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់។ តំបន់នានាត្រូវបានរៀបចំជាទេសភាពច្រើនស្រទាប់ ចាប់ពីសួនផ្កា វាលស្មៅ រហូតដល់ទេសភាពខ្នាតតូចសម្រាប់ថតរូប។ តំបន់ទេសចរណ៍នេះ ក៏ផ្លាស់ប្តូរប្រភេទផ្កានិងរបៀបតុបតែងលម្អតាមរដូវកាលនីមួយៗ ដើម្បីបង្កើតអារម្មណ៍ស្រស់ស្រាយសម្រាប់អ្នកដែលត្រឡប់មកវិញផងដែរ។

អ្នកស្រី Cam Thi Tuoi នៅឃុំ Than Uyen ខេត្តឡាយចូវ ជាអ្នកស្រុកម្នាក់ដែលមកទស្សនា Love Hill បានចែករំលែកថា៖

«ទេសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់។ ទេសភាពបែបធម្មជាតិ បរិយាកាសបរិសុទ្ធ ហើយផ្កាក៏ស្រស់ស្អាតជានិច្ចដែរ»។

មិនត្រឹមតែជាកន្លែងថតរូបប៉ុណ្ណោះទេ Love Hill ក៏កំពុងអភិវឌ្ឍន៍ជាគោលដៅសម្រាប់សម្រាកលំហែកាយផងដែរ។ ប្រព័ន្ធបន្ទប់ bungalow ភោជនីយដ្ឋាន ហាងកាហ្វេ និងតំបន់ទទួលទានអាហារក្រៅផ្ទះ អនុញ្ញាតឱ្យភ្ញៀវទេសចរអាចស្នាក់នៅ សម្រាក ឬរៀបចំសកម្មភាពពិសោធន៍នៅក្នុងបរិវេណ។ ពីទីនេះ ភ្ញៀវទេសចរអាចគយគន់អរុណរះលើវាលស្រែ Muong Than ឬគយគន់ថ្ងៃអស្តង្គត់នៅពេលដែលពន្លឺព្រះអាទិត្យចែងចាំងគ្របដណ្ដប់លើជួរភ្នំនៅឆ្ងាយៗ។ អ្នកស្រី Le Thu Thuy ជាអ្នកទេសចរមកពីទីក្រុងហាណូយ បាននិយាយថា៖

«ខ្ញុំមានការចាប់អារម្មណ៍ចំពោះតំបន់ Love Hill នេះ។ ទីនេះមានទេសភាពបែបរ៉ូមែនទិក ហើយសេវាកម្មគ្រប់គ្រាន់ ចាប់ពីការលេងកម្សាន្ត កន្លែងថតរូប រហូតដល់កន្លែងស្នាក់នៅ និងទទួលទានអាហារ។ ក្រុមគ្រួសាររបស់ខ្ញុំបានស្នាក់នៅទីនេះរយៈពេលពីរថ្ងៃ ហើយក៏បានសាកភ្លក់មុខម្ហូបពិសេសៗក្នុងស្រុកជាច្រើនផងដែរ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលមានរមណីយដ្ឋានល្អៗយ៉ាងដូច្នេះនៅក្នុងឃុំភ្នំនេះ។ ហើយតម្លៃក៏សមរម្យដែរ»។

ដើម្បីរក្សាភាពទាក់ទាញ តំបន់ទេសចរណ៍នេះតែងតែបំពេញបន្ថែមផ្កាតាមរដូវនីមួយៗ តុបតែងទេសភាពឡើងវិញ និងវិនិយោគលើសេវាកម្មបន្ថែមសម្រាប់បម្រើភ្ញៀវទេសចរ។ ទិសដៅអភិវឌ្ឍន៍ដែលបានគេជ្រើសរើសគឺការទាញយកអត្ថប្រយោជន៍ពីទេសភាពធម្មជាតិ ដោយរួមផ្សំជាមួយនឹងសេវាកម្មសម្រាកលំហែកាយ ដោយមិនសាងសង់ច្រើនលើសលុបទេ ដើម្បីថែរក្សាលំហបើកចំហរដែលជាលក្ខណៈប្រចាំតំបន់។ ការវិនិយោគនេះបានជួយ Love Hill បង្កើតចំណាប់អារម្មណ៍ដ៏ល្អប្រសើរដល់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។ លោកស្រី Trinh Thi Ngan ម្ចាស់តំបន់ទេសចរណ៍ Love Hill ឃុំ Than Uyen ខេត្ត ឡាយចូវ បាននិយាយថា៖

"ភ្ញៀវទេសចរមកកាន់ Love Hill មានចំនួនស្មើៗគ្នាពេញមួយសប្តាហ៍ ប៉ុន្តែច្រើនបំផុតគឺថ្ងៃឈប់សម្រាក។ ភ្ញៀវទេសចរពីគ្រប់ទិសទី មកទស្សនានៅចុងសប្តាហ៍។ ក្រៅពីភ្ញៀវទេសចរនៅក្នុងនិងក្រៅខេត្ត Love Hill ក៏ទទួលក្រុមភ្ញៀវទេសចរអន្តរជាតិជាច្រើន ហើយទទួលបានការវាយតម្លៃវិជ្ជមានយ៉ាងខ្លាំងផងដែរ។ ក្នុងពេលជាមួយគ្នានោះ Love Hill ក៏អភិវឌ្ឍន៍វប្បធម៌ និងអត្តសញ្ញាណជនជាតិ ដើម្បីឧទ្ទេសនាមដល់ភ្ញៀវអន្តរជាតិផងដែរ"។

ពីតំបន់ទួលភ្នំនិងវាលស្រែមួយ Love Hill បានក្លាយជាកន្លែងផលិតផលទេសចរថ្មីមួយនៃឃុំ Than Uyen។ មិនត្រឹមតែបំពេញតម្រូវការទស្សនាកម្សាន្ត និងថតរូបប៉ុណ្ណោះទេ ទីនេះក៏បង្កើតជម្រើសសម្រាកលំហែកាយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរនៅពេលមកដល់ខេត្តឡាយចូវទៀតផង។ ការត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដើម្បី Love Hill បន្តកែលម្អសេវាកម្ម រួមចំណែកធ្វើឱ្យ Than Uyen ក្លាយជាកន្លែងបង្អង់ដំណើរដ៏ទាក់ទាញនៅលើផែនទីទេសចរណ៍ភាគពាយ័ព្យប្រទេសវៀតណាម។

មិនមានសំឡេងរំខានខ្លាំងពេក ឬសំណង់ទ្រង់ទ្រាយធំនោះទេ Love Hill ជ្រើសរើសរបៀបរក្សាភ្ញៀវទេសចរ ដោយលំហបៃតង សេវាកម្មគ្រប់គ្រាន់ និងអារម្មណ៍ដ៏ស្រស់ស្រាយនៅកណ្តាលធម្មជាតិ។ នោះហើយជាមូលហេតុដែលសម្រាប់មនុស្សជាច្រើន ទីនេះបានក្លាយជាកន្លែងបង្អង់ដំណើរដែលមិនអាចរំលងបាន នៅពេលមកដល់ឃុំ Than Uyen ខេត្ត ឡាយចូវ ម្ដងៗ៕