វាលស្មៅបៃតង អាកាសធាតុត្រជាក់ស្រួល សមុទ្រពពកនៅពេលព្រឹកព្រលឹម រួមជាមួយលំហវប្បធម៌របស់បងប្អូនជនជាតិ H’re បានបង្កើតជាកន្លែងដ៏ទាក់ទាញយ៉ាងខ្លាំង។ ភ្ញៀវទេសរមកទីនេះ ក៏មានតែបំណងចង់ "ប៉ះពពក" ម្ដងនៅក្នុងតំបន់ព្រៃភ្នំនៃខេត្តក្វាងង៉ាយ។
ស្ថិតនៅរយៈកម្ពស់ប្រហែល ៧០០ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ វាលស្មៅ Bui Hui លាតសន្ធឹងលើផ្ទៃដីជាង ៤០០ ហិកតា ដែលស្ថិតនៅកណ្តាលព្រៃភ្នំខៀវស្រងាត់។ ផ្លូវនាំទៅដល់វាលស្មៅ បក់ក្រវិចក្រវៀនតាមចង្កេះភ្នំ។ ឡើងភ្នំកាន់តែខ្ពស់ ខ្យល់អាកាសកាន់តែស្រស់ស្រាយ ហើយភូមិស្ថិតនៅខាងក្រោម ក៏បានលាក់ខ្លួនបន្តិចម្តងៗនៅពីក្រោយដើមឈើព្រៃច្រើនស្រទាប់។ ពេលខ្លះ ពពកនៅហ្នឹងចំពោះមុខ ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ថា អាចលូកដៃទៅប៉ះចំពពកបានតែម្ដង។ អ្នកស្រី ង្វៀន ធីថាញ់ ជាអ្នកទេសចរម្នាក់មកពីខេត្តក្វាងង៉ាយ បានចែករំលែកថា៖
«ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលមកដល់វាលស្មៅ Bui Hui។ គ្រួសារខ្ញុំបានមកទីនេះកាលពីរសៀលម្សិលមិញ ហើយខ្ញុំបានសង្កេតឃើញថា ទីនេះ ធំទូលាយ ខ្យល់អាកាសបរិសុទ្ធ និងមានសេចក្ដីសុខណាស់។ នៅពេលព្រឹកព្រលឹម មានពពក មានខ្យល់អាកាសត្រជាក់ស្រួលៗ ហើយឈរនៅកណ្តាលវាលស្មៅ ខ្ញុំពិតជាមានអារម្មណ៍ស្រស់ស្រាយ ហាក់ដូចជាកំពុងឃ្លាតឆ្ងាយពីសភាពអ៊ូអរនៃជីវភាពប្រចាំថ្ងៃអញ្ចឹង។ ខ្ញុំគិតថានេះជាទីមកដល់ដ៏សមស្រប សម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ ចង់ទទួលបទពិសោធន៍ថ្មី និងចង់ស្វែងរកកន្លែងសម្រាកបន្ទាប់ពីភាពតានតឹងនៅកន្លែងធ្វើការ»។
ភ្ញៀវទេសចរមកទីនេះមិនត្រឹមតែដើម្បីទស្សនាពពក គយគន់ទេសភាពប៉ុណ្ណោះទេ ថែមទាំងដើម្បីដើរលេង បោះតង់ ថតរូប ឬគ្រាន់តែអង្គុយលំហែកាយលើវាលស្មៅ ស្តាប់សូរសំឡេងខ្យល់បក់តាមព្រៃភ្នំប៉ុណ្ណោះ។ សម្រាប់អ្នកស្រុក វាលស្មៅបៃតង និងអាកាសធាតុត្រជាក់ស្រួល កំពុងបើកចេញឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ផ្សព្វផ្សាយកសិផល និងផលិតផលដែលផលិតនៅហ្នឹងស្រុកកំណើតរបស់ខ្លួន។
អ្នកស្រី Dinh Thi Bao Hang រស់នៅភូមិ Bui Hui ឃុំ Dang Thi Thuy Tram ខេត្ត ក្វាងង៉ាយ បាននិយាយថា៖
«វាលស្មៅ Bui Hui មានអាកាសធាតុត្រជាក់ស្រួល និងស្រស់ស្រាយ។ ទេសភាពនៅទីនេះ មានភាពសុខសាន្តដែរ។ ទីនេះត្រូវបានគេស្គាល់ដល់ដោយវាលស្មៅបៃតង អាកាសធាតុត្រជាក់ស្រួល ដែលសមស្របសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនជាច្រើនមកពីតំបន់ផ្សេងៗ បានស្គាល់ដល់វាលស្មៅ Bui Hui។ ទេសចរណ៍បាននាំមកនូវការអភិវឌ្ឍដល់អ្នកស្រុក។ ហើយអ្នកស្រុកស្គាល់ពីរបៀបធ្វើទេសចរណ៍ របៀបលក់ដូរផលិតផលរបស់មូលដ្ឋាន។ ដូច្នេះ ជីវភាពមានការរីកចម្រើនជាងមុន”។
ដំណើរកម្សាន្តនៅ Bui Hui ក៏នាំភ្ញៀវទេសចរឱ្យកាន់តែខិតជិតនឹងជីវភាព វប្បធម៌របស់បងប្អូនជនជាតិ H’re ផងដែរ។ នោះគឺជាសូរសំឡេងគងឃ្មោះ បទចម្រៀង Kalêu និង Kachoi សាមញ្ញៗ ម្ហូបអាហាររបស់អ្នកស្រុកដែលកែច្នៃពីកសិផលនៃព្រៃភ្នំ ព្រមទាំងក៏ជាភាពស្លូតបូត និងរួសរាយរាក់ទាក់របស់អ្នកភូមិផងដែរ។
មូលដ្ឋានកំពុងមានទិសដៅអភិវឌ្ឍន៍ Bui Hui ឲ្យទៅជាតំបន់ទេសចរណ៍សហគមន៍ដោយផ្សារភ្ជាប់ទេសភាពវាលស្មៅជាមួយនឹងបទពិសោធន៍វប្បធម៌របស់ជនជាតិ H’re ប៉ុន្តែនៅតែផ្តល់អាទិភាពដល់កិច្ចការពារបរិស្ថាន និងថែរក្សាសម្រស់ដើម។ លោក Tran Thanh Hung នាយកសហករណ៍សហគមន៍ Bui Hui ខេត្ត ក្វាងង៉ាយ បានឲ្យដឹងថា៖
“ជារៀងរាល់ឆ្នាំ វាលស្មៅ Bui Hui ទទួលភ្ញៀវទេសចរចំនួន ៣ ដល់ ៥ ម៉ឺននាក់។ បច្ចុប្បន្ននេះ ក្រុមភ្ញៀវទេសចរជាច្រើនមកពីឆ្ងាយៗ កំពុងកក់សេវាស្នាក់នៅ Bui Hui យ៉ាងច្រើន។ ភ្ញៀវទេសចរមកកាន់ Bui Hui អាចទទួលបទពិសោធន៍នៃរដូវទាំងបួនក្នុងថ្ងៃតែមួយ។ ទេសភាពអរុណ្យរះនិងថ្ងៃអស្តង្គត់ពិតជាស្រស់ស្អាតខ្លាំងណាស់។ ទិសដៅរបស់សហករណ៍សហគមន៍ Bui Hui គឺនឹងអភិវឌ្ឍន៍គំរូសហគមន៍បន្ថែមទៀត ដូចជា៖ ការដាំដុះបន្លែ គំរូទទួលបទពិសោធន៍អំពីគងឃ្មោះ និងវប្បធម៌របស់ជនជាតិ H're ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនថែមទៀត”។
ក្នុងភាពមមាញឹកនៃជីវភាពសម័យទំនើប វាលស្មៅ Bui Hui ក្នុងឃុំ Dang Thuy Tram ខេត្តក្វាងង៉ាយ នាំមកនូវពេលវេលាស្ងប់ស្ងាត់ដ៏កម្រមួយ។ នៅទីនោះ មានវាលស្មៅពណ៌បៃតង ខ្យល់ភ្នំ សមុទ្រពពករសាត់យឺតៗនៅជើងភ្នំ និងមានរឿងរ៉ាវអំពីទឹកដីមួយ ដែលកំពុងបង្កើតរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជនពីធម្មជាតិ និងវប្បធម៌មូលដ្ឋាន។
ដំណើរទៅកាន់ Bui Hui មិនគ្រាន់តែដើម្បីទស្សនាទេសភាពនោះទេ។ វាក៏ជាដំណើរនៃការរស់នៅយឺតៗ ដើម្បីអាចដើរលេងកម្សាន្ត នៅកណ្តាលពពក នៃតំបន់ព្រៃភ្នំខេត្តក្វាងង៉ាយផងដែរ៕
