ឧត្តមសេនីយ៍ត្រី Ho Sy Hau អតីតប្រធានស្នងការសេដ្ឋកិច្ច (ក្រសួងការពារប្រទេស) វិស្វកររចនា និងសាងសង់បំពង់បង្ហូរប្រេងសាំង Truong Son។ (រូបថត៖ VOV5) |
សំណង់បំពង់បង្ហូរប្រេងសាំង Truong Son ត្រូវបានសាងសង់នៅខែមេសា ឆ្នាំ ១៩៦៨ ក្រោមឈ្មោះកូដ "ការដ្ឋានសំណង់ធារាសាស្ត្រលេខ ០១"។ នៅពេលនោះ ការវាយលុកសរុបនិងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ ១៩៦៨ របស់កងទ័ព និងប្រជាជនវៀតណាមនៅភាគខាងត្បូង ទាមទារឲ្យមានការគាំទ្រជាបន្ទាន់បំផុត។ ប្រេងសាំងគឺជាកត្តាសំខាន់សម្រាប់ការតស៊ូ។ ទោះជាយ៉ាងនេះក្ដី ការមិនអាចដឹកជញ្ជូនប្រភេទឥន្ធនៈនេះ បានបណ្ដាលឱ្យការបញ្ជូនកងទ័ព ក៏ដូចជារបស់របរចាំបាច់ និងស្បៀងអាហារទៅកាន់សមរភូមិភាគខាងត្បូងត្រូវជាប់គាំង។ ឧត្តមសេនីយ៍ត្រី Ho Sy Hau អតីតប្រធានស្នងការសេដ្ឋកិច្ច (ក្រសួងការពារប្រទេស) វិស្វកររចនា និងសាងសង់បំពង់បង្ហូរប្រេងសាំង Truong Son បានរំលឹកថា៖
“យើងខ្ញុំបានធ្វើតាមវិធីជាច្រើន។ ទ្រាប់កាបូបស្ពាយដោយនីឡុង ចាក់សាំងចូលហើយស្ពាយ។ ប៉ុន្តែនីឡុងមិនអាចផ្ទុកនឹងប្រេងសាំងបានទេ ដូច្នេះតែប៉ុន្មានម៉ោងប៉ុណ្ណោះសាំងបានបំបែកស្រទាប់នីឡុងនោះ។ ដំណោះស្រាយស្ពាយប្រេងសាំងមានប្រសិទ្ធភាពទាបនិងគ្មានសុវត្ថិភាពទេ ដូច្នេះវាមិនអាចធ្វើបាន។ បន្ទាប់នោះ យើងខ្ញុំបានប្រើប្រាស់ធុងតូចៗដើម្បីសែងឆ្លងកាត់ទីតាំងសំខាន់ៗដែលមានប្រវែងច្រើនគីឡូម៉ែត្រ ប៉ុន្តែត្រូវខ្មាំងសត្រូវវាយប្រហារយ៉ាងខ្លាំង។ ទីបំផុត យើងខ្ញុំបានផ្សារស័ង្កសីទៅជាបំពង់ ហើយយកបំពង់កៅស៊ូ បំពង់តង់ បំពង់ឬស្សី ភ្ជាប់គ្នាដោយសំបកកង់រថយន្ត ប៉ុន្តែក៏ត្រូវបំផ្លាញដោយប្រេងសាំងផងដែរ។ នោះគឺជាបំពង់ពិសេសបំផុតនៅលើពិភពលោក”។
យុទ្ធនារីនៃកងវរសេនាធំលេខ៥៩២ បញ្ជាការដ្ឋានលេខ៥៥៩ ដឹកជញ្ជូនបំពង់បង្ហូរប្រេងសាំង នៅខែមករា ឆ្នាំ១៩៧២។ (រូបថតឯកសារ) |
មនុស្សដំបូងគេដែលមានគំនិតប្រើប្រាស់បំពង់បង្ហូរប្រេងសាំងពីរឈុត ដែលជាជំនួយពីសហភាពសូវៀត នៅសមរភូមិគឺលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ បន្ទាប់មក គណៈកម្មាធិការយោធាមជ្ឈិមបានសម្រេចចិត្តប្រើប្រាស់បំពង់បង្ហូរប្រេងសាំងនេះ ដើម្បីដឹកជញ្ជូនប្រេងសាំង ផ្គត់ផ្គង់ដល់សមរភូមិភាគខាងត្បូង។ ឆ្លងកាត់ព្រៃភ្នំ គ្រាប់បែកមីន បំពង់រាប់ម៉ឺន គ្រឿងបន្លាស់ ម៉ាស៊ីន ធុងកៅស៊ូរាប់សិបតោន... ត្រូវបានដឹកជញ្ជូនតាមស្មារបស់យុទ្ធជន។ លោកវរសេនីយ៍ឯក Nguyen Van Tao អតីតអនុប្រធានការិយាល័យបំពង់ ស្នងការប្រេងឥន្ធនៈលេខ ៥៥៩ នៅតែចងចាំរយៈពេលដែលលោកជាកម្មាភិបាលបច្ចេកទេសនៃកងអនុសេនាធំ ការដ្ឋានសំណង់លេខ ១៨ ដែលទទួលបន្ទុកសាងសង់បំពង់បង្ហូរប្រេងសាំងនៅយោធភូមិភាគទី ៤។
“ពេលសាងសង់បំពង់បង្ហូរប្រេងសាំងនេះ ខណៈដែលយើងខ្ញុំកំពុងសាកល្បងលាងទឹក ដើម្បីត្រៀមរៀបចំបូមសាំងនោះ ពួកខ្មាំងសត្រូវបានរកឃើញយើងខ្ញុំ។ នៅយប់ចុងខែធ្នូ ឆ្នាំ ១៩៦៨ គ្រាប់បែក B៥២ ត្រូវបានបានទម្លាក់ជាបន្តបន្ទាប់លើច្រកភ្នំ Mu Gia (ខេត្ត Quang Binh) ដែលកាត់តាមបំពង់នេះ។ ប៉ុន្មានថ្ងៃបន្ទាប់ មានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ដោយយន្តហោះ B៥២ លើទីតាំងសំខាន់លេខ ០៥០ លើច្រកភ្នំ Mu Gia។ នៅពេលនោះ កងវិស្វកម្មបានបំផ្ទុះមីនបំបែកថ្ម ដើម្បីបង្កើតលេណដ្ឋានសម្រាប់កងទ័ពភ្ជាប់ខ្សែបំពង់ជាច្រើនដង ប៉ុន្តែនៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់បែក”។
បំពង់បង្ហូរប្រេងសាំង Truong Son នៅពេលនោះ ប្រៀបប្រដូចជាសមរភូមិដ៏សាហាវ រវាងអង្គទ័ពបច្ចេកទេសនៃកងទ័ពប្រជាជនវៀតណាម និងកម្លាំងទ័ពជើងអាកាសដ៏ខ្លាំងរបស់សត្រូវជាមួយនឹងអាវុធទំនើបបំផុតនៅពេលនោះ។ ឧត្តមសេនីយ៍ត្រី Ho Sy Hau បានមានប្រសាសន៍ថា៖
“ខាងសត្រូវតែងតែវាយប្រហារលើទីតាំងដ៏ទាប។ នៅពេលនោះ យើងត្រូវស្វែងរកទីតាំងខ្ពស់បំផុត ដែលសត្រូវមិនអាចនឹកស្មានដល់ ដើម្បីយកបំពង់បង្ហូរដល់ទីនោះ។ នោះគឺជាដំណោះស្រាយដ៏ក្លាហានមួយ ដែលវិស្វករត្រូវគិតគូរពីបញ្ហា ដែលមិនត្រូវបានបង្រៀននៅក្នុងសៀវភៅសិក្សានោះទេ ប៉ុន្តែយើងខ្ញុំត្រូវអនុវត្តន៍នៅ Truong Son ជាមួយនឹងរូបមន្តថ្មីៗ និងហានិភ័យមួយចំនួន។ ចុងក្រោយយើងខ្ញុំបាននាំយកបំពង់បង្ហូរឡើងកំពូលភ្នំនៅរយៈកម្ពស់ ៩១១ ម៉ែត្រ។ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៦៩ ប្រេងសាំងបានឆ្លងកាត់ចម្ងាយ ៥០ គីឡូម៉ែត្រពីជើងខាងកើតនៃភ្នំ Truong Son ទៅកាន់ Ban Co (ប្រទេសឡាវ) នៅភាគខាងលិច Truong Son”។
មកដល់ខែមីនា ឆ្នាំ១៩៧៥ កងទ័ព Truong Son បានសាងសង់ប្រព័ន្ធបំពង់បង្ហូរប្រេងសាំងដ៏ពេញលេញ ដែលមានប្រវែងសរុបរហូតដល់ ៥០០០គីឡូម៉ែត្រ។ ដោយជំនះលើការវាយប្រហារដោយកងទ័ពជើងគោករបស់សត្រូវ ក្នុងរយៈពេល ៧ ឆ្នាំចូលរួមក្នុងការដឹកជញ្ជូនយុទ្ធសាស្ត្រ (១៩៦៨ - ១៩៧៥) បំពង់បង្ហូរប្រេងសាំង Truong Son ដោយមានប្រវែងរាប់ពាន់គីឡូម៉ែត្រ បានសម្រេចភារកិច្ចយ៉ាងល្អ ដោយផ្គត់ផ្គង់ប្រេងសាំងចំនួន ៥,៥ លានម៉ែត្រគីបដល់ភាគខាងត្បូង បម្រើឱកាសយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ជាពិសេសការវាយលុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ១៩៧៥។ បំពង់បង្ហូរប្រេងសាំងនេះ បានរួមចំណែកបង្កើតឡើងជ័យជម្នះនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ។
ឧត្តមសេនីយទោ Dong Sy Nguyen មេបញ្ជាការកងពលលេខ ៥៥៩ ធ្លាប់បានអះអាងថា៖ “ប្រសិនបើផ្លូវ Truong Son ជារឿងព្រេងនោះ បំពង់បង្ហូរប្រេងសាំងគឺជារឿងព្រេងមួយនៅក្នុងរឿងព្រេងនោះដែរ”។ ចំណែកឯឧត្តមសេនីយ៍ទ័ពជើងអាកាសអាមេរិក Harry Aderholt និង Richard Serd ក៏បានធ្វើអត្ថាធិប្បាយដែរថា៖ "បំពង់បង្ហូរប្រេងសាំងរបស់វៀតណាម គឺជារឿងព្រេងដែលមានពិតៗ"៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

