តាមរឿងព្រេងនិទានថា Po Sah Inu គឺជាឈ្មោះរបស់ព្រះនាងចាមមួយអង្គ ជាព្រះរាជបុត្រីរបស់ស្ដេច Para Chanh ដែលមានទាំងរូបស្រស់ស្អាតនិងទេពកោសល្យពិសេស។ ព្រះនាង Po Sah Inu បានបង្រៀនប្រជាជនពីរបរនេសាទ ធ្វើគ្រឿងស្មូន និងត្បាញក្រណាត់។ បន្ទាប់ពីព្រះនាងសោយទិវង្គត ប្រជាជនបានសាងសង់ទីសក្កាៈបូជា។

ប្រាសាទ Po Sah Inu ត្រូវបានសាងសង់ឡើងក្នុងចន្លោះពីចុងសតវត្សរ៍ទី៨ ដល់សតវត្សរ៍ទី១៥ ដែលបង្កប់នូវសញ្ញាសម្គាល់ដ៏ជ្រាលជ្រៅអំពីសម័យកាលដ៏រុងរឿងនៃអាណាចក្រចម្ប៉ាបុរាណ។ បច្ចុប្បន្ននេះ ក្នុងចង្គោមប្រាសាទ Po Sah Inu នៅសល់តែប្រាសាទ ៣ ប៉ុណ្ណោះ ក្នុងនោះប្រាសាទធំ (ប្រាសាទ A) គឺជាប្រាសាទធំបំផុត និងត្រូវបានរក្សានៅដដែល ដោយមានកម្ពស់ ១៦ ម៉ែត្រ។ ប្រាសាទធំមានបីជាន់ ច្រកចូលធំមួយបែរមុខទៅទិសខាងកើត ជាទិសដៅដែលព្រះអាទិទេពគង់នៅ យោងតាមរឿងព្រេងចាម្ប៉ា។ ប្រាសាទតូច (ប្រាសាទ B) មានកម្ពស់ ១២ ម៉ែត្រ និង ៣ជាន់ដូចប្រាសាទ A ប៉ុន្តែមានទំហំតូចជាង។ នៅខាងក្នុងប្រាសាទនេះមានទីសក្ការៈបូជាព្រះគោ Nandin។ នៅពីមុខប្រាសាទ B មានទីធ្លាបុណ្យដ៏ធំមួយ ដែលបច្ចុប្បន្នត្រូវបានប្រើសម្រាប់ដំឡើងវេទិកាក្នុងអំឡុងពេលពិធីបុណ្យ Kate។ ប្រាសាទតូចបំផុត (ប្រាសាទ C) ដោយសារតែមុខងារដើមគឺសម្រាប់គោរពបូជាព្រះអគ្គី ដូច្នេះមានតែមួយជាន់ និងកម្ពស់ ៥ ​​ម៉ែត្រប៉ុណ្ណោះ។ មកទស្សនាប្រាសាទ Po Sah Inu ជាលើកដំបូង អ្នកស្រី Chau Thi Cam Tu ភ្ញៀវទេសចរមកពីខេត្ត វិញឡុង បានចែករំលែកចំណាប់អារម្មណ៍ថា៖

"ខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់និងពិសិដ្ឋណាស់។ បរិយាកាស និងមនុស្សនៅទីនេះពិតជា រួសរាយរាក់ទាក់និងស្និទ្ធស្នាល។ អាជ្ញាធរមូលដ្ឋានបានបង្កើតតំបន់ទេសចរណ៍សម្រាប់ យើងទៅទស្សនានិងរីករាយ"។

នាពេលកន្លងមក រួមជាមួយនឹងការអភិរក្សបេតិកភណ្ឌ សកម្មភាពទទួលយកបទពិសោធន៍វប្បធម៌ត្រូវបានរៀបចំជាប្រចាំ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណី និងរដូវក្តៅ រួមចំណែកបង្កើតកម្លាំងរស់ថ្មីដល់តំបន់កេរ្តិ៍ដំណែលប្រាសាទ Po Sah Inu។ មកដល់ទីនេះ ភ្ញៀវទេសចរអាចលង់ខ្លួននៅក្នុងក្បាច់របាំអប្សរារបស់ជនជាតិចាម។ របាំ និងបទចម្រៀង អមដោយសូរសំឡេងឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិចាម ដូចជា៖ ស្គរហ្គីណាង ស្គរប៉ារ៉ាណុង និងត្រែសារ៉ាណៃ បានទាក់ទាញចិត្តអ្នកទស្សនា។

“ខ្ញុំឃើញថា របាំរបស់ស្ត្រីទាំងនោះពិតជាស្រស់ស្អាតម៉ែនទែន និងពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។ តាមរយៈនេះ ខ្ញុំអាចទស្សនា និងស្វែងយល់បន្ថែមអំពីវប្បធម៌របស់បណ្ដាជនជាតិ”។

“ថ្ងៃនេះជាលើកទីមួយ ដែលខ្ញុំបានស្ដាប់តន្ត្រី និងបានទស្សនារបាំដ៏ប្លែកៗ និងទាក់ទាញភ្នែក នៅទីនេះ។ យើងមានឱកាសដើម្បីទស្សនានិងកោតសរសើរចំពោះសម្រស់នៃវប្បធម៌ជនជាតិចាម”។

នោះគឺជាចំណាប់អារម្មណ៍របស់អ្នកទេសចរពីរនាក់មកពីទីក្រុងហូជីមិញ នៅពេលទៅទស្សនាប្រាសាទ Po Sah Inu។

ក្រៅពីរីករាយនឹងការសម្តែងសិល្បៈ អ្នកទេសចរក៏អាចពិសោធន៍របរធ្វើគ្រឿងស្មូន និង ត្បាញក្រណាត់ចរបាប់ជាប្រពៃណីរបស់ជនជាតិចាមផងដែរ។ លោក Ba Sinh Ty សមាជិកនៃក្រុមសិល្បៈប្រជាប្រិយចាមនៅកេរ្តិ៍ដំណែល ប្រាសាទ Po Sah Inu បាននិយាយថា៖

"ក្រុមសិល្បៈប្រជាប្រិយចាមបានបម្រើការនៅទីនេះជាយូរមកហើយ។ ខ្ញុំសម្តែងសិល្បៈប្រជាប្រិយចាម ដូចជា៖ ច្រៀង រាំ និងប្រគុំឧបករណ៍ភ្លេងប្រពៃណីចាម ដែលអ្នកទេសចរពិតជារីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅពេលឡើងលើប្រាសាទ អ្នកទេសចរចូលចិត្តទស្សនាការសម្តែងសិល្បៈប្រជាប្រិយចាម"។

ប្រាសាទ Po Sah Inu គឺជាការសម្រិតសម្រាំងនូវបច្ចេកទេសស្ថាបត្យកម្ម និងសិល្បៈតុបតែងរបស់ជនជាតិចាមបុរាណ ដែលបង្កើតបានជាសម្រស់ដ៏ឱឡារិកនិងអាថ៌កំបាំង។ ជាមួយនឹងរចនាបថសិល្បៈដ៏វិសេសវិសាល ប្រាសាទ Po Sah Inu ត្រូវបាន ក្រសួងវប្បធម៌និងព័ត៌មាន (ឥឡូវជាក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) ចាត់ថ្នាក់ជាកេរ្តិ៍ដំណែលស្ថាបត្យកម្ម សិល្បៈថ្នាក់ជាតិនៅឆ្នាំ១៩៩១៕