ស្ថិតនៅមជ្ឈមណ្ឌលសង្កាត់ Ky Lua ខេត្តឡាងសឺន ប្រាសាទ តាភូ តាំងពីយូរមកហើយ បានក្លាយជាគោលដៅដែលធ្លាប់ស្គាល់សរបស់ប្រជាជន និងភ្ញៀវទេសចរនៅពេលមកដល់ខេត្តឡាងសឺនម្ដងៗ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៦៨៣ ដើម្បីគោរពបូជាឯកឧត្តម Than Cong Tai ជាមន្ត្រីមួយរូបនៃរាជវង្ស Hau Le ដែលមានគុណូបការៈការពារព្រំដែន និងពង្រីកតំបន់ផ្សារ Ky Lua។ យោងតាមឯកសារប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលធ្វើជាមន្ត្រីនៅ ឡាងសឺន ឯកឧត្តម Than Cong Tai មិនត្រឹមតែយកចិត្តទុកដាក់ដល់ការការពារព្រំដែនប៉ុណ្ណោះទេ ថែមទាំងបានពង្រីកការដោះដូរពាណិជ្ជកម្ម បង្កើតសង្កាត់ពាណិជ្ជកម្ម និងរួមចំណែកធ្វើឱ្យ Ky Lua ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកនៃតំបន់ភាគឦសាននៅពេលនោះទៀតផង។
លោក Dang Minh Thuan សមាជិកអចិន្ត្រៃយ៍នៃប្រាសាទ តាភូ សង្កាត់ Ky Lua ខេត្ត ឡាងសឺន បានឲ្យដឹងថា៖ “ប្រាសាទតាភូ មិនគោរពបូជាឥស្សរជនណាមួយតាមរឿងព្រេងទេ ប៉ុន្តែគោរពបូជាមនុស្សពិត និងព្រឹត្តិការណ៍ពិត។ ក្នុងអំឡុងពេលដែលឯកឧត្តមរស់នៅឡាងសឺន គុណបំណាច់របស់ឯកឧត្តមគឺធំធេងណាស់។ មិនត្រឹមតែការពារព្រំដែនឡាងសឺននៅពេលនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចលនាប្រជាជនក្នុងស្រុកនិងសង្កាត់នានានៅប្រទេសចិន ទៅគាស់រាន ពង្រីកតំបន់ព្រៃភ្នំនេះ ដើម្បីបង្កើតជាតំបន់ផ្សារ Ky Lua ចាប់ពីសតវត្សរ៍ទី១៧”។
នៅពេលនិយាយអំពីប្រាសាទ តាភូ មនុស្សជាច្រើននឹកឃើញភ្លាមៗដល់ពិធីបុណ្យ គីគុង - តាភូ (Ky Cung – Ta Phu) ដែលជាពិធីបុណ្យធំបំផុតនៃខេត្តឡាងសឺន ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែទីមួយតាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ពិធីបុណ្យនេះគឺការតភ្ជាប់រវាងប្រាសាទ គីគុង និង ប្រាសាទ តាភូ តាមរយៈពិធីដង្ហែរគ្រែស្នែងមន្ត្រីធំ Tuan Tranh ទៅកាន់ប្រាសាទ តាភូ ដើម្បីគោរពដល់ឯកឧត្តម Than Cong Tai។ ជាពិសេស ទម្លាប់ "ប្រកួតប្រជែងចាប់ក្បាលផាវ" ត្រូវបានចាត់ទុកថា ជាចំណុចលេចធ្លោនៃពិធីបុណ្យនេះ ដោយសារតែរឿងរ៉ាវដ៏សក្តិសិទ្ធិ និងលក្ខណៈមនុស្សសាស្ត្រនៅក្នុងទម្លាប់នេះ។ លោក Dang Minh Thuan សមាជិកអចិន្ត្រៃយ៍នៃប្រាសាទ តាភូ បានឲ្យដឹងបន្ថែមទៀតថា៖ "ការចាប់ក្បាលផាវ មានអត្ថន័យខាងព្រលឹងវិញ្ញាណ។ នៅពេលដែលនរណាម្នាក់ចាប់បសនក្បាលផាវ ពួកគេមានអារម្មណ៍ថាខ្លួនគេមានភព្វ័សំណាងល្អណាស់។ តាមរឿងព្រេងនិទាន អ្នកណាដែលចាប់បានក្បាលផាវ នឹងមានជីវភាពគ្រួសារដ៏សុខដុមរមនា ការងាររកស៊ីមានបាន និងអាជីវកម្មរីកចម្រើន"។
លោក Ngo Quoc Vinh ជាអ្នកទេសចរម្នាក់មកពីទីក្រុងហាណូយ ដែលបានមកទស្សនាប្រាសាទតាភូ ជាលើកដំបូង បានចែករំលែកថា៖ “ប្រាសាទនេះត្រូវបានសាងសង់ឡើងវិញយ៉ាងស្រស់ស្អាត ដោយមានទ្រង់ទ្រាយធំ ស្ថាបត្យកម្មក្នុងរចនាបថអាស៊ីបូព៌ាដ៏ស្អាតឆើតឆាយណាស់។ ស្ថាបត្យកម្មនៅទីនេះ ប្រើប្រាស់ថ្ម និងឈើជាច្រើន ដែលបង្ហាញឲ្យឃើញថា ប្រាសាទនេះត្រូវបានប្រជាជនបរិច្ឆាគគាំទ្រ ហើយវាសក្តិសិទ្ធិណាស់”។
នៅឆ្នាំ ១៩៩៣ ប្រាសាទ តាភូ និងប្រាសាទ គីគុង ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិ។ នៅឆ្នាំ ២០១៥ ពិធីបុណ្យគីគុង – តាភូ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះមិនត្រឹមតែជាការទទួលស្គាល់ផ្នែកបេតិកភណ្ឌប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតម្លៃនិរន្តរភាពនៃលំហវប្បធម៌មួយ ដែលបានដក់ជាប់យ៉ាងជ្រៅនៅក្នុងជីវភាពសហគមន៍របស់បណ្ដាជនជាតិនៅទីនេះទៀតផង។ ដើម្បីពង្រីកលំហខាងវប្បធម៌វិញ្ញាណ និងទាក់ទាញភ្ញៀវទេសចរឱ្យមកស្វែងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រនៃខេត្តឡាងសឺន អាជ្ញាធរមូលដ្ឋានបាននិងកំពុងអនុវត្តន៍ផែនការជាច្រើន។
លោកស្រី Ho Thi To Uyen អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ky Lua ខេត្តឡាងសឺន បានឲ្យដឹងថា៖ “ទាក់ទងនឹងទេសចរណ៍ខាងព្រលឹងវិញ្ញាណនៅក្នុងសង្កាត់ Ky Lua មានកន្លែងមួយចំនួនត្រូវបានទទួលស្គាល់រួចហើយ នោះគឺវត្ត Bac Nga និងប្រាសាទ Ta Phu។ កេរ្តិ៍ដំណែលទាំងពីរនេះមានភាពល្បីល្បាញរួចទៅហើយ ប៉ុន្តែដើម្បីអភិវឌ្ឍន៍បន្ថែមទៀតនាពេលអនាគត អាជ្ញាធរមូលដ្ឋានបានធ្វើការវិនិយោគមួយចំនួន។ យើងមានទិសដៅអភិវឌ្ឍន៍ថ្មីៗក្នុងរយៈពេលខាងមុខ រួមទាំងការអភិរក្ស ការផ្សព្វផ្សាយអត្តសញ្ញាណ និងការពង្រីកលំហ”។
ក្នុងលំហូរនៃជីវភាពសម័យទំនើប ប្រាសាទ តាភូ ជាការតភ្ជាប់រវាងការចងចាំវប្បធម៌ជាមួយនឹងជីវភាពសព្វថ្ងៃនេះ ហើយក៏ជាកន្លែង ដើម្បីមនុស្សម្នាក់ៗនៅពេលមកដល់ខេត្ត ឡាងសឺន អាចយល់កាន់តែច្បាស់អំពីជម្រៅប្រវត្តិសាស្ត្រនៃទឹកដីដ៏សក្តិសិទ្ធិនៅតំបន់ព្រំដែនរបស់មាតុភូមិផងដែរ៕
