តំបន់នេះ ថែមទាំងរក្សារឿងរ៉ាវប្រវត្តិសាស្ត្រ និងពណ៌ជីវភាពដ៏ពិសេសៗនៃខេត្តឌៀនបៀនទៀតផង។ នៅទីនេះ បងប្អូនបណ្ដាជនជាតិ កំពុងខិតខំរៀនសូត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ ព្រមទាំងរក្សាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ព្រំដែនផងដែរ។

បន្ទាប់ពីធ្វើដំណើរផ្លូវឆ្ងាយដែលបត់ចុះឡើងក្រវិចក្រវៀន បង្គោលទង់ជាតិអាប៉ាចាយ បានលេចចេញនៅក្រោមភ្លៀងរលឹមៗ និងខ្យល់អាកាសត្រជាក់នៅកណ្ដាលព្រៃភ្នំ។ ចែកអាវភ្លៀងស្តើងៗឲ្យក្រុមភ្ញៀវទេសចរមកពីឆ្ងាយ បន្តដំណើរដោយឡើងកាំជណ្តើរថ្មចំនួន ៥១៩ ទៀតដើម្បីទៅដល់បង្គោលទង់ជាតិ។ លេខសេស ១៩ តំណាងឱ្យក្រុមជនជាតិចំនួន ១៩ ដែលរួមរស់គ្នានៅក្នុងខេត្តឌៀនបៀន។ ហើយនៅពេលឈរនៅក្រោមបង្គោលទង់ជាតិ គយគន់ទង់ជាតិក្រហមបក់រវិចៗក្នុងខ្យល់ អារម្មណ៍មោទនភាពបានផុសឡើងនៅក្នុងបេះដូងមនុស្សម្នាក់ៗ។ លោក Tran Minh Truc អ្នកទេសចរម្នាក់មកពីទីក្រុងហូជីមិញ បាននិយាយថា៖

“នេះជាលើកដំបូង ដែលខ្ញុំបានមកទស្សនា អាប៉ាចាយ ហើយខ្ញុំមិនអាចពិពណ៌នាយ៉ាងពេញលេញនូវមោទនភាពរបស់ជនជាតិវៀតណាមម្នាក់ នៅពេលបានមកដល់ប៉ូលខាងលិចប្រទេសជាតិនោះទេ។ ទេសភាពទឹកដីវៀតណាមយើង ជាពិសេសនៅ អាប៉ាចាយ គឺពិតជាស្រស់ស្អាតខ្លាំងណាស់។ ហើយនៅជើងបង្គោលទង់ជាតិ ដែលមានអត្ថន័យដ៏ពិសិដ្ឋនេះ គឺជាប្រទេសជាតិរបស់យើង ហើយយើងត្រូវតែស្នេហាជាតិ និងត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីធ្វើអ្វីៗដ៏ល្អបំផុតសម្រាប់ប្រទេសជាតិយើង”។

ដោយចាប់ផ្តើមការសាងសង់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅឃុំ ស៊ីនថូវ (Sín Thầu) ខេត្តឌៀនបៀន បង្គោលទង់ជាតិ អាប៉ាចាយ ស្ថិតនៅរយៈកម្ពស់ ១៤៥៩ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយមានចម្ងាយជាង ១,៣គីឡូម៉ែត្រពីចំណុចប្រសព្វនៃព្រំដែនវៀតណាម-ឡាវ-ចិន។ មើលពីខាងលើ បរិវេណ ៤០៧ ម៉ែត្រការ៉េនៃសំណង់នេះ ហាក់ដូចជា ផ្កាជើងគោមួយទងកំពុងរីក ដែលជាប្រភេទផ្កាដ៏ពិសេសនៃតំបន់ភាគពាយ័ព្យ។ នៅទីនេះ ទង់ជាតិដែលមានទំហំ ៣៧,៥ម៉ែត្រការ៉េ បក់រវិចៗតាមខ្យល់ ក្នុងនោះ លេខ ៧,៥ ជានិមិត្តរូបនៃទិវាជ័យជម្នះឌៀនបៀនភូ (ថ្ងៃទី​ ៧ ខែឧសភា)។ នៅជើងបង្គោលទង់ជាតិ មានរូបចម្លាក់លៀនចំនួន ៥ ដែលពិពណ៌នារឿងរ៉ាវអំពីប្រភពដើម ព្រមទាំងបង្កើតឡើងវិញយ៉ាងរស់រវើកនូវជីវភាពរស់នៅ សម្រស់វប្បធម៌ ជំនឿ រួមជាមួយនឹងក្បាច់របាំ សំឡេងគែននិងខ្លុយជាប្រពៃណី។ ជាពិសេសគឺរូបចម្លាក់លៀនតូចមួយដែលពិពណ៌នាយ៉ាងឱឡារិក រូបភាពលោកប្រធានហូជីមិញជាមួយជនរួមជាតិតំបន់ភាគពាយ័ព្យ ដែលបង្ហាញពីចំណងសាមគ្គីភាពដ៏រឹងមាំ។ លោកវរសេនីយ៍ត្រី Dinh Quoc Tap នៅប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឌៀនបៀន បានឲ្យដឹងថា៖

“បង្គោលទង់ជាតិអាប៉ាចាយ ត្រូវបានសាងសង់ឡើង ទីមួយដើម្បីអះអាងពីអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិ។ ទីពីរ ដើម្បីអប់រំប្រជាជនវៀតណាមជំនាន់ក្រោយៗ អំពីប្រពៃណីស្នេហាជាតិ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ។ ហើយទីបី គឺដើម្បីអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីនៃតំបន់ភាគពាយ័ព្យនិយាយរួម និងខេត្តឌៀនបៀននិយាយដោយឡែក ព្រមទាំងដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ លើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជននៅតំបន់ព្រំដែននៃឃុំ ស៊ីនថូវ ខេត្តឌៀនបៀន ផងដែរ”។

នៅក្នុងផ្ទះជញ្ជាំងដីប្រពៃណី ដែលមានចម្ងាយជាង ១០ គីឡូម៉ែត្រពីបង្គោលទង់ជាតិអាប៉ាចាយ លោក Chu Khai Phu កំពុងឆ្លៀតពេលណែនាំប្រពន្ធអំពីកិច្ចការផ្ទះ មុនពេលលោកធ្វើដំណើរ ២០ គីឡូម៉ែត្រទៅកន្លែងធ្វើការ។

បួនឆ្នាំមុន ក្នុងឆ្នាំ ២០២២ នៅអាប៉ាចាយ មានកន្លែងស្នាក់នៅតិចតួចប៉ុណ្ណោះ។ លោក Chu Khai Phu និងប្រពន្ធ បានខ្ចីទុន ហើយរៀនសូត្រជាបណ្ដើរៗដើម្បីបើកផ្ទះស្នាក់នៅសម្រាប់ទទួលភ្ញៀវ។ នេះជាកន្លែងឈប់សម្រាកសម្រាប់ភ្ញៀវទេសចរ ព្រមទាំងក៏ជាកន្លែងសម្រាប់ចែករំលែករឿងរ៉ាវ និងលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Ha Nhi នៃទឹកដីនេះផងដែរ៖

“បន្ទាប់ពីស្រាវជ្រាវស្ថានភាព ក្រុមគ្រួសារបានពិភាក្សាហើយឯកភាពគ្នាបើកផ្ទះស្នាក់នៅសម្រាប់ភ្ញៀវទេសចរដែលមកទីនេះ មានកន្លែងសម្រាកនិងទស្សនាបង្គោលទង់ជាតិប៉ូលលិចនៃមាតុភូមិ។ គ្រួសារខ្ញុំផ្តល់កន្លែងស្នាក់នៅសម្រាប់ភ្ញៀវ។ ក្រៅពីនោះ​យើងក៏បម្រើម្ហូបអាហារប្រពៃណីរបស់បណ្ដាជនជាតិនៅទីនេះ​ សម្រាប់ភ្ញៀវទេសចរផងដែរ។”

នៅអាប៉ាចាយ តម្លៃវប្បធម៌របស់ជនជាតិ Ha Nhi ត្រូវបានប្រជាជនឲ្យតម្លៃ និងថែរក្សាជានិច្ច។ នៅឃុំ ស៊ីនថូវ ចលនាវប្បធម៌សិល្បៈ អភិវឌ្ឍន៍យ៉ាងខ្លាំង ដោយភូមិភាគច្រើនមានក្រុមសម្ដែងសិល្បៈផ្ទាល់ខ្លួន។ អ្នកស្រី Lò Só Pứ ជាអ្នកស្រុកម្នាក់ បាននិយាយថា៖

"នៅពេលថ្ងៃបងប្អូននារីទៅធ្វើការ ដល់ពេលយប់ទើបហាត់ច្រៀងរាំជាមួយគ្នា។ ក្រុមវប្បធម៌សិល្បៈក្នុងភូមិ តែងតែជួបប្រាស្រ័យគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ Ha Nhi។ ឬនៅពេលដែលភ្ញៀវមក យើងប្រាស្រ័យជាមួយពួកគេ។ យើងរាំអំពីជីវភាពផលិតកម្មរបស់យើង។ ហើយយើងមានអារម្មណ៍សប្បាយចិត្តណាស់នៅពេលដែលភ្ញៀវទេសចរមក"។

ដំណើរមកដល់តំបន់ប៉ូលខាងលិច មិនត្រឹមតែជាដំណើរមកកាន់តំបន់ព្រំដែនជាតិប៉ុណ្ណោះទេ ថែមទាំងជាដំណើរដើម្បីប៉ះដល់មោទនភាពជាតិទៀតផង។ នៅទីនោះ រឿងរ៉ាវអំពីសេចក្តីស្នេហាជាតិនិងសេចក្តីប្រាថ្នារបស់ប្រជាជនបណ្ដាជនជាតិ នៅតែកំពុងត្រូវបានបន្តសរសេរនៅក្រោមដំបូលផ្ទះនីមួយៗ ដើម្បីធ្វើឲ្យតម្លៃនៃទឹកដីប្រវត្តិសាស្ត្រ ឌៀនបៀន កាន់តែសម្បូរបែប៕