នេះគឺជាតំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong នៅឃុំ Thanh Son ជាកន្លែងដែលធម្មជាតិនិងមនុស្សចុះចម្រុងគ្នា បង្កើតឡើងបទពិសោធន៍ទេសចរណ៍បៃតង ស្និទ្ធស្នាល និងពោរពេញទៅដោយចំណាប់អារម្មណ៍។

ដោយមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុងហាណូយ ហើយស្ថិតយ៉ាងស្ងប់ស្ងាត់នៅក្នុងលំហព្រៃភ្នំនៃឃុំ Thanh Son តំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong នាំមកនូវអារម្មណ៍បំបែកចេញពីភាពអ៊ូអរមមាញឹកនៃតំបន់ទីក្រុង។ ផ្លូវដីតូចៗដែលបត់ខ្វាត់ខ្វែងកាត់តាមជួរដើមឫស្សី សួនបន្លែ និងស្រះត្រី បានបង្កើតជាផ្ទាំងគំនូរជនបទដ៏សាមញ្ញនិងបរិសុទ្ធ។

ដោយលាតសន្ធឹងលើផ្ទៃដីជាង ១០ ហិកតា តំបន់អេកូទេសចរណ៍ Ngoc Dong ត្រូវបានសាងសង់ឡើងតាមគំរូទេសចរណ៍កសិកម្ម ដោយរួមផ្សំជាមួយនឹងការសម្រាកលំហែកាយ ជាមួយនឹងតំបន់ផ្ទះសំណាក់ តំបន់ទេសភាព និងការឆ្លងកាត់បទពិសោធន៍ដោយភ្ជាប់ជាមួយនឹងធម្មជាតិ។

គ្មានសំណង់បេតុងច្រើនលើសលុប គ្មានការបំផ្លិចបំផ្លាញទេសភាពទេ តំបន់អេកូទេសចរណ៍​Ngoc Dong នៅតែរក្សារចនាសម្ព័ន្ធអេកូឡូស៊ីដើម ស្ទើរតែទាំងស្រុង ដែលកំពុងក្លាយជា "ទ្រព្យសម្បត្តិដ៏មានតម្លៃ" នៅក្នុងនិន្នាការទេសចរណ៍បៃតងបច្ចុប្បន្ន។

បរិយាកាសដ៏ស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ រួមជាមួយនឹងបទពិសោធន៍ស្និទ្ធស្នាលគឺជាអ្វីដែលធ្វើឲ្យភ្ញៀវទេសចរបរទេសជាច្រើនស្រឡាញ់គោលដៅនេះ។ លោក Daniel Galloway Green ភ្ញៀវទេសចរមកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានចែករំលែកថា៖

“ដំណើរកម្សាន្តនេះពិតជាអស្ចារ្យណាស់។ យើងបានរកឃើញផ្ទះហូមស្ទេនេះនៅលើផែនទី Google។ នេះគឺជាទីកន្លែងដ៏អស្ចារ្យដើម្បីទៅទស្សនា។ យើងបានមើលមតិវាយតម្លៃ ហើយគិតថា នេះជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែកាយ។ ទីនេះមានបរិយាកាសដ៏សុខសាន្ត និងទេសភាពដ៏ស្រស់បំព្រង”។

នៅផ្ទះហូមស្ទេ ក្នុងតំបន់ទេសចរណ៍អេកូឡូស៊ី ភ្ញៀវទេសចរមិនត្រឹមតែសម្រាកប៉ុណ្ណោះទេ ថែមទាំងរស់នៅជាមួយអ្នកស្រុកទៀតផង។ ពីផ្ទះឈើសាមញ្ញៗ គយគន់ទេសភាពទួលភ្នំតែបៃតងខៀវស្រងាត់ និងចម្ការដើមឈើហូបផ្លែដ៏សម្បូរបែប។

ភាពសាមញ្ញនេះ បានបង្កើតភាពទាក់ទាញពិសេសសម្រាប់ Ngoc Dong ដែលពិបាករកឃើញនៅគោលដៅទេសចរណ៍លំដាប់ខ្ពស់ជាច្រើនផ្សេងទៀត។​ អ្នកស្រី Gina Mably ជាភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ បានធ្វើអត្ថាធិប្បាយថា៖

“យើងបានចំណាយពេលពេញមួយថ្ងៃនៅទីនេះ។ អ្នកស្រុកមានភាពរួសរាយរាក់ទាក់ ហើយយើងបានសាកល្បងស្ទូចត្រីនៅក្នុងបឹង។ ខ្ញុំពិតជាមានអារម្មណ៍ស្រស់ស្រាយណាស់ នៅពេលមកទីនេះ។ មនុស្សនិងធម្មជាតិនៅទីនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាល។ ទីនេះក៏មានខ្យល់អាកាសបរិសុទ្ធនិងមិនប៉ះពាល់ដល់បរិស្ថានទេ”។

មិនត្រឹមតែជាទីកន្លែងសម្រាប់សម្រាកលំហែកាយប៉ុណ្ណោះទេ Ngoc Dongក៏ជាទីកន្លែងដែលភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិ Muong ចាប់ពីម្ហូបអាហារដ៏សម្បូរបែប រហូតដល់ទំនៀមទម្លាប់ក្នុងជីវភាពប្រចាំថ្ងៃទៀតផង។

ម្ហូបអាហារប្រពៃណីដូចជា ត្រីអូរអាំង សាច់ជូរ និងបន្លែព្រៃ… សម្បូរទៅដោយរសជាតិនៃព្រៃភ្នំ Thanh Son ដែលបង្កើតជាបទពិសោធន៍ពេញលេញសម្រាប់ភ្ញៀវទេសចរ។

នៅក្នុងនិន្នាការនៃទេសចរណ៍ឆ្លងកាត់បទពិសោធន៍ រាល់តម្លៃ "ពិតប្រាកដ" បែបនេះ បានក្លាយជាគុណសម្បត្តិដ៏សំខាន់មួយ។ លោក Nguyen Van Thanh ម្ចាស់ភូមិ​អេកូ​ឡូស៊ីសហគមន៍ Ngoc Dong ឃុំ Thanh Son ខេត្ត Phu Tho បាន​ចែករំលែកថា៖

“ខ្ញុំធ្វើទេសចរណ៍អេកូឡូស៊ី ពីព្រោះខ្ញុំមានបំណងចង់រួមចំណែកបន្តិចបន្តួចដល់ការកសាងស្រុកកំណើត។ ខ្ញុំបានជ្រើសរើសទេសចរណ៍ ពីព្រោះវាជាផលិតផលសេដ្ឋកិច្ចប្រកបដោយចីរភាព។ ខ្ញុំបានជ្រើសរើសទេសចរណ៍អេកូឡូស៊ី ដូច្នេះមានដើមឈើបៃតងជាច្រើននៅទីនេះ។ ចំនួនភ្ញៀវទេសចរអន្តរជាតិមកស្នាក់នៅ គឺខ្ពស់ជាងភ្ញៀវទេសចរវៀតណាមច្រើនដង។ ពួកគេមកទីនេះនិងស្នាក់នៅយូរណាស់។ ភ្ញៀវទេសចរបរទេសពិតជាចូលចិត្តកន្លែងនេះ”។

គ្មានភាពអ៊ូអរមមាញឹក គ្មានភាពឆើតឆាយទេ ប៉ុន្តែតំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong បានទាក់ទាញភ្ញៀវទេសចរ ដោយសម្រស់ដ៏បរិសុទ្ធ ភាពស្មោះស្ម័គ្ររបស់ប្រជាជន និងជីវភាពដ៏សុខសាន្តដែលកម្ររកឃើញនៅកន្លែងដទៃទៀត។

ជាមួយនឹងតម្លៃទាំងនេះ Ngoc Dong កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពោរពេញទៅដោយសក្ដានុពលនៅខេត្ត Phu Tho។ នេះគឺជាកន្លែងដែលមនុស្សម្នាក់ៗអាចរកឃើញខ្លួនឯងឡើងវិញនៅក្នុងចំណោមធម្មជាតិ និងរបស់របរដ៏សាមញ្ញបំផុត៕