មានកន្លែងមួយចំនួនដែលមិនត្រូវការអគារច្រើនពេក ឬសេវាកម្មដ៏មមាញឹកទេ ប៉ុន្តែនៅតែអាចទាក់ទាញភ្ញៀវទេសចរដោយសម្រស់ធម្មជាតិដ៏រហោស្ថាន។ វាលស្មៅបៃតងតាសួ ដែលមានទីតាំងនៅឃុំតាសួ ខេត្តសឺនឡា គឺជាទីកន្លែងមួយយ៉ាងដូច្នេះ។ ស្ថិតនៅរយៈកម្ពស់ជិត ១៦០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៅកណ្តាលជួរភ្នំដ៏ធំសម្បើមនៃតំបន់ភាគពាយ័ព្យប្រទេសវៀតណាម វាលស្មៅលាតសន្ធឹងជាមួយនឹងជម្រាលភ្នំខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់បំព្រង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីនេះបានក្លាយជាកន្លែងបង្អង់ដំណើរដែលមនុស្សជាច្រើនពេញនិយមជ្រើសរើស នៅលើដំណើររុករក តាសួ ដែលជាតំបន់ដ៏ល្បីល្បាញជាមួយនឹងសមុទ្រពពក និងខ្សែផ្លូវឡើងភ្នំដ៏ទាក់ទាញ។
ពីមជ្ឈមណ្ឌលឃុំតាសួ ខេត្តសឺនឡា បន្ទាប់ពីធ្វើដំណើរជាង ១០ គីឡូម៉ែត្រតាមបណ្តោយជម្រាលភ្នំ ភ្ញៀវទេសចរនឹងប្រទះឃើញលំហដ៏ធំទូលាយមួយដែលលាតសន្ធឹងនៅកណ្តាលព្រៃភ្នំ។ នេះគឺជាតំបន់វាលស្មៅបៃតងនៅតំបន់ភ្នំភាគពាយ័ព្យ។
នៅពេលវេលាផ្សេងៗគ្នាជារៀងរាល់ថ្ងៃ វាលស្មៅនេះមានសម្រស់ពិសេសដោយឡែកមួយ។ នៅពេលព្រឹក ពពកអណ្តែតយឺតៗលើចង្កេះភ្នំ គម្រប់លើវាលស្មៅដោយស្រទាប់អ័ព្ទស្តើងៗ។ នៅពេលអរុណរះ ទេសភាពទាំងមូលត្រូវបានបំភ្លឺឡើងជាមួយនឹងពណ៌បៃតងនៃព្រៃភ្នំ។ នៅពេលអស្តង្គត់ ពន្លឺព្រះអាទិត្យពណ៌លឿងបានគ្របដណ្ដប់លើវាលស្មៅ បង្កើតជាទេសភាពដ៏ស្ងប់ស្ងាត់ដែលធ្វើឱ្យមនុស្សជាច្រើនចង់តែអង្គុយនិងគយគន់ធម្មជាតិក្នុងរយៈពេលយូរប៉ុណ្ណោះ។
សម្រស់ដ៏សាមញ្ញនោះ បានធ្វើឱ្យវាលស្មៅបៃតងក្លាយជាគោលដៅដែលយុវជន គ្រួសារ និងអ្នកស្រឡាញ់ធម្មជាតិជាច្រើនពេញនិយមមករក។ អ្នកស្រី ផាម យាវឡិញ អ្នកទេសចរមកពីទីក្រុងហាណូយ បានចែករំលែកថា៖
"មកដល់វាលស្មៅបៃតង ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំបានមកដល់ប្រទេសមួយក្នុងតំបន់ភ្នំហិម៉ាឡៃយ៉ាអញ្ចឹង។ ទេសភាពព្រៃភ្នំខៀវស្រងាត់បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមកដល់ តាសួ។ វាមានអារម្មណ៍ដូចជាខ្ញុំកំពុងធ្វើដំណើរកំសាន្តនៅក្នុងប្រទេសផ្សេងទៀតអញ្ចឹង"។
មិនត្រឹមតែជាគោលដៅសម្រាប់ការទស្សនាប៉ុណ្ណោះទេ វាលស្មៅថែមទាំងផ្តល់នូវអារម្មណ៍ស្រស់ស្រាយដែលគោលដៅទេសចរណ៍ភាគច្រើនផ្សេងទៀតមិនអាចប្រៀបផ្ទឹមបានទៀតផង។ គ្មានសំឡេងចរាចរណ៍ គ្មានផ្សែងធូលីទេ មានតែសំឡេងខ្យល់បក់ សំឡេងសត្វស្លាប និងក្លិនស្មៅភ្នំប៉ុណ្ណោះ។
អ្នកទេសចរជាច្រើនជ្រើសរើសអង្គុយនៅលើវាលស្មៅ រីករាយជាមួយកាហ្វេក្តៅមួយពែង គយគន់សមុទ្រពពក ឬគ្រាន់តែជជែកជាមួយមិត្តភក្តិនៅកណ្ដាលធម្មជាតិ។ អ្នកស្រី វូ ហុងភឿង អ្នកទេសចរមកពីសង្កាត់ ងៀឡូ ខេត្តឡាវកាយ បាននិយាយថា៖
"ពេលដែលខ្ញុំមកដល់វាលស្មៅតាសួ ខ្ញុំបានឃើញថាខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ស្រួលម៉ែនទេន។ ការរៀបចំនៅទីនេះក៏ស្អាតដែរ។ មានទេសភាពជាច្រើនដើម្បីថតរូប។ ក្រៅពីនេះ ភេសជ្ជៈនៅទីនេះក៏មានរសជាតិឆ្ងាញ់ដែរ"។
យោងតាមអាជ្ញាធរមូលដ្ឋាន វាលស្មៅបៃតងគឺជាគោលដៅមួយក្នុងចំណោមគោលដៅដែលរួមចំណែកដល់ការពង្រីកផលិតផលទេសចរណ៍របស់ឃុំតាសួ។ ទិសដៅរបស់មូលដ្ឋានគឺការអភិវឌ្ឍទេសចរណ៍ ដោយដើរទន្ទឹមគ្នាជាមួយនឹងការអភិរក្សទេសភាពធម្មជាតិ ការការពារបរិស្ថាន និងការអភិវឌ្ឍសកម្មភាពទទួលយកបទពិសោធន៍ដែលសមស្របទៅនឹងលក្ខខណ្ឌនៃតំបន់ភ្នំ។លោក ដូ វ៉ាន់សៀម ប្រធានឃុំតាសួ ខេត្តសឺនឡា បានឲ្យដឹងថា៖
"ជាមួយនឹងសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់ យើងមទន្ទឹងរង់ចាំវិនិយោគិន ក៏ដូចជាអ្នកទេសចរក្នុងស្រុក និងបរទេស នឹងមកកាន់តាសួ - ជាទឹកដីដ៏គួរឲ្យចង់រស់នៅ ដោយមានសក្តានុពល និងប្រៀបខ្លាំងជាច្រើនទាក់ទងនឹងធម្មជាតិ អត្តសញ្ញាណវប្បធម៌ និងមនុស្ស។ សូមអញ្ជើញមកកាន់ តាសួ ធ្វើដំណើរទៅតាសួ វិនិយោគនៅតាសួ និងអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់មូលដ្ឋាន"។
តាសួ ត្រូវបានគេស្គាល់ជាយូរមកហើយសម្រាប់សមុទ្រពពក ផ្លូវឡើងភ្នំ និងសម្រស់ដ៏អស្ចារ្យនៃព្រៃភ្នំភាគពាយ័ព្យ។ បច្ចុប្បន្ននេះ វាលស្មៅបៃតងបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ នៅពេលមករុករកទឹកដីនេះ។ នៅទីនេះ មនុស្សគ្រប់គ្នាអាចស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីគយគន់ពពក ស្រូបខ្យល់អាកាសបរិសុទ្ធ ថតរូបជាមួយមិត្តភក្តិ និងបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃដំណើរកម្សាន្តនៅកណ្ដាលព្រៃឈើដ៏ធំល្វឹងល្វើយភាគពាយ័ព្យវៀតណាម។ ប្រហែលជានេះជាអ្វីដែលធ្វើឱ្យវាលស្មៅបៃតងតាសួ ក្លាយជាគោលដៅដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរជាច្រើនបន្ទាប់ពីដំណើរកម្សាន្តនីមួយៗនៅប្រទេសវៀតណាម៕
