លោកគ្រូឆ្នើម ង្វៀន ហ៊ុយ យៀម បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយធម៌ព្រះពុទ្ធសាសនាហ័រហាវ។ លោកដើរតួនាទីយ៉ាងសំខាន់នៅក្នុងគណៈកម្មាធិការផ្សព្វផ្សាយធម៏នៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាហ័រហាវ ដែលទទួលខុសត្រូវក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការរៀបចំវគ្គសិក្សាបង្រៀនធម៏មូលដ្ឋានសម្រាប់គ្រូបង្រៀន និងអ្នកគ្រប់គ្រង។ លោកគ្រូ ង្វៀន ហ៊ុយ យៀម បានចែករំលែកថា៖ “ព្រះធម៌នៃព្រះពុទ្ធសាសនាហ័រហាវ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងខេត្តជាច្រើននៃតំបន់ដីសណ្ដទន្លេគីវឡុង ទីក្រុង ហូជីមិញ និងខេត្តភាគកណ្តាលមួយចំនួន។ ក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាហ័រហាវ បានអភិវឌ្ឍកម្លាំងផ្ទៃក្នុងរបស់ខ្លួនស្របតាមមាគ៌ានៃព្រះធម៌សម្រាប់ប្រទេសជាតិ ដោយលើកកម្ពស់សកម្មភាពសប្បុរសធម៌សង្គមដើម្បីនាំមកនូវសុខុមាលភាពដល់សង្គម និងរៃអង្គាសប្រាក់រាប់ពាន់ពាន់លានដុង។ សមាគមព្រះពុទ្ធសាសនាហ័រហាវ បន្តផ្សព្វផ្សាយព្រះធម៏ លើកកម្ពស់តម្លៃសីលធម៌ និងលក្ខណៈប្រណិតផូរផងនៃវប្បធម៌របស់ប្រទេសជាតិ បង្កើនការយល់ដឹង សតិអារម្មណ៍និងអាកប្បកិរិយា តាមនោះពង្រឹងជំនឿរបស់សហគមន៍ទាំងមូល និងអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ របស់ព្រះធម៌ និងរបស់ប្រជាជាតិ"។
លោកគ្រូដ៏ឆ្នើម ង្វៀន ហ៊ុយ យៀម មានអាយុ ៧៧ ឆ្នាំនៅឆ្នាំនេះ ដោយលោកបានកើតនៅឆ្នាំ ១៩៤៩ នៅឃុំ ភូ ទិន ខេត្តអានយ៉ាង។ លោកគឺជាអ្នកមានគុណូបការៈម្នាក់ក្នុងការស្នើ និងបង្កើតសាលាពុទ្ធិកមធ្យមសិក្សាហ័រហាវ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់អ្នករៀនព្រះធម៍ពុទ្ធសាសនាហ័រហាវ។ បច្ចុប្បន្ននេះគឺជាសាលាតែមួយគត់របស់មជ្ឈិមសមាគមព្រះពុទ្ធសាសនាហ័រហាវ ដែលមានទីតាំងនៅវត្តអានហ័រទឺ ឃុំភូ ទិន ខេត្តអានយ៉ាង។ ទោះបីជាលោកចូលនិវត្តន៍ក៏ដោយ ប៉ុន្តែដោយសារតែកិត្យានុភាពរបស់ខ្លួនលោកង្វៀនហ៊ុយយៀមនៅតែត្រូវបានក្រុមប្រឹក្សាភិបាល មជ្ឈិមសមាគមព្រះពុទ្ធសាសនា ហ័រហាវ តែងតាំងជាប្រធានគណៈកម្មាធិការសាងសង់សាលាពុទ្ធិកមធ្យមសិក្សាហ័រហាវ ជានាយកសាលា និងជាអ្នកតំណាងសាលា។ លោកគ្រូ ង្វៀន ហ៊ុយ យៀម បានឲ្យដឹងថា៖ “សាលាពុទ្ធិកមធ្យមសិក្សាហ័រហាវ គឺជាមូលដ្ឋានមួយដែលគ្រប់គ្រងដោយក្រុមប្រឹក្សាភិ បាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាហ័រហាវ ដែលត្រូវបានអនុញ្ញាតដោយនាយករដ្ឋមន្ត្រី។ កម្មវិធីសិក្សារបស់សាលាត្រូវបានអនុម័ត និងរួមបញ្ចូលមុខវិជ្ជាចំនួន ២៦ដែលក្នុងនោះមុខវិជ្ជាចំនួន ១៦ ជាការសិក្សាផ្ទៃក្នុងលើគោលលទ្ធិរបស់ស្ថាបនិកពុទ្ធសាសនាហ័រហាវ និងមុខវិជ្ជា ១០ ទៀតដែលនៅសល់ ជាការសិក្សាខាងក្រៅ ដូចជា៖ ភាសាបរទេស វិទ្យាសាស្ត្រកុំព្យូទ័រ ទស្សនវិជ្ជា ចិត្តវិទ្យា ការសិក្សាសាសនា...។ សិក្ខាកាមនឹងក្លាយជាគ្រូបង្រៀនសាសនា ផ្សព្វផ្សាយធម៍ទូទាំងប្រទេស។ អ្នកដែលទទួលបានលទ្ធផលសិក្សាល្អ ឬល្អឆ្នើមនឹងត្រូវបានបន្តនៅសាលា។ យើងសង្ឃឹមថា នៅពេលដែលសាលាបើកកម្មវិធីសិក្សាពីចម្ងាយ ចំនួនសិស្សនឹងកើនឡើងជាក់ជាពុំខាន”។
ព្រះពុទ្ធសាសនាហ័រហាវត្រូវបានបង្កើតឡើងដោយលោក ហ៊ុញ ភូសូ ក្នុងឆ្នាំ ១៩៣៩ នៅភូមិហ័រហាវ ស្រុកតឹនចូវ ខេត្តចូវដុក (ចាស់) ដែលឥឡូវជាឃុំភូ ទិនន ខេត្តអានយ៉ាង។ ព្រះពុទ្ធសាសនាហ័រហាវយកក្តាញ្ញូធម៌ ភក្ដីភាព និងស្នេហាជាតិជាគោលការណ៍ស្នូលរបស់ខ្លួន ហើយគាំទ្រការអនុវត្តព្រះពុទ្ធសាសនានៅផ្ទះ។ សាសនាហ័រហាវគឺផ្អែកលើព្រះពុទ្ធសាសនា រួមផ្សំជាមួយនឹងខគម្ពីរព្យាករណ៍ដែលចងក្រងដោយលោក ហ៊ុញ ភូសូ។ ដោយកាន់សាសនានេះនិងផ្សារភ្ជាប់ជាមួយសាសនាច្រើនឆ្នាំមក លោកគ្រូ ង្វៀន ហ៊ុយ យៀម តែងតែលះបង់ខ្លួនឯងយ៉ាងអស់ពីចិត្តចំពោះសាសនា។ លោកគ្រូបង្រៀន ប៊ូយ ថាញ់ ឡឹមអនុប្រធានសាលាពុទ្ធិកមធ្យមសិក្សាហ័រហាវ និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលានេះបានឲ្យដឹងថា៖ "លោកគ្រូ ង្វៀន ហ៊ុយ យៀម តែងតែលះបង់អស់ពីចិត្តចំពោះការអភិវឌ្ឍរបស់ព្រះពុទ្ធសាសនាហ័រហាវ។ លោកគឺជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អ ទទួលបានការទុកចិត្ត និងគាំទ្រពីអ្នកកាន់សាសនាជាច្រើន។ ដោយសារតែការតាំងចិត្ត និងការលះបង់អស់ពីចិត្តចំពោះសាសនា ទើបលោកបានជំនះពុះពារលើដំណាក់កាលលំបាកៗ និងសម្រេចបាននូវលទ្ធផលនៃការសាងសង់សាលាពុទ្ធសាសនាកម្រិតមធ្យមហ័រហាវ និងរៀបចំវគ្គសិក្សាដំបូង ដែលបានចាប់ផ្តើមនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥"។
ក្នុងនាមជានាយកសាលាពុទ្ធិកមធ្យមសិក្សាហ័រហាវ លោកគ្រូបង្រៀន ង្វៀន ហ៊ុយ យៀម បានរួមចំណែកក្នុងការបង្កើតសាលា សាងសង់កន្លែងធំទូលាយ និងបណ្តុះបណ្តាលក្រុមអ្នកបង្រៀនសាសនា និងកម្មាភិបាលស្នូលសម្រាប់សមាគមព្រះពុទ្ធសាសនា ហ័រហាវ។ សម្រាប់ពុទ្ធសាសនាហ័រហាវ លោកគ្រូបង្រៀនដ៏ឆ្នើម ង្វៀន ហ៊ុយ យៀម គឺជាមនុស្សម្នាក់ដែលបម្រើព្រះពុទ្ធសាសនាហ័រហាវ យ៉ាងអស់ពីចិត្ត៕
