ប្រសិនបើមុននេះ​ ខណៈពេលដែលឧស្សាហកម្មការពារជាតិផ្តោតសំខាន់លើការជួសជុល ការកែលម្អ និងការផលិតឧបករណ៍មូលដ្ឋាន ប៉ុន្តែឥឡូវនេះ តម្រូវការការពារជាតិនៅក្នុងបរិបទថ្មីបានដាក់តម្រូវការខុសគ្នាទាំងស្រុង។ សង្គ្រាមបច្ចេកវិទ្យាខ្ពស់ សន្តិសុខតាមអ៊ីនធឺណិត សង្គ្រាមអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូររបៀបការការពារជាតិរបស់ប្រទេសជាច្រើន។ នៅក្នុងបរិបទនេះ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានក្លាយជាគន្លឹះសម្រាប់ឧស្សាហកម្មការពារជាតិវៀតណាម លើកកំពស់ការពឹងផ្អែកលើខ្លួនឯង និងធ្វើទំនើបកម្មជាបណ្តើរៗ។

នៅតាមសហគ្រាសការពារជាតិជាច្រើន ដូចជារោងចក្រ Z១១៩ ជាអង្គភាពមួយដែលមានជំនាញក្នុងការផលិតផលិតផលការពារជាតិដូចជា៖ កាំភ្លើងត្បាល់ គ្រាប់កាំភ្លើងត្បាល់ដែលបិទសំឡេង អាវក្រោះការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាពការពារគ្រាប់កាំភ្លើង… ហើយខ្សែសង្វាក់ផលិតកម្មឆ្លាតវៃកំពុងជំនួសវិធីសាស្រ្តប្រតិបត្តិការដោយដៃជាបណ្តើរៗ។ លោកវរសេនីយ៍ឯក Trinh Hoang Thiep នាយករោងចក្រ Z១១៧ នៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ស្ទើរតែស្វ័យប្រវត្តិទាំងស្រុង។ ពីមុននេះ ម៉ាស៊ីននីមួយៗ ត្រូវការមនុស្សពីរនាក់ ប៉ុន្តែឥឡូវនេះ តួនាទីរបស់ពលករគឺគ្រាន់តែដោះស្រាយលើឧបករណ៍និងត្រួតពិនិត្យគុណភាពដើម្បីមានផលិតផលិតផលល្អបំផុត”។

មិនត្រឹមតែវិនិយោគលើឧបករណ៍ទំនើបៗ និងខ្សែសង្វាក់ផលិតកម្មឆ្លាតវៃ អាជីវកម្មជាច្រើនក៏កំពុងផ្តោតលើការស្រាវជ្រាវ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូលក្នុងវិស័យអេឡិចត្រូនិចយោធា រ៉ាដា ទូរគមនាគមន៍ សន្តិសុខតាមអ៊ីនធឺណិត និងយានអវកាសគ្មានមនុស្សបើក (UAV)។ ជាពិសេស បច្ចេកវិទ្យាទាំងនេះជាច្រើនមានការប្រើប្រាស់ពីរយ៉ាងខ្ពស់ ដែលបម្រើទាំងការពារជាតិ និងមានលទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចស៊ីវិល។ លោកអនុសេនីយ៍ឯក ង្វៀន វ៉ាន់ សៅ នៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍នៃរោងចក្រ Z១១៣ នៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ ដែលជាអង្គភាពដែលបានស្រាវជ្រាវ និងអភិវឌ្ឍផលិតផល UAV (យានអវកាសគ្មានមនុស្សបើក) ដោយរួមបញ្ចូលកម្មវិធីក្នុងការស្វែងរក និងជួយសង្គ្រោះ បានចែករំលែកថា៖ “ដើម្បីធ្វើជាម្ចាស់ និងផលិតចេញផលិតផលបច្ចេកវិទ្យាខ្ពស់ យើងមិនត្រឹមតែរៀនសូត្រ និងកែលម្អចំណេះដឹងរបស់យើងដោយសកម្ម និងឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមដានយ៉ាងដិតដល់ នូវនិន្នាការសកលក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធាផងដែរ។ នៅពេលដែលប្រទេសជឿនលឿនបង្កើតផលិតផលថ្មី យើងក៏ធ្វើការស្រាវជ្រាវដើម្បីស្វែងរកវិធីដើម្បីផលិតចេញផលិតផលដែលមានលក្ខណៈស្រដៀងគ្នា និងគុណភាពស្មើរទៅនឹងប្រទេសជឿនលឿនផងដែរ”។

និន្នាការប្រើប្រាស់ពីរយ៉ាងនេះកំពុងបើកចេញទិសដៅថ្មីមួយសម្រាប់ឧស្សាហកម្មការពារជាតិវៀតណាម។ យើងអាចមើលឃើញថា ការធ្វើទំនើបកម្មឧស្សាហកម្មការពារជាតិនាពេលបច្ចុប្បន្ននេះមិនមែនគ្រាន់តែជាការវិនិយោគលើគ្រឿងចក្របន្ថែម ឬការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មនោះទេ។ ចំណុចស្នូលគឺស្ថិតនៅក្នុងសមត្ថភាពក្នុងការគ្រប់គ្រងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមទាំងសមត្ថភាពច្នៃប្រឌិតរបស់ហ្វាម ផាំ ទួន ហាយ នាយកវិទ្យាស្ថានបច្ចេកវិទ្យា នៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានឲ្យដឹងថា៖ “យើងតែងតែក្តាប់ជាប់និន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យាសកល ក៏ដូចជាឧបករណ៍របស់ក្រសួងការពារជាតិសម្រាប់កងទ័ពប្រជាជនវៀតណាម។ យើងបានប្រមូលផ្តុំបញ្ញាសមូហភាពរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងអ្នកវិទ្យាសាស្ត្រ ដើម្បីកំណត់យុទ្ធសាស្ត្ររួម និងរយៈពេលវែង ក្នុងនោះមានការស្រាវជ្រាវជាមូលដ្ឋាន និងការអនុវត្ត។ យើងបានបង្កើតក្រុមស្រាវជ្រាវនិងក្រុមជំនាញ ចាប់ពីគម្រោងបណ្តុះបច្ចេកវិទ្យាដែលរួមចំណែកដោយបុគ្គលនិងក្រុម ដើម្បីរួមចំណែករជាមួយវិទ្យាស្ថានក្នុងការរចនា និងផលិតផលិតផល អាវុធ និងឧបករណ៍យោធា..”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផលិតផលការពារជាតិ "ផលិតនៅវៀតណាម" ជាច្រើនត្រូវបានស្រាវជ្រាវ ផលិត និងជាម្ចាស់បច្ចេកវិទ្យា។ ប៉ុន្តែ ផ្លូវឆ្ពោះទៅរកការធ្វើទំនើបកម្មតាមរយៈបច្ចេកវិទ្យាក៏បង្ហាញពីបញ្ហាប្រឈមជាច្រើន។ វៀតណាមនៅតែពឹងផ្អែកលើការនាំចូលបច្ចេកវិទ្យាជាមូលដ្ឋានមួយចំនួន; កង្វះខាតធនធានមនុស្សបច្ចេកវិទ្យាខ្ពស់; ខណៈពេលដែលល្បឿននៃការអភិវឌ្ឍបច្ចេកវិទ្យាយោធានៅលើពិភពលោកគឺលឿនណាស់។ ប្រការនេះតម្រូវឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសហគ្រាសការពារជាតិ ជាមួយវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាស៊ីវិល។ ពីព្រោះនៅក្នុងយុគសម័យឌីជីថល កម្លាំងការពារជាតិមិនត្រឹមតែត្រូវបានវាស់វែងដោយឧបករណ៍ទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសមត្ថភាពរបស់ប្រទេសជាតិសម្រាប់ការច្នៃប្រឌិត និងជំនាញបច្ចេកវិទ្យាផងដែរ។ ដូចដែលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង បានសង្កត់ធ្ងន់ក្នុងអំឡុងពេលជួបជាមួយអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ៖ “ធ្វើយ៉ាងម៉េចដើម្បីឲ្យឧស្សាហកម្មការពារជាតិទំនើបដឹកនាំឧស្សាហកម្មជាតិ ហើយនេះគឺជាការទទួលខុសត្រូវ និងជាកាតព្វកិច្ចផង។ ដើម្បីសម្រេចបាននូវទំនើបកម្ម យើងត្រូវការមនុស្សដែលមានការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងហ្មត់ចត់; មានការយល់ដឹងអំពីឧស្សាហកម្មការពារជាតិឱ្យបានពេញលេញបំផុត”។

ចាប់ពីខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិរហូតដល់ផលិតផលបច្ចេកវិទ្យាខ្ពស់ "ផលិតនៅវៀតណាម" ឧស្សាហកម្មការពារជាតិវៀតណាមកំពុងបង្ហាញពីការផ្លាស់ប្តូរថ្មីមួយ ដែលបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបំណងប្រាថ្នាសម្រាប់ការពឹងផ្អែកលើខ្លួនឯង។ នេះមិនត្រឹមតែជាតម្រូវការសម្រាប់ភារកិច្ចការពារមាតុភូមិនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់សមត្ថភាពឧស្សាហកម្មជាតិនាពេលអនាគតផងដែរ៕