ខ្សែសង្វាក់ផលិតម៉ែត្រអេឡិចត្រូនិចត្រូវ។ រូបថត៖ Ngoc Ha/TTXVN |
រហូតមកដល់បច្ចុប្បន្ន វៀតណាមមានសហគ្រាសប្រមាណ ៥០ ដែលផ្តល់សេវាកម្មរចនា IC ដែលភាគច្រើនជាសហគ្រាស FDI (ទុនវិនិយោគផ្ទាល់ពីបរទេស) ក្នុងឧស្សាហកម្ម IC semiconductor មកពីបណ្តាប្រទេស និងតំបន់អភិវឌ្ឍន៍ដូចជា៖ អាមេរិក កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ (ចិន) ហូឡង់... ជាមួយនឹងកម្លាំងពលករជាវិស្វករប្រហែលជិត ៥.០០០នាក់។ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏បានចាប់ផ្តើមចូលទីផ្សារផងដែរ ដូចជា Viettel, FPT, VNChip ជាដើម។ តាមគម្រោង ក្នុងឆ្នាំនេះ ឧស្សាហកម្ម semiconductor របស់វៀតណាមនឹងលើសពីតម្លៃ ៦,៦ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ដើម្បីចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅក្នុងគ្រប់ដំណាក់កាលនៃឧស្សាហកម្ម semiconductor អាជីវកម្មវៀតណាមខ្លួនឯង ក្រៅពីការឧបត្ថម្ភរបស់រដ្ឋាភិបាល ក៏កំពុងបង្កើតធនធានមនុស្សជាបន្ទាន់ ដើម្បីចៀសវាងការខកខានឱកាសក្នុងវិស័យនេះ។ ជាពិសេស សាលារៀននិងអាជីវកម្មសម្របសម្រួលយ៉ាងសកម្មដើម្បីឱ្យមានក្រុមវិស្វករដែលមានសមត្ថភាពខ្ពស់។ លោក Tran Trung Tinh ប្រធានសាកលវិទ្យាល័យ Can Tho បានចែករំលែកថា៖ “យើងត្រៀមខ្លួនរួចជាស្រេចក្នុងការអញ្ជើញធុរកិច្ចមកសាលារបស់យើង ដើម្បីបណ្តុះបណ្តាលវគ្គដែលអាជីវកម្មចង់បាននិងត្រូវការផង។ សិស្សានុសិស្សត្រូវសិក្សាទាំងកម្មវិធីរបស់សាលាផង និងកម្មវិធីអាជីវកម្មក្នុងពេលតែមួយផង ហើយពេលពួកគេបញ្ចប់ការសិក្សា ពួកគេអាចទទួលបានការងារភ្លាមៗ”។
លោក Tran Trung Tinh ប្រធានសាកលវិទ្យាល័យ Can Tho។ |
មជ្ឈមណ្ឌលជាតិនវានុវត្តន៍ (NIC) ចំណុះក្រសួងផែនការនិងវិនិយោគ ក៏រៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំ ជាមធ្យមក្នុងមួយឆ្នាំៗ បណ្តុះបណ្តាលវិស្វករប្រហែល ៥០០-៦០០ នាក់ក្នុងវិស័យមីក្រូឈីប បន្ទះឈីប semiconductor និងផ្តល់អាហារូបករណ៍ដល់និស្សិត និងវិស្វករដែលមានទេពកោសល្យ។ កម្មវិធីទាំងនេះត្រូវបានអង្គភាពអាជីវកម្មវាយតម្លៃខ្ពស់ ដោយមិនត្រឹមតែកត់សម្គាល់ការខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការរចនាមីក្រូឈីបប៉ុណ្ណោះទេ ថែមទាំងជាជំហានដ៏សំខាន់ក្នុងដំណើរនៃការធ្វើជាម្ចាស់នៃបច្ចេកវិទ្យាបន្តិចម្តងៗ សម្រាប់ប្រជាជនវៀតណាមក្នុងឧស្សាហកម្មនេះ។ លោក Trinh Khac Hue អគ្គនាយកក្រុមហ៊ុន Qorvo Vietnam បានអះអាងថា៖ “កម្មវិធីបណ្តុះបណ្តាលគឺច្បាមជាប់នឹងតម្រូវការជាក់ស្តែងរបស់អង្គភាពអាជីវកម្ម។ ពីទីនោះ បន្ទាប់ពីដំណើរការបណ្តុះបណ្តាល វិស្វករអាចចូលរួមក្នុងឧស្សាហកម្ម semiconductor ក្នុងប្រទេសបានភ្លាមៗ”។
ដើម្បីមានកម្លាំងពលកម្មដែលមានគុណភាពខ្ពស់សម្រាប់បំពេញតម្រូវការរបស់សាជីវកម្មបច្ចេកវិទ្យា ឈានមុខគេរបស់ពិភពលោក ក៏ដូចជាកសាងឧស្សាហកម្ម semiconductor ក្នុងប្រទេស វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយប្តេជ្ញាថា នឹងខិតខំដើរឆ្ពោះទៅមុខឆ្ងាយក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ ជាពិសេស ឧស្សាហកម្ម semiconductor និងសិប្បនិម្មិត អាចដំណើរការជាមួយគ្នាដោយបង្កើតខ្សែសង្វាក់តម្លៃរឹងមាំ។ បណ្ឌិត Tran The Son សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវៀតណាម-កូរ៉េខាងត្បូងបានឲ្យដឹងថា៖ “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបណ្តុះបណ្តាលមានសារៈសំខាន់ណាស់។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងអាចទទួលបានបច្ចេកវិទ្យា និងអ្នកជំនាញឈានមុខគេក្នុងវិស័យនេះ។ ក្រៅពីលើគោលនយោបាយរបស់រដ្ឋាភិបាលនិងអាជ្ញាធរតំបន់ យើងក៏អាចផ្តល់ជំនួយជាថ្លៃសិក្សាឬបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សានុសិស្សក្នុងការសិក្សាលើឧស្សាហកម្មនេះ”។
យោងតាមអ្នកជំនាញជាច្រើន ប្រជាជនវៀតណាមមានគុណសម្បត្តិយ៉ាងធំធេងលើធនធានមនុស្ស ដោយមានទេពកោសល្យផ្នែកគណិតវិទ្យា វិស្វកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STEAM)។ ទាំងនេះគឺជាកត្តាមូលដ្ឋានក្នុងការផលិតនិងការរចនាបន្ទះឈីប semiconductor។
វៀតណាមបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យរចនា និងផលិតផ្នែករឹងមីក្រូឈីប បណ្ដុះបណ្ដាលអង្គភាពអាជីវកម្មលើវិស័យមីក្រូឈីបអេឡិចត្រូនិច ដោយសម្រេចបាននូវគោលដៅថា ដល់ឆ្នាំ ២០៥០ វៀតណាមនឹងមានក្រុមធនធានមនុស្សខ្លាំងចូលរួមខ្សែសង្វាក់តម្លៃឧស្សាហកម្ម semiconductor សកលជាពុំខាន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

