ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដំណើររបស់វៀតតែលទៅកាន់ទីផ្សារពិភពលោកដោយផ្សាភ្ជាប់ទៅនឹងទីផ្សារដែលត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមសម្រាប់វិនិយោគិនទូរគមនាគមន៍អន្តរជាតិ។ លោក Hoang Anh Xuan អតីតអគ្គនាយកក្រុមហ៊ុន វៀតតែលគ្រុប បានចែករំលែកថា៖ “យុទ្ធសាស្ត្ររបស់វៀតតែល នៅពេលនោះ គឺស្ថិតនៅក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ធំជាងគេទាំង ១០ នៅលើពិភពលោក។ ដូច្នេះ ប្រសិនបើយើងមិនបានវិនិយោគនៅបរទេសនោះទេ គោលដៅនេះនឹងមិនត្រូវបានសម្រេចឡើយ។ ប្រសិនបើ វៀតតែល នៅតែស្ថិតនៅក្នុងទីផ្សារវៀតណាម ពោលគឺ វៀតតែលមិនអាចស្ថិតក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ធំជាងគេទាំង ១០ នៅលើពិភពលោកបានឡើយ”។
នៅប្រទេសកម្ពុជា ដែលជាទីផ្សារក្រៅប្រទេសដំបូងគេរបស់ វៀតតែល ដែលមានម៉ាក Metfone គឺជាប្រតិបត្តិករបណ្តាញដែលមានអាជ្ញាប័ណ្ណទី ៨ ដែលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង។ វៀតតែល បានបង្កើតបណ្តាញគ្របដណ្តប់តំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុតយ៉ាងឆាប់រហ័ស រួមចំណែកដល់ការធ្វើឱ្យសេវាទូរគមនាគមន៍ និងអ៊ីនធឺណិតមានប្រជាប្រិយភាព សូម្បីតែនៅតំបន់ជនបទ និងព្រំដែនក៏ដោយ។ សព្វថ្ងៃនេះ Metfone មិនត្រឹមតែជាប្រតិបត្តិករបណ្តាញធំជាងគេនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ថវិកាជាតិនិងកម្មវិធីសង្គមនៅកម្ពុជាទៀតផង។
ស្រដៀងគ្នានេះដែរ នៅប្រទេសហៃទី វៀតតែល បានចាប់ផ្តើមដំណើរការក្នុងបរិបទពិសេសមួយ បន្ទាប់ពីប្រទេសការ៉ាប៊ីនទើបតែជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏សាហាវមួយក្នុងឆ្នាំ ២០១០ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាគច្រើនរបស់ខ្លួន។ នៅពេលនោះ វៀតតែល គ្រាន់តែប្តេជ្ញាចិត្តវិនិយោគតែប៉ុណ្ណោះ ហើយមិនទាន់បានសាងសង់បណ្តាញនៅឡើយទេ ប៉ុន្តែបន្ទាប់ពីគ្រោះមហន្តរាយ វៀតតែលនៅតែ សម្រេចចិត្តរក្សាការសន្យារបស់ខ្លួន ដោយបញ្ជូនវិស្វករទៅកាន់ប្រទេសហៃទី និងចាប់ផ្តើមសាងសង់ប្រព័ន្ធទូរគមនាគមន៍ស្ទើរតែពីលេខសូន្យ។ ឥឡូវនេះប្រទេសហៃទីមានហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកធំជាងគេនៅក្នុងតំបន់ការ៉ាប៊ីន។ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អតីតប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនវៀត តែលគ្រប់ បានថ្លែងថា៖ “ក្រុមហ៊ុន វៀតតែល ចេញទៅក្រៅប្រទេសដោយមិនបំពាក់ម៉ាកយីហោ វៀតតែលទេ ប៉ុន្តែប្រើប្រាស់ម៉ាកយីហោរបស់ប្រទេសដែលខ្លួនធ្វើប្រតិបត្តិការ។ ខណៈពេលដែល អាជីវកម្មផ្សេងទៀតវិនិយោគនៅបរទេសសុទ្ធតែបំពាក់ម៉ាកយីហោកាន់តាមខ្លួន ប៉ុន្តែក្រុមហ៊ុន វៀតតែលមិនដូចគ្នាទេ… ។ ឧទាហរណ៍ នៅពេលវិនិយោគនៅកម្ពុជា ក្រុមហ៊ុន វៀតតែល បានបង្កើតម៉ាកយីហោនៃប្រទេសម្ចាស់ផ្ទះ”។
ដោយឆ្លងកាត់រាល់បញ្ហាប្រឈមរាប់មិនអស់ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនៃការបើកទ្វារទៅកាន់ពិភពលោក បុគ្គលិក វៀតតែល ជាង១ម៉ឺននាក់បានខិតខំប្រឹងប្រែងក្នុងការកសាង និងអភិវឌ្ឍន៍ម៉ាកយីហោទូរគមនាគមន៍វៀតណាមនៅក្នុងប្រទេសម្ចាស់ផ្ទះ។ បច្ចុប្បន្នក្រុមហ៊ុន វៀតតែល មានវត្តមាននៅក្នុងប្រទេសចំនួន ១៦ រួមទាំងប្រទេសវិនិយោគ និងការិយាល័យតំណាង។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង បានថ្លែងថា៖ “អគ្គក្រុមហ៊ុនវិនិយោគភាគហ៊ុនអន្តរជាតិ វៀតតែល បានរួមចំណែកយ៉ាងលេចធ្លោដល់ការអភិវឌ្ឍប្រទេសជាតិជាមួយនឹងសមិទ្ធផលគួរឱ្យកត់សម្គាល់។ ពោលគឺ កសាងម៉ាកយីហោទូរគមនាគមន៍ឈានមុខគេចំនួន ១០ ដោយជោគជ័យនៅក្នុងប្រទេសជាច្រើន។ ជាអ្នកត្រួសត្រាយផ្លូវ និងជម្រុញសហគមន៍ធុរកិច្ចវៀតណាមឱ្យពង្រីកខ្លួនទូទាំងពិភពលោក រួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់ វៀតតែល ដោយបញ្ជាក់ពីគោលនយោបាយ ភាពជាអ្នកដឹកនាំ និងការណែនាំត្រឹមត្រូវរបស់បក្ស រដ្ឋ គណៈកម្មការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្តីពីការរួមបញ្ចូលគ្នារវាងការការពារជាតិ និងសន្តិសុខជាមួយសេដ្ឋកិច្ច ដោយបង្ហាញយ៉ាងច្បាស់អំពីសេចក្តីប្រាថ្នាជាតិ ការទទួលខុសត្រូវនយោបាយ និងសមត្ថភាពរបស់សហគ្រាសយោធានៅក្នុងយុគសម័យថ្មី”។
បច្ចុប្បន្ន វៀតតែលកាន់កាប់ចំណែកទីផ្សារធំជាងគេនៅក្នុងទីផ្សារក្រៅប្រទេសចំនួន ៧ ក្នុងចំណោមទីផ្សារទាំង ១០ របស់ខ្លួន (រួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤៖ ឡាវ កម្ពុជា មីយ៉ាន់ម៉ា ទីម័រខាងកើត; ប្រទេសអាហ្វ្រិកចំនួន ៤៖ ម៉ូសំប៊ិក កាមេរូន តង់ហ្សានី ប៊ូរុនឌី; និងប្រទេសអាមេរិកចំនួន ២៖ ហៃទី ប៉េរូ)។ ដោយចែករំលែកពីភាពជោគជ័យ លោក Nguyen Thanh Nhuong អតីតអគ្គនាយក វៀតតែលកម្ពុជា (២០១៥-២០១៩) បានសង្កត់ធ្ងន់ថា៖ “ដៃគូប្រកួតប្រជែងតែងតែអនុវត្តគោលនយោបាយតម្លៃថោក ប៉ុន្តែ វៀតតែល មិនដើរតាមវិធីសាស្រ្តរបស់គូប្រកួតប្រជែង។ ផ្ទុយទៅវិញ វៀតតែល ប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាផ្ទាល់ខ្លួន ក្នុងការចាត់ទុកអតិថិជនជាបុគ្គលពិសេស។ កន្លែងដែលមានការប្រកួតប្រជែងខ្លាំង គឺក្រុមហ៊ុន វៀតតែល ប្រកាន់យកគោលនយោបាយផ្សេងគ្នាដែរ”។
ប្រតិបត្តិការអាជីវកម្មអន្តរជាតិបង្កើតប្រាក់ចំណូលជាង ៣ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដោយរក្សាអត្រាកំណើនប្រាក់ចំណូលប្រហែល ២០% អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ទីផ្សារក្រៅប្រទេសបានរួមចំណែកចន្លោះពី ៣៥០-៤០០ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដល់ប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ថ្លែងនៅក្នុងជំនួបធ្វើការជាមួយក្រុមហ៊ុនវៀតតែលកម្ពុជា ក្នុងខែកក្កដា ឆ្នាំ ២០២៤ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “កម្រមានក្រុមហ៊ុនណាមួយដែលវិនិយោគទៅកាន់បរទេសដែលនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសជាតិ - អត្ថប្រយោជន៍សេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងការបរទេស ក៏ដូចជាអត្ថប្រយោជន៍ការពារជាតិដូចក្រុមហ៊ុនវៀតតែលនៅឡើយ។ ប្រការនេះបានបង្កើនរូបភាព និងឋានៈរបស់វៀតណាម មិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ច និងអាជីវកម្មសុទ្ធសាធនោះឡើយ”។
បន្ទាប់ពីវត្តមាន ២០ ឆ្នាំនៅក្នុងទីផ្សារអន្តរជាតិ ក្រុមហ៊ុន វៀត តែល កំពុងផ្លាស់ប្តូរពីគំរូ "ការវិនិយោគទៅកាន់បរទេស" ទៅជាយុទ្ធសាស្ត្រអាជីវកម្មសកល (Go Global 2.0) ដោយមានគោលដៅនាំយកសមត្ថភាពរួមរបស់ក្រុមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។ វៀតតែលដាក់ចេញគោលដៅ បន្តអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងវិស័យទូរគមនាគមន៍ ខណៈពេលដែលកំពុងពង្រីកខ្លួនទៅក្នុងវិស័យថ្មីៗដូចជា បច្ចេកវិទ្យាឌីជីថល ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ប្រើប្រាស់ពីរយ៉ាង ពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម។ ដោយមានគោលដៅកំណើនប្រចាំឆ្នាំយ៉ាងហោចណាស់ ២០% វៀតតែល បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងបញ្ហាសាកល្បងថ្មីៗ៕
