បន្ទាប់ពីដំណើរការចំណុចប្រទាក់គេហទំព័រថ្មីរយៈពេល​ជិតមួយខែ ចាប់តាំងពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦មក យើងខ្ញុំ​បានទទួលមតិយោបល់ជា​វិជ្ជមានពីមិត្ត​អ្នកស្តាប់ជាច្រើន​។ ក្នុងនោះ មិត្ត​អ្នកស្តាប់ ស៊ូ សម្បត្តិ ពីរាជធានីភ្នំពេញ កម្ពុជា បានសរសេរថា៖ «ខ្ញុំចូលចិត្តគេហទំព័រថ្មីនេះ​ខ្លាំង​ណាស់​។ រូបភាព និងខ្លឹមសារមានភាពទាក់ទាញ​ជាង និង​មាន​ពណ៌រស់រវើកជាង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគុណភាពបង្ហាញខ្ពស់ រូបភាពមួយចំនួនមើលទៅមិនច្បាស់ឡើយ​»។ ស្រដៀងគ្នានេះដែរ មិត្ត​អ្នកស្តាប់ Vicentiu Gheorghe មកពីប្រទេសរ៉ូម៉ានី មិត្ត​ Fabrys មកពីប្រទេសអ៊ីតាលី និង Juan Diez មកពីប្រទេសអេស្ប៉ាញ សុទ្ធតែបានវាយតម្លៃថា គេហទំព័រថ្មីនេះ មានភាព​ទំនើប ស្រស់ស្អាត និងងាយស្រួលប្រើ​ប្រាស់​ជាងមុខ​។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្ត​អ្នកស្តាប់ទាំងអស់។ ការវាយតម្លៃរបស់អ្នក ក៏ដូចជាមតិយោបល់របស់អ្នក​ ទាក់ទងនឹងបទពិសោធន៍អ្នកប្រើប្រាស់ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យើងខ្ញុំ​ក្នុងការកែលម្អ​បន្ថែម​ទៀត​។ សង្ឃឹមថា នឹងបន្ត​ទទូល​បានការគាំទ្រ និងការរួម​ដំណើរ​របស់​មិត្ត​អ្នក​ស្តាប់ទាំងអស់។

ក្នុងសប្តាហ៍កន្លងមកនេះ យើងខ្ញុំបន្តទទួលបានសំណួរពីមិត្ត​អ្នកស្តាប់អំពីវប្បធម៌ ប្រទេសជាតិ​ និងប្រជាជនវៀតណាម។ ក្នុងនោះ មិត្ត​អ្នកស្តាប់ ឡាយ ដារិទ្ធ មកពីកម្ពុជា បានសួរថា៖ «នាពេល​ថ្មីៗនេះ នៅលើបណ្តាញសង្គម ខ្ញុំបានឃើញយុវជនវៀតណាម​ជាច្រើនចែករំលែករូបថត​ផ្កាមួយ​ប្រភេទដែលមានពណ៌លឿងនិងស ដែលមើលទៅ​ស្រស់ស្អាតខ្លាំងណាស់។ ដែល​ហៅថា 'ផ្កា​ ប៊ុន'។ សម្រស់នៃផ្កានេះពិតជាគួរឱ្យចាប់អារម្មណ៍ និងប្លែកពីគេ​។ ខ្ញុំសង្ឃឹមថាកម្មវិធីអាចពន្យល់បន្ថែមអំពីពេលវេលា​ដែលផ្កាប៊ុនរីក​ស្គុះស្គាយ និងអត្ថន័យពិសេសរបស់វា​»

មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ និង​ប្រិយ​មិត្ត​ជាទីមេត្រី! ផ្កាដែលអ្នកបានលើកឡើងគឺផ្កាប៊ុន ជាធម្មតារីកស្គុះស្គាយនៅខែ​មេសា នៅពេលផ្លាស់ប្តូរពី​និទាឃរដូវទៅរដូវក្តៅ។ លក្ខណៈពិសេសបំផុតនៃប្រភេទ​ផ្កានេះគឺសមត្ថភាពផ្លាស់ប្តូរពណ៌។ នៅពេលដែលទើប​រីក ផ្កាមានពណ៌សសុទ្ធ បន្ទាប់មកបាន​ប្រែទៅជាពណ៌លឿងភ្លឺ​ជាបណ្ដើរ​។ គួរឲ្យ​កត់​សម្គាល់ថា ដើមផ្កាប៊ុនភាគច្រើនដែលអ្នក​បានឃើ​ញតាមអ៊ីនធឺណិតគឺជាដើមឈើបុរាណដែលមានអាយុកាលរាប់រយឆ្នាំ។ ក្នុង​នោះ ល្បីល្បាញបំផុតគឺដើម​ផ្កា​ប៊ុន នៅក្នុងវិថី Dinh Thon (សង្កាត់ Tu Liem) ដែលមានអាយុកាលជាង ៣០០ ឆ្នាំ។

ប្រសិនបើអ្នកមានឱកាសទៅទស្សនាទីក្រុងហាណូយនាប៉ុន្មាន​ថ្ងៃនេះ ក្រៅពីវិថី Dinh Thon អ្នកក៏អាចថតរូបផ្កានេះ នៅវិថី Chua Boc ឬនៅវត្ត Ha Tri (Ha Dong)។ ដើមផ្កាបុរាណទាំងនេះ មិនត្រឹមតែជាកន្លែងថតរូបដ៏ស្រស់ស្អាត​ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអ្នកស្រុកចាត់ទុកថាជានិមិត្តរូបនៃភាពសុខសាន្តនិងភាពធន់ផងដែរ។ សង្ឃឹមថា អ្នកនឹងមានឱកាស​គយគន់ និងថតរូបដ៏ស្រស់ស្អាតនៅក្រោមម្លប់ផ្កា​ដ៏​ពិសេសនេះ!

ជាបន្ត​កម្មវិធី យើងខ្ញុំ​សូម​ចែករំលែកជាមួយមិត្ត​អ្នកស្តាប់អំពី​​គោល​ដៅទេសចរណ៍ខាងព្រលឹងដ៏ពិសេសមួយនៅក្នុងអតីត​រាជ​ធានី Hue​ គឺវត្ត Vien Giac។ មិនត្រឹមតែជា​វត្តបុរាណដែលមានអាយុកាលជាង ៣០០ ឆ្នាំប៉ុណ្ណោះទេ វត្ត Vien Giac ក៏ទាក់​ទាញចំណាប់អារម្មណ៍របស់ភ្ញៀវ​ទេសចរណ៍ ជាមួយនឹងស្ថាបត្យកម្មដ៏វិសេសវិសាល នៅចំកណ្តាកអតីត​រាជធានី។

ចំណុចពិសេសនៃវត្ត Vien Giac គឺជា​ប្រព័ន្ធច្រករបៀងរាងជារង្វង់ដ៏ពិសេស ដែលកម្រ​មាន​នៅក្នុងរចនាសម្ព័ន្ធព្រះពុទ្ធសាសនាប្រពៃណី​។ ទោះបីជាវាទើបតែបានជួសជុលឡើង​វិញក៏ដោយ វត្តនេះនៅតែរក្សាបាននូវលក្ខណៈបុរម​បុរាណជាមួយនឹងដំបូលបក់​ក្បឿងប្រពៃណី។

វត្តបុរាណនេះ ផ្សារភ្ជាប់នឹងដំណើរការ​​បួសរៀនរបស់ព្រះសង្ឃ Lieu Quan ជាអ្នក​បង្កើតនិកាយ Lieu Quan របស់​វៀតណាម នៅដើមសតវត្សទី ១៨។ សព្វថ្ងៃនេះ វត្ត Vien Giac បានក្លាយជាគោលដៅសម្រាប់អ្នកដែលស្វែងរកភាពសុខសាន្ត ឬចង់ស្វែងយល់ពីសម្រស់ស្ថាបត្យកម្មដ៏វិសេសវិសាល។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu សង្កាត់ Cua Nam រដ្ឋធានីហាណូយ ឬ Email៖ vov5campuchia@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈគេហ​ទំព័រ https://vovworld.vn។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕