ព្រឹកមួយ នៅគ្លីនិកពិនិត្យជំងឺនៃមន្ទីរពេទ្យយោធា ៣៥៤ អេក្រង់អេឡិចត្រូនិចដែលបង្ហាញលេខអ្នកជំងឺបានជំនួសសន្លឹកក្រដាសក្រាស់ៗ ដែលធ្លាប់ជាទិដ្ឋភាពដែលធ្លាប់ស្គាល់។ អ្នកជំងឺបានរង់ចាំដល់វេន លែងកាន់កំណត់ត្រាវេជ្ជសាស្ត្រទៀតហើយ គ្រាន់តែកាន់កាតអត្តសញ្ញាណប័ណ្ណពលរដ្ឋរបស់ខ្លួនដែលមានលេខកូដសម្គាល់ផ្ទាល់ខ្លួនប៉ុណ្ណោះ។
“អ្នកជំងឺអាចចុះឈ្មោះសម្រាប់បន្ទប់ពិនិត្យសុខភាពផ្ទាល់ខ្លួន ជំនួសឲ្យការដែលពីមុននេះ អ្នកជំងឺទៅដល់គ្លីនិក ចុចយកលេខរៀង ហើយរង់ចាំជាជួរ ដល់វេនចូលពិនិត្យគឺខាតពេលណាស់។ ឥឡូវនេះ ពួកគេអាចចុះឈ្មោះដោយផ្ទាល់ហើយ”។
“នៅទីនេះ សេវាកម្មពិនិត្យមានល្បឿនលឿនណាស់។ នៅពេលព្រឹក ការធ្វើតេស្តរហ័សចំណាយពេលប្រហែលកន្លះថ្ងៃ ខណៈពេលដែលនៅពេលរសៀល ចំណាយពេលត្រឹមតែ ១-២ ម៉ោងប៉ុណ្ណោះ គឺបានទទួលថ្នាំហើយ”។
ទាក់ទងនឹងការពេញចិត្តរបស់អ្នកជំងឺ វរសេនីយ៍ទោ ង៉ូ ធី ដាវ ប្រធានដេប៉ាឌឺម៉ង់ពិនិត្យជំងឺ មន្ទីរពេទ្យ ៣៥៤ បាននិយាយថា៖ "អ្នកជំងឺគ្រាន់តែត្រូវយកលេខកូដប័ណ្ណពិនិត្យមកជាមួយខ្លួន ហើយនៅពេលធ្វើតេស្ត ឬវិនិច្ឆ័យរូបភាព ពួកគេគ្រាន់តែស្កេនលេខកូដនោះដើម្បីទទួលបានទិន្នន័យទាំងអស់នៅលើប្រព័ន្ធ។ អ្នកជំងឺមិនចាំបាច់យកឯកសារណាមួយមកជាមួយទេ ហើយពួកគេក៏មិនចាំបាច់រង់ចាំលទ្ធផលតេស្តដែរ ព្រោះលទ្ធផលត្រូវបានផ្ទេរទៅប្រព័ន្ធដោយស្វ័យប្រវត្តិ”។
ដោយសារតែមានបច្ចេកវិទ្យា ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ គ្រូពេទ្យមានកំណត់ត្រាសុខភាពពេញលេញរបស់អ្នកជំងឺ ចាប់ពីប្រវត្តិវេជ្ជសាស្ត្ររហូតដល់លទ្ធផលតេស្តថ្មីៗបំផុត។ លោកវរសេនីយ៍ត្រី ត្រឹន អាញ យ៊ុង ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាននៃមន្ទីរពេទ្យយោធា ៣៥៤ បានចែករំលែកថា៖ “នៅពេលដែលអ្នកជំងឺបង្ហាញអត្តសញ្ញាណប័ណ្ណ និងស្កេនមុខរបស់ខ្លួន ទិន្នន័យត្រូវបានត្រួតពិនិត្យតាមរយៈមជ្ឈមណ្ឌលទិន្នន័យជាតិ។ ពីទីនោះ អ្នកជំងឺអាចចុះឈ្មោះសម្រាប់គ្លីនិកដែលសក្តិសមនឹងស្ថានភាពជំងឺរបស់ខ្លួន។ ជំនួសឱ្យការទៅយកលេខរាង ហើយរង់ចាំជាជួរ ហើយដល់ពេលបានចូលពិនិត្យជំងឺគឺចំណាយពេលច្រើន ឥឡូវនេះ អ្នកជំងឺអាចធ្វើដោយផ្ទាល់ហើយ”។
ការផ្លាស់ប្តូរដោយស្ងៀមស្ងាត់ ប៉ុន្តែស៊ីជម្រៅកំពុងកើតឡើងនៅក្នុងប្រព័ន្ធមន្ទីរពេទ្យយោធា ដោយសារការផ្លាស់ប្តូរឌីជីថល។ លែងជារឿងអនាគតទៀតហើយ បច្ចេកវិទ្យាឌីជីថលកំពុងជ្រាបចូលគ្រប់ដំណើរការនៅក្នុងមន្ទីរពេទ្យយោធា។
នៅមន្ទីរពេទ្យយោធា ១៧៥ ការពិគ្រោះយោបល់ពីចម្ងាយបានក្លាយជារឿងធម្មតា។ អ្នកជំងឺនៅលើកោះដាច់ស្រយាលមួយអាចភ្ជាប់ដោយផ្ទាល់ជាមួយអ្នកជំនាញឈានមុខគេតាមរយៈអេក្រង់តែមួយ។ ចម្ងាយភូមិសាស្ត្រ ដែលធ្លាប់ជាឧបសគ្គចម្បងក្នុងការងារវេជ្ជសាស្ត្រយោធា ឥឡូវនេះកំពុងត្រូវបានបង្រួមគម្លាតបន្តិចម្តងៗ ដែលផ្តល់ឱកាសរស់រានមានជីវិតជាច្រើនសម្រាប់អ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិត ត្រឿង ទ្រុង ហៀវ មកពីមជ្ឈមណ្ឌលថតរូបភាពរោគវិនិច្ឆ័យនៃមន្ទីរពេទ្យយោធា ១៧៥ បានចែករំលែកថា៖ “ចាប់តាំងពីការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) បានជួយយើងកាត់បន្ថយពី ៣០-៤០%នៃដំណើរការរៀបចំពិនិត្យអ្នកជំងឺ។ កាលពីមុននេះ យើងត្រូវពឹងផ្អែកលើបទពិសោធន៍វិជ្ជាជីវៈ និងធ្នឹមឡាស៊ែរនៅក្នុងម៉ាស៊ីន ដើម្បីកំណត់អ្នកជំងឺនៅក្នុងវាលថតរូបភាព ហើយត្រូវវាស់ផ្នែករាងកាយនីមួយៗដើម្បីដាក់អ្នកជំងឺ ដែលចំណាយពេលវេលារៀបចំច្រើនដែរ”។
រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរឌីជីថលទាំងនេះ កំពុងបង្កើតមុខមាត់ថ្មីបន្តិចម្តងៗ សម្រាប់វិស័យវេជ្ជសាស្ត្រយោធារបស់វៀតណាម។ មន្ទីរពេទ្យយោធាមិនត្រឹមតែបម្រើខាងយោធាបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការចែករំលែកបន្ទុកជាមួយប្រព័ន្ធថែទាំសុខភាពស៊ីវិលផងដែរ ជាពិសេសក្នុងអំឡុងពេលកំពូលដូចជាជំងឺរាតត្បាត។ ជាពិសេស នៅក្នុងស្ថានភាពអាសន្នដូចជាគ្រោះមហន្តរាយធម្មជាតិ ឬលំហាត់យោធា អង្គភាពវេជ្ជសាស្ត្រយោធាចល័តត្រូវបានបំពាក់ដោយឧបករណ៍ឌីជីថលទំនើបៗ។ វរសេនីយ៍ឯក ហា យួ យឿង នាយកមន្ទីរពេទ្យយោធាលេខ ៣៥៤ បានបញ្ជាក់ថា៖ “ការផ្លាស់ប្តូរឌីជីថលបាននាំមកនូវអត្ថប្រយោជន៍ និងប្រសិទ្ធភាពយ៉ាងច្រើន មិនត្រឹមតែក្នុងការគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការពិនិត្យ និងព្យាបាលវេជ្ជសាស្ត្រដោយផ្ទាល់ ដោយបង្កើនប្រសិទ្ធភាពបទពិសោធន៍សម្រាប់អ្នកជំងឺ និងបុគ្គលិកពេទ្យ។ យើងអាចធ្វើឌីជីថលទិន្នន័យពិនិត្យ និងព្យាបាលវេជ្ជសាស្ត្រ ដោយជួយរក្សាទុក ទាញយក និងចែករំលែកព័ត៌មានបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ កាត់បន្ថយកំហុសក្នុងឧប្បត្តិហេតុវេជ្ជសាស្ត្រ។ ទីពីរ ឧបត្ថម្ភដល់វេជ្ជបណ្ឌិតក្នុងការថតរូបភាពរោគវិនិច្ឆ័យ និងការរកឃើញជំងឺបឋម។ ជាពិសេស នៅពេលអនុវត្តការផ្លាស់ប្តូរឌីជីថលនេះ វានឹងបង្កើតប្រភពទិន្នន័យដ៏ធំមួយ ហើយនោះជារឿងសំខាន់។ ដោយសារមានទិន្នន័យដ៏ធំនេះ យើងអាចជួយកែលម្អការគ្រប់គ្រងសុខភាពខ្លួនឯង”។
ក្នុងចំណោមការផ្លាស់ប្តូរនៃយុគសម័យឌីជីថល រូបភាពរបស់វេជ្ជបណ្ឌិតយោធានៅតែរក្សាតម្លៃស្នូលគឺ៖ ការលះបង់ ភាពត្រឹមត្រូវ និងការត្រៀមខ្លួនក្នុងគ្រប់កាលៈទេសៈទាំងអស់។ ឥឡូវនេះ បច្ចេកវិទ្យាឌីជីថលកំពុងបើកជំពូកថ្មីមួយសម្រាប់វេជ្ជសាស្ត្រយោធា កន្លែងដែលល្បឿន ទិន្នន័យ និងការតភ្ជាប់ ក្លាយជាកត្តាស្លាប់រស់។
ជាមួយគ្នានេះ ការផ្លាស់ប្តូរឌីជីថលនៅក្នុងមន្ទីរពេទ្យយោធាបានក្លាយជាតម្រូវការបន្ទាន់មួយ ដោយធ្វើអោយប្រសើរឡើងនូវគុណភាពនៃសេវាវេជ្ជសាស្រ្ត ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពវៀតណាម៕
