បច្ចុប្បន្ននេះ ខេត្តក្វាងនិញមាននីតិវិធីរដ្ឋបាលជាង ២.២៦០ ដែល​ក្នុង​នោះ មាន​នីតិវិធី​ថ្នាក់ខេត្ត​ចំនួន​ជាង ១.៧៧០ និងនីតិវិធី​ថ្នាក់ឃុំចំនួន​ជិត ២៩០ ដែលត្រូវបាន​អនុវត្តន៍តាមទម្រង់សេវាសាធារណៈ​តាម​អ៊ីនធឺណិត។ នៅក្នុងសង្កាត់ Uong Bi ការផ្លាស់ប្តូរឌីជីថលត្រូវបានអនុវត្តដោយប្រមូល​ធនធាន​ទាំងអស់ដើម្បីវិនិយោគ កែលម្អ និង​សុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ លោក ដាវ ង៉ុកសឺន (Đào Ngọc Sơn)​លេខាអចិន្ត្រៃយ៍រង​នៃគណៈកម្មាធិការបក្សសង្កាត់ Uong Bi ខេត្តក្វាងនិញ ជឿជាក់ថា ការងារទាំងនេះត្រូវតែ​ដើរទន្ទឹមគ្នាជាមួយ​នឹង​ការបណ្តុះបណ្តាលនិង​លើកកម្ពស់គុណភាពកម្មាភិបាល ដើម្បីធានាប្រតិបត្តិការ​យ៉ាងរលូន​នៅក្នុងបរិយាកាសឌីជីថល៖ «កម្មវិធីឌីជីថល និងការផ្លាស់ប្តូរឌីជីថលបានផ្លាស់ប្តូរយ៉ាងខ្លាំងទៅជាផ្នត់គំនិត​នៃ​​អភិបាល​កិច្ច។ ការងារទាំងអស់ត្រូវបានអនុវត្តយ៉ាងឆាប់​រហ័ស ដោយផ្ទាល់ និងមានប្រសិទ្ធភាពជាងមុន។ យើងក៏ប្រើប្រាស់កម្មវិធីឌីជីថលដើម្បីចាប់​យកព័ត៌មាន ក៏ដូចជាតាមដានលទ្ធផលនៃការអនុវត្ត រហូតដល់កម្រិតមូលដ្ឋាន​។ តាមនោះ បម្រើការងារដឹកនាំនិងណែនាំកាន់តែជាក់ស្តែង ហ្មត់ចត់ និងរលូនជាងមុន»​។

ដើម្បីឱ្យបច្ចេកវិទ្យាឌីជីថលឈាន​ចូលទៅក្នុងជីវភាព​ប្រចាំថ្ងៃយ៉ាងឆាប់រហ័ស ចាំបាច់ត្រូវផ្សព្វផ្សាយគោលការណ៍នេះ ដើម្បីឱ្យពលរដ្ឋគ្រប់រូបក្លាយជា "ពលរដ្ឋឌីជីថល"។ លោក ង្វៀន ហ័ងក្វី (Nguyễn Hoàng Quý​) លេខាគណៈកម្មាធិការបក្សសង្កាត់ Bai Chay បានឱ្យដឹងថា៖ «​យើងបានកំណត់ថា ដើម្បីមាន​រដ្ឋបាលឌីជីថល យើងត្រូវតែមានពលរដ្ឋឌីជីថល​។ ដូច្នេះហើយ Bai Chay បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តចលនាអក្ខរកម្មឌីជីថល។ រហូតមកដល់បច្ចុប្បន្ន ក្រុមលំនៅដ្ឋាន និងសង្កាត់ទាំងអស់ប្រើប្រាស់បរិយាកាសឌីជីថលសម្រាប់ការប្រជុំ និងការផ្លាស់ប្តូរការងារ; ប្រជាជន រួមទាំង​មនុស្សចា​ស់ ក៏អាចធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់ ទទួលប្រាក់ខែ ផ្ទេរប្រាក់ និងប្រតិបត្តិការ​ជាច្រើននៅក្នុងបរិយាកាសឌីជីថល»​។

តថភាពជាក់ស្តែងបាន​បង្ហាញថា ការផ្លាស់ប្តូរឌីជីថលនឹង​មានប្រសិទ្ធភាពពិតប្រាកដ លុះត្រាតែប្រជាជនមានជំនាញគ្រ​ប់គ្រាន់ដើម្បីទទួលបាននិងប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត​។ ដូច្នេះ រួមជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល មូលដ្ឋាននានាក្នុងខេត្តក្វាងនិញ កំពុងផ្តោតលើការកែលម្អសមត្ថភាពឌីជីថលរ​បស់សហគមន៍។ នៅក្នុងសង្កាត់អៀនទឺ បច្ចេកវិទ្យាឌីជីថលកំពុងត្រូវបានអនុវត្តយ៉ាងខ្លាំង​ក្នុងការផ្សព្វផ្សាយទេសចរណ៍ ការគ្រប់គ្រងកែរ៍ដំណែល និងការផ្តល់​សេវា​សម្រាប់អ្នកទេសចរ។ លោក Bui Hoang Giang លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ អៀនទឺ បាន​ឱ្យដឹងថា៖​ «ទាក់ទងនឹងវិស័យដូចជាទេសចរណ៍និងសេវាកម្ម យើងមានកម្មវិធីនិង​កាមេរ៉ា​ AI ៣៦០ដឺក្រេ ដើម្បីឱ្យប្រជាជននិងអ្នកទេសចរអាចចូលប្រើ​ប្រាស់ពីចម្ងាយ។ យើងក៏កំពុងស្ថិតក្នុងដំណើរការរចនាកម្មវិធីទូរស័ព្ទ ដើម្បីឱ្យប្រជាជនអាចចូលប្រើសេវាសាធារណៈ ក៏ដូចជាស្វែងរកទីតាំងសេវាកម្ម និង​គោល​ដៅ​ទេសចរណ៍ផងដែរ​។ ក្នុងការកែទម្រង់រដ្ឋបាល អត្រានៃការ​ដោះស្រាយ​នីតិវិធីតាមអ៊ីនធឺណិត​សម្រេចបានប្រហែល ៩៨% ហើយការប្រើប្រាស់​ ហត្ថលេខីឌីជីថលសម្រេចបានស្ទើរតែ ១០០% សម្រាប់ឯកសារទាំងអស់​​»​។

ពីគំរូជាក់លាក់ទាំងនេះនៅកម្រិតមូលដ្ឋាន បាន​បង្ហាញថា ការផ្លាស់ប្តូរឌីជីថល​មិនគ្រាន់តែ​ជាការអនុវត្តបច្ចេកវិទ្យានោះទេ ប៉ុន្តែកំពុងផ្លាស់ប្តូរជាបណ្ដើរៗនូវរបៀប​បម្រើ​ប្រជាជន និងអាជីវកម្ម។ ដើម្បីដាក់គ្រឹះសម្រាប់ដំណើរការនេះ ខេត្ត ក្វាងនិញ បានអនុវត្តន៍សេចក្តីសម្រេច​ចិត្ត​​លេខ ៥៧ តាមរយៈកម្មវិធី និងផែនការសកម្មភា​ព​ជាមួយនឹងគោលដៅ និងធនធានច្បាស់លាស់។ លោក Nguyen Trung Tien អនុប្រធានមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តក្វាងនិញ បានមានប្រសាសន៍ថា៖ «ខេត្ត ក្វាងនិញ មិនឈប់នៅត្រឹម​ការ​​ជ្រួតជ្រាបសេចក្តីសម្រេច​ចិត្ត​ប៉ុណ្ណោះទេ ប៉ុន្តែបាន​អនុវត្តន៍​ជាក់​ស្តែងជាមួយនឹងភារកិច្ចចំនួន ៦៨ ដែលបានចាត់តាំងទៅឱ្យមន្ទីរ និងភ្នាក់ងារនានា។ ក្នុងនោះ​ មាន​ភារកិច្ច​ជាប្រចាំចំនួន ៣២ និងភារកិច្ចកំណត់ពេលវេលាចំនួន​ ៣៦ ដើម្បបង្កើត​របក់​គំហើញ។ នៅឆ្នាំ ២០២៦ ខេត្តនឹងបែងចែកថវិកាជាង ១.០០០ ពាន់លានដុងសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាយុទ្ធសាស្ត្រ ខេត្តកំពុងផ្តោតលើការអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤»​។

ចាប់ពីការណែនាំដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំខេត្តក្វាងនិញ រហូតដល់ការផ្លាស់ប្តូរ​​របៀបបម្រើ​ប្រជាជនរបស់អាជ្ញាធរមូលដ្ឋាន និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន អាច​មើល​ឃើញ​ថា ប្រព័ន្ធរដ្ឋបាលទំនើបមួយដែលផ្សារ​ភ្ជាប់ទៅនឹងការផ្លាស់ប្តូរឌីជីថលកំពុងលេចចេញជារូបរាង​ជាបណ្ដើរៗ។ នៅពេលដែលនីតិវិធីនីមួយៗត្រូវបានដំណើរការលឿនជាងមុន មតិនីមួយៗរបស់ប្រជាជន​ត្រូវបានទទួលយក​កាន់តែងាយស្រួល ហើយប្រជាពលរដ្ឋ​គ្រប់រូប​អាចទទួលបានសេវាសាធារណៈនៅក្នុងបរិយាកាសឌីជីថល នោះជាពេលដែលការផ្លាស់ប្តូរឌីជីថលបង្ហាញពីតម្លៃពិតរបស់ខ្លួនក្នុងការបម្រើប្រជាជន និងអាជីវកម្ម​ឱ្យ​កាន់តែប្រសើរឡើង៕​