ការកំណត់គោលដៅកំណើនទៅមូលដ្ឋាននីមួយៗបានបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា នៅក្នុងការត្រិះរិះអភិបាលកិច្ច ដែលឆ្ពោះទៅរកប្រសិទ្ធភាព និងការទទួលខុសត្រូវជាក់ស្តែង។ ខេត្ត និងទីក្រុងនីមួយៗត្រូវបង្ខំឱ្យកំណត់តួនាទី គុណសម្បត្តិ និងសក្តានុពលកំណើនរបស់ខ្លួន ដើម្បីរួមចំណែកដល់ការបង្កើនភាពម្ចាស់ការ និងភាពច្នៃប្រឌិតក្នុងការគ្រប់គ្រង់។ លោក ហ្វាម ណាំ ទៀន គណៈកម្មាធិការវប្បធម៌និងសង្គមនៃរដ្ឋសភា បានចាត់ទុកថា៖ «រដ្ឋសភាបានកំណត់គោលដៅកំណើនទៅមូលដ្ឋាននីមួយៗ នឹងជួយឱ្យខេត្ត និងទីក្រុងនានា ម្ចាស់ការអភិវឌ្ឍសេណារីយ៉ូកំណើនសេដ្ឋកិច្ច ឱ្យបានសមស្របនឹងចំណុចខ្លាំង និងគុណសម្បត្តិរបស់មូលដ្ឋាននីមួយៗ។ នេះគឺជាដំណោះស្រាយដ៏លេចធ្លោមួយដើម្បីបង្កើនភាពម្ចាស់ការ និងការទទួលខុសត្រូវ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ហើយទន្ទឹមនឹងនោះ ក៏លើកកម្ពស់ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋាននីមួយៗផងដែរ»។
ទីក្រុងហាណូយ ក្នុងនាមជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដើម្បីសម្រេចបានគោលដៅ GRDP ចាប់ពី ១០-១០,៥% ក្នុងឆ្នាំ ២០២៦ និង ១០,៥-១១% សម្រាប់ដំណាក់កាល ២០២៦-២០៣០ ទីក្រុងបានកសាងគំរូកំណើនថ្មីសម្រាប់រដ្ឋធានី។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Vu Dai Thang បានថ្លែងថា៖ «យើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅកំណើនពីរខ្ទង់ដោយចាត់ទុកនេះជាបទបញ្ជា ជាកិត្តិយស និងជាការទទួលខុសត្រូវរបស់ទីក្រុងនៅចំពោះមុខគណៈកម្មាធិការបក្ស និងប្រជាជនរដ្ឋធានី។ យើងនឹងបង្កើតសេចក្តីសម្រេចចិត្តដោយផ្អែកលើការចាត់ចែងភារកិច្ចច្បាស់លាស់ដល់បណ្តាផ្នែក និងមូលដ្ឋាននីមួយៗ ដើម្បីអាចត្រួតពិនិត្យ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព»។
នៅឆ្នាំ ២០៣៥ ទីក្រុងហាណូយនឹងក្លាយជាទីក្រុងបៃតង ឆ្លាតវៃ ទំនើប ជាមួយនឹងសមត្ថភាពប្រកួតប្រជែងខ្ពស់ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ; ទន្ទឹមនឹងនោះ ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ការអប់រំ ការថែទាំសុខភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងនវានុវត្តន៍នៅក្នុងតំបន់ គឺជាគោលដៅនៃសេចក្តីព្រាងគំរូកំណើនថ្មី ដែលទីក្រុងហាណូយកំពុងឆ្ពោះទៅរក។
ក្នុងពេលនោះ ដោយមានគោលដៅកំណើន ១០% ត្រូវបានកំណត់សម្រាប់ទាំងឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦-២០៣០ ទីក្រុងហូជីមិញបានបង្កើតផែនការជំរុញកំណើនពីរខ្ទង់ ដោយផ្តោតលើកម្លាំងចលករសំខាន់ៗចំនួនបីគឺ៖ ការវិនិយោគ ការប្រើប្រាស់ និងការនាំចេញ។ ទន្ទឹមនឹងនោះ ពង្រីកកម្លាំងចលករថ្មី ដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដោយកំណត់ការទទួលខុសត្រូវ និងស្តង់ដារបរិមាណជារៀងរាល់ខែ និងប្រចាំត្រីមាស។ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន ឡុក ហា បានបញ្ជាក់ថា៖ «ដើម្បីសម្រេចគោលដៅសំខាន់ៗទាំងនេះ ជួរកម្មាភិបាលត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តធ្វើការ ដោយសម្រេចបានលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។ ឆ្នាំ ២០២៦ គឺជាឆ្នាំនៃការបង្កើនល្បឿន។ សម្ពាធគឺធំធេងណាស់ ប៉ុន្តែក៏ជាឱកាសមាសដើម្បីបញ្ជាក់ពីតួនាទីឈានមុខគេរបស់ទីក្រុងហូជីមិញ ដោយខិតជិតដល់គោលដៅនៃការក្លាយជាទីក្រុងគួរឲ្យរស់នៅ និងបន្តកែលម្អគុណភាពជីវភាពរស់នៅរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ»។
ការប្តេជ្ញាចិត្តធ្វើសកម្មភាពរបស់ទីក្រុងហូជីមិញបានរីកសាយភាយយ៉ាងខ្លាំងទៅក្នុងស្ថានភាពជាក់ស្តែង ដែលបង្ហាញយ៉ាងច្បាស់បំផុតដោយវឌ្ឍនភាពនៃគម្រោងដឹកជញ្ជូន។ គម្រោងដឹកជញ្ជូនចំនួន ៧៧ ដែលមានដើមទុនសរុបជិត ១,៨ ទ្រីលានដុង (៧០ ពាន់លានដុល្លារអាមេរិក) កំពុងត្រូវបានអនុវត្តតាមកាលវិភាគ ដែលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព។
ការចាត់ចែងគោលដៅមិនត្រឹមតែជាតួលេខជាក់លាក់ ដែលផ្សារភ្ជាប់ទៅនឹងការទទួលខុសត្រូវក្នុងការអនុវត្តរបស់ផ្នែក និងមូលដ្ឋានវិស័យនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺបង្កើតការតភ្ជាប់ និងឥទ្ធិពលរីកសាយភាយរវាងប៉ូលកំណើនសេដ្ឋកិច្ច។ នៅពេលដែលតំបន់មួយបោះជំហានទម្លុះទម្លាយ នឹងជំរុញការអភិវឌ្ឍនៃតំបន់ជិតខាង បង្កើតជាឥទ្ធិពលវិជ្ជមាននៅក្នុងខឿនសេដ្ឋកិច្ចទាំងមូល។ សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត ត្រឹន ឌិញធៀន អតីតនាយកវិទ្យាស្ថានសេដ្ឋកិច្ចមជ្ឈិម បានចាត់ទុកថា៖ «ក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងដំណើរការក្នុងនិន្នាការកើនឡើងយ៉ាងខ្លាំង កម្លាំងចលករសម្រាប់កំណើនមិនដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែមានឥទ្ធិពលទៅវិញទៅមក។ កត្តាទាំងអស់ សុទ្ធតែរួមចំណែកដល់ផ្ទាំងគំនូររួម ហើយផ្ទាំងគំនូរនេះ បានបង្កើតលក្ខខណ្ឌសម្រាប់វិស័យ និងគោលដៅអាទិភាពអាចបង្កើនល្បឿនលឿន និងមានប្រសិទ្ធភាពជាងមុន»។
ក្នុងបរិបទដែលកម្លាំចលករកំណើនបែបប្រពៃណីកំពុងឆ្អែតឆ្អន់ជាបណ្ដើរៗ ការបង្កើតយន្តការ «ប្រឡងប្រណាំងអភិវឌ្ឍន៍» ក្នុងចំណោមមូលដ្ឋាន អាចក្លាយជាកម្លាំងចលករដ៏សំខាន់មួយ។ នៅពេលដែលការទទួលខុសត្រូវ ហើយលទ្ធផលត្រូវបានវាស់វែងប្រកបដោយតម្លាភាព សម្ពាធនឹងក្លាយទៅជាកម្លាំងចលករសម្រាប់កំណែទម្រង់។ មូលដ្ឋាននឹងមិនត្រឹមតែ «ដំណើរការលឿន» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង «ដំណើរការជាមួយគ្នា» តាមរយៈការតភ្ជាប់ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព តាមនោះ ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់មិនគ្រាន់តែជាមហិច្ឆតាគោលនយោបាយនោះទេ ប៉ុន្តែបានក្លាយជាលទ្ធផលដែលអាចសម្រេចបាននៃប្រព័ន្ធសេដ្ឋកិច្ចទំនើប ប្រកបដោយសមកាលកម្ម៕
