ដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគសាធារណៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស វៀតណាមត្រូវការមូលធនបន្ថែមចំនួន ៧០-៨០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ទីក្រុងហូជីមិញកំពុងអនុវត្តគម្រោងវិនិយោគសាធារណៈធំៗចំនួន ៨ ហើយអាជីវកម្មនានាកំពុងត្រូវការមូលធនយ៉ាងខ្លាំង។ សហគ្រាសជាច្រើនចង់កៀងគរមូលធនតាមរយៈមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ ពីព្រោះសហគ្រាសភាគច្រើនកំពុងកៀងគរមូលធនពីធនាគារ។ យោងតាមលោក ង្វៀន ង៉ុក ហ្វា ប្រធានសមាគមពាណិជ្ជកម្មទីក្រុងហូជីមិញបានចាត់ទុកថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ ត្រូវការយុទ្ធសាស្ត្រដើម្បីជួយអាជីវកម្មកៀងគរ មូលធនពីប្រភពខាងក្រៅ។ នៅពេលនោះ សហគ្រាសធុនតូច និងមធ្យមនឹងងាយទទួលបានដើមទុនសម្រាប់ផលិតកម្មនិងធ្វើអាជីវកម្ម។ ដូច្នេះ សហគ្រាសជាច្រើននៅទីក្រុងហូជីមិញសង្ឃឹមថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ នឹងក្លាយជាបណ្តាញកៀងគរមូលធនដ៏ល្អសម្រាប់សហគ្រាស។
«យើងគួរតែកំណត់ឱ្យបានច្បាស់ថា តើវិស័យនិងផ្នែកណាខ្លះដែលត្រូវបានអនុញ្ញាតឱ្យកៀងគរដើមទុន ហើយត្រូវមានទំហំនិងសមត្ថភាពប៉ុណ្ណា ទើបអាចកៀងគរដើមទុនបាន។ ទាំងនេះគឺជាសិទ្ធិអំណាចរបស់រដ្ឋ។ យើងត្រូវការស្ថាប័នឯកទេស ដើម្បីធានាឱ្យមានភាពសុខដុមរមនា រវាងការគ្រប់គ្រងរបស់រដ្ឋ ហើយទន្ទឹមនឹងនោះ គឺបើកចេញឱកាសសម្រាប់សហគ្រាសអាចកៀងគរដើមទុនបានផងដែរ»។
ពីទស្សនៈរបស់វិនិយោគិន លោក Lưu Trọng An Hà អគ្គនាយក Lotus Investment Group តំណាងក្រុមវិនិយោគិនរួមចំណែកដើមទុននៅ VIFC ជឿជាក់ថា ដើម្បីទាក់ទាញវិនិយោគិនមកកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ ក្រៅពីការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំប្រព័ន្ធច្បាប់ VIFC ត្រូវការយន្តការគ្រប់គ្រងហានិភ័យប្រកបដោយតម្លាភាពស្របតាមស្តង់ដារអន្តរជាតិ។ ចំពោះគម្រោងធំៗ វិនិយោគចង់ឱ្យមានការចូលរួមចំណែកដើមទុនពីរដ្ឋ ក្នុងសមាមាត្រដ៏សមរម្យ។ លោក Luu Trong An Ha បានស្នើថា៖ «ប្រសិនបើយើងចាត់ទុកសេដ្ឋកិច្ចដែលមានសហគ្រាសបរទេស និងសហគ្រាសធុនតូចនិងមធ្យមជាផ្សារជួញដូរពាណិជ្ជកម្មមួយ យើងអាចមើលឃើញយ៉ាងងាយស្រួលនូវអ្វីដែលវៀតណាមត្រូវការនិងខ្វះខាត។ កន្លែងជួញដូរត្រូវការទំនិញច្រើន និងយន្តការដើម្បីការពារទាំងអ្នកទិញ និងអ្នកលក់។ នោះគឺជាបញ្ហាដែលយើងត្រូវដោះស្រាយដើម្បី VIFC-HCMC អាចកៀងគរដើមទុនប្រកបដោយប្រសិទ្ធភាព»។
សាស្ត្រាចារ្យរង បណ្ឌិត Nguyen Huu Huan អនុប្រធានទីភ្នាក់ងារប្រតិបត្តិ VIFC-HCMC បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការដើមទុនដ៏សំខាន់នៃសេដ្ឋកិច្ច មជ្ឈមណ្ឌលបានបង្កើតផែនការអភិវឌ្ឍទីផ្សារមូលធននៅក្នុងមជ្ឈមណ្ឌល សំដៅបង្កើតផ្សារភាគហ៊ុន និងក្រោយមកនឹងក្លាយទៅជាផ្សារភាគហ៊ុនអន្តរជាតិ។ ផ្សារភាគហ៊ុននេះ នឹងកៀងគរដើមទុនសម្រាប់សហគ្រាសក្នុងស្រុកនិងតំបន់។ មជ្ឈមណ្ឌលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ Nasdaq (សហរដ្ឋអាមេរិក) ដែលជាផ្សារភាគហ៊ុនធំទីពីររបស់ពិភពលោក ដើម្បីអនុវត្តការបង្កើតផ្សារភាគហ៊ុននេះ។ យោងតាម VIFC-HCMC ការងាររៀបចំទាំងអស់សម្រាប់ការបង្កើតផ្សារហ៊ុនគឺរួចរាល់ហើយ កំពុងរង់ចាំការអនុម័តពីរដ្ឋាភិបាលតែប៉ណ្ណោះ។ លើសពីនេះ មជ្ឈមណ្ឌលនឹងបង្កើតវេទិកាមួយដើម្បីកៀងគរដើមទុនសម្រាប់សហគ្រាសធុនតូច និងមធ្យម។ លោក Nguyen Huu Huan អនុប្រធានទីភ្នាក់ងារប្រតិបត្តិ VIFC-HCMC បានឱ្យដឹងថា៖ «នាពេលខាងមុខ យើងនឹងបង្កើតវេទិកា Crowdfunding ដើម្បីកៀងគរដើមទុនសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនានា។ វេទិកា Crowdfunding មានទំហំតូចជាងផ្សារហ៊ុនអន្តរជាតិ ប៉ុន្តែវាមានសហគ្រាសធុនតូចនិងមធ្យមមួយចំនួនធំ។ សេចក្តីសម្រេចចិត្តលេខ ៣២៣ របស់រដ្ឋាភិបាលស្តីពីគោលនយោបាយហិរញ្ញវត្ថុនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមក៏អនុញ្ញាតឱ្យសហគ្រាសធនតូច មីក្រូ និងសហគ្រាសចាប់ផ្តើមអាជីវកម្ម កៀងគរមូលធនរហូតដល់ ៧០០.០០០ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ»។
ក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំនៃទីក្រុងហូជីមិញ និងដាណាងនាពេលថ្មីៗនេះ ទាក់ទងនឹងការសាងសង់ ប្រតិបត្តិការ និងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានស្នើឱ្យក្រសួងហិរញ្ញវត្ថុនិងធនាគាររដ្ឋវៀតណាម សុក្រឹត្យបទបញ្ញត្តិប្រតិបត្តិការសម្រាប់ VIFC នៅទីក្រុងហូជីមិញ និងទីក្រុងដាណាង នៅខែមិថុនានេះ។ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យក្រសួងហិរញ្ញវត្ថុរៀបចំយន្តការសំខាន់ៗ ដោយមានលក្ខណៈទម្លុះទម្លាយ និងរឹងមាំ ដើម្បីជួយសម្រួលដល់ឧបករណ៍ហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការ និងបង្កើតផលិតផលសំខាន់ៗដើម្បីទាក់ទាញវិនិយោគិន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖ «ដំបូងបង្អស់ គឺសមត្ថភាពកៀងគរដើមទុនរបស់ទីក្រុងទាំងពីរ យើងត្រូវតែស្នើឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគាររដ្ឋវៀតណាម នូវផលិតផលហិរញ្ញវត្ថុ ផលិតផលដែលផ្សារភ្ជាប់នឹងសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាឧទាហរណ៍ ឧបករណ៍ហិរញ្ញវត្ថុដើម្បីកៀងគរដើមទុនរយៈពេលមធ្យមនិងរយៈពេលវែង ដូចជាមូលបត្ររដ្ឋាភិបាល មូលបត្រគម្រោង និងមូលបត្ររដ្ឋាភិបាលដែលផ្សារភ្ជាប់ទៅនឹងគម្រោងជាក់លាក់។ បច្ចុប្បន្ននេះ ទីក្រុងទាំងពីរមានគម្រោងសំខាន់ៗជាច្រើនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងថាមពល»។
បច្ចុប្បន្ននេះ វិនិយោគិនបរទេសជាច្រើនបានមើលឃើញចំណុចភ្លឺស្វាង និងសក្តានុពលនៃសេដ្ឋកិច្ចវៀតណាម។ នោះគឺចំនួនប្រជាជនវ័យក្មេង ស្វាហាប់ និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ដូច្នេះ វិនិយោគិនជាច្រើនចង់វិនិយោគនៅក្នុង VIFC។ ដើម្បីឱ្យ VIFC-HCMC ក្លាយជាបណ្តាញកៀងគរមូលធនដ៏មានប្រសិទ្ធភាព វិនិយោគិនក៏សង្ឃឹមថា នឹងមានបទប្បញ្ញត្តិសមស្របជាងមុន រួមទាំងយន្តការគ្រប់គ្រងហានិភ័យប្រកបដោយតម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ៕
