ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ អង្គការ​ឥណទាន​នានានឹងមិនចាំបាច់រួមបញ្ចូលសមតុល្យឥណទានដែលកើនឡើងបន្ថែមបើប្រៀបធៀបនឹងចុងឆ្នាំ២០២៥ ចំពោះលំនៅដ្ឋានសង្គម តំបន់ឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញ ទៅក្នុងសមតុល្យឥណទានអចលនទ្រព្យ នៅពេលគ្រប់គ្រងកំណើនឥណទាន​ទៀត​ហើយ​។ គោលនយោបាយនេះត្រូវបានដាក់ចេញសំដៅបង្កើតលក្ខខណ្ឌ​សម្រាប់ធនាគារក្នុងការពង្រីកដើមទុនឥណទានទៅក្នុងផ្នែកទីផ្សារ​អចលនទ្រព្យជា​អាទិភាព ស្របតាមគោលការណ៍អភិវឌ្ឍលំនៅដ្ឋានសង្គម ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងជំរុញកំណើនសេដ្ឋកិច្ច​សង្គម។

ចំពោះកម្មវិធីឥណទានលំនៅដ្ឋានសង្គម គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ផលប័ត្រ​ឥណទានសរុបសម្រេចបានប្រមាណ ៤១.០០០ ពាន់លានដុង (ជាង ១,៥៥ ពាន់លានដុល្លារអាមេរិក)។ ក្នុងនោះ ធនាគារគោលនយោបាយសង្គម បានបញ្ចេញទុនជាង ២៥.០០០ ពាន់លានដុង (៩៥០ លានដុល្លារអាមេរិក) ខណៈដែលបណ្តាធនាគារពាណិជ្ជបានផ្តល់ប្រាក់កម្ចីជាង ១៦.០០០ ពាន់លានដុង (ជាង ៦០០ លានដុល្លារអាមេរិក)។ នេះត្រូវបានចាត់ទុកជាកម្មវិធីឥណទានអាទិភាពមួយដែលវិស័យធនាគារកំពុង​អនុវត្តន៍ ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋក្នុងការទទួលបាន​លំនៅដ្ឋាន និងជំរុញប្រភពផ្គត់ផ្គង់​លំនៅដ្ឋានដែលមានតម្លៃសមរម្យនៅលើទីផ្សារ។ លោក ង្វៀន ហឹង អគ្គនាយកធនាគារពាណិជ្ជ​ភាគហ៊ុនទៀនភុង(TPBank) បានឱ្យដឹងថា៖​​ «ធនាគាររដ្ឋវៀតណាមមានគោលនយោបាយជាក់លាក់សម្រាប់ទីផ្សារនីមួយៗ ដើម្បីលើកទឹកចិត្តទីផ្សារ ដូចជា៖ លំនៅដ្ឋានមាន​តម្លៃសមរម្យ លំនៅដ្ឋាន​សម្រាប់អ្នកមានចំណូលទាប លំនៅដ្ឋានសង្គម... ដោយ​បានបង្កើន​សមត្ថភាពទទួលបាន​លំនៅដ្ឋាន»​។

ការជ្រើសរើសអាទិភាពគឺលំនៅដ្ឋានសង្គម និងតំបន់ឧស្សាហកម្មបាន​បង្ហាញថា លំហូរមូលធនកំពុងត្រូវបានរៀបចំឡើងវិញ​តាមទិសដៅ​សុវត្ថិភាព និង​ផ្តោតលើគោលដៅកាន់តែខ្លាំង។

នៅពីក្រោយការសម្រេចនេះ គឺជាការពិតដែលមិនអាច​ប្រកែកបាន​៖ ការផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្នុងទីក្រុងហូជីមិញ ប៊ិញឌឿង ដុងណៃ និងហាណូយ គឺមិនគ្រប់គ្រាន់ទេ។ តម្លៃផ្ទះ​អាផាតមិនពាណិជ្ជកម្មបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈពេលដែលការផ្គត់ផ្គង់​លំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាបកាន់តែទាប។ នៅក្នុងបរិបទនេះ ការផ្តល់អាទិភាពដល់ឥណទានសម្រាប់លំនៅដ្ឋានសង្គម មិន​គ្រាន់តែ​ជាដំណោះស្រាយដើម្បីគាំទ្រទីផ្សារអចលនទ្រព្យទៀតហើយ។ នេះកំពុងក្លាយជា​បញ្ហាសុខុមាលភាពទីក្រុង និងស្ថិរភាពកម្លាំងពលកម្មនៅក្នុងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗ។ ពីទស្សនៈអាជីវកម្ម គោលនយោបាយថ្មីនេះជួយកាត់បន្ថយសម្ពាធលើការទទួលបានដើមទុន កាត់បន្ថយពេលវេលាអនុវត្តគម្រោង និងបង្កើនសមត្ថភាពក្នុងការកៀរគរធនធានសង្គម ដើម្បីចូលរួមក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់តំបន់ឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញ​។​ លោក ង្វៀន ទួនអាញ់ អនុប្រធានអគ្គក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លំនៅដ្ឋាននិងទីក្រុងបានឱ្យដឹងថា៖ «សហគ្រាសខ្ចីប្រាក់ក្នុងរយៈពេលខ្លី ប៉ុន្តែសំខាន់បំផុត​គឺប្រជាជន។ ​មានអត្រាការប្រាក់ប្រកប​ដោយ​ស្ថេរភាព ធានាសុខុមាលភាពសង្គម និង​គោល​នយោបាយ​ប្រកប​ដោយ​សមកាលកម្ម ទើបដោះស្រាយ​បាន​​ទាំងស្រុង​នូវការអភិវឌ្ឍលំនៅដ្ឋានសង្គម​»​។

ពីទស្សនៈរបស់កម្មករ លោក ង្វៀន វ៉ាន់ ថាំង មកពីខេត្ត ង៉េអាន បានចែករំលែកថា៖ «យើងខ្ញុំ​មានការរំពឹងទុកខ្ពស់។ យើងរំពឹងថា នឹងមានផលិតផលកាន់តែច្រើន និងតម្លៃសមរម្យ​ជាង​។ ជាពិសេសសម្រាប់កម្មវិធី​ប្រាក់កម្ចី និងការទទួលបានឥណទាន ដើម្បីឱ្យមនុស្ស​វ័យ​ក្មេងមានទំនុកចិត្តក្នុងការខ្ចីប្រភពទុនដែលមានអត្រាការប្រាក់សមរម្យ និងមានលទ្ធភាពសងវិញបាន»។​

មិនត្រឹមតែគម្រោងលំនៅដ្ឋានសង្គមប៉ុណ្ណោះទេ ប៉ុន្តែមណ្ឌលឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញក៏ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគោលនយោបាយថ្មីនេះផងដែរ។ នេះជាពេលវេលាដែលវៀតណាមកំពុងប្រកួតប្រជែង​យ៉ាងខ្លាំងដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិច ស៊ីមីកុងដុកទ័រ និងផលិតកម្មបៃតង។

ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានជាច្រើននៅតែជួប​ប្រទះនឹងភាព​លំបាកលំបិន​ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​មណ្ឌលឧស្សាហកម្ម ដោយសារតែតម្រូវការមូលធនដ៏ធំ សម្រាប់ការឈូសឆាយដីធ្លី ការសាងសង់ប្រព័ន្ធដឹកជញ្ជូន ការផ្គត់ផ្គង់អគ្គិសនីនិងទឹកស្អាត និងប្រវត្តិកម្មបរិស្ថាន។ ការពង្រីកសមត្ថភាពទទួលបានឥណទាននឹងជួយសហគ្រាសអភិវឌ្ឍន៍​មណ្ឌល ឧស្សាហកម្ម​មាន​ប្រភពធនធានបន្ថែមដើម្បីពន្លឿនវឌ្ឍនភាពវិនិយោគ តាមនោះ បង្កើនសមត្ថភាព​ទទួលបានគម្រោង FDI ទ្រង់ទ្រាយធំ។

ពីទស្សនៈម៉ាក្រូ ការសម្រេចចិត្តរបស់ធនាគាររដ្ឋត្រូវបាននាំចេញក្នុងបរិបទ​ដែលរដ្ឋាភិបាល​កំពុង​ជំរុញកម្លាំងចលករថ្មីសម្រាប់កំណើន ដើម្បីសម្រេចបាននូវគោលដៅកំណើនខ្ពស់ក្នុងដំណាក់កាល ២០២៦-២០៣០។

លំនៅដ្ឋានសង្គមជួយដោះស្រាយបញ្ហាសន្តិសុខសង្គម និងស្ថេរភាពកម្លាំងព​លកម្ម។ តំបន់ឧស្សាហកម្មបង្កើត​ជា​មូលដ្ឋានគ្រឹះសម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ពង្រីកផលិតកម្ម និងបង្កើតការងារ​ធ្វើ​។ វិស័យ​ទាំងពីរនេះ សុទ្ធតែជិះ​ឥទ្ធិពលយ៉ាងខ្លាំងទៅលើ​វិស័យ​ជាច្រើនផ្សេង​ទៀត រួមចំណែកដល់ការបង្កើតកម្លាំង​ចលករកំណើនប្រកបដោយចីរភាពសម្រាប់វៀតណាម ក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់៕​