មានមនុស្សតិចណាស់ដែលដឹងថា នៅទីនេះមានគ្រួសារមួយ ដែលនៅតែថែរក្សាសិប្បកម្មបុរាណមួយរបស់ជនជាតិចាមដោយស្ងៀមស្ងាត់ នោះគឺសិប្បកម្មជាងទងប្រាក់។ ទីនេះប្រដូចជាកន្លែងតែមួយគត់ដែលផលិតវត្ថុចម្លាក់ដ៏ប្រណិតដែលប្រើប្រាស់ក្នុងពិធីសាសនារបស់ជនជាតិចាម។

នោះគឺជាសូរសំឡេងនៃការឆ្លាក់ប្រាក់របស់គ្រួសារ លោក Dinh Van Can និងលោកស្រី Dang Thi My Tram ក្នុងភូមិបៅទ្រុក ឃុំនិញភឿក ខេត្តខាញ់ហ័រ។ នៅលើរានហាលផ្ទះ អ្នកស្រី Kinh Thi Mong Ngung ដែលជាកូនស្រីតែម្នាក់គត់របស់គ្រួសារ កំពុងបន្តសិប្បកម្មរបស់ដូនតា។ ដោយមិនប្រើប្រាស់គ្រឿងម៉ាស៊ីនទេ មានតែពន្លាក និងកូនញញួរប៉ុណ្ណោះ នាងបានបង្កើតរូបរាងផលិតផលយ៉ាងឆាប់រហ័ស។ សូរសំឡេងនៃការឆ្លាក់ប្រាក់ បានក្លាយជាផ្នែកមួយដែលធ្លាប់ស្គាល់ក្នុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារអ្នកស្រី Kinh Thi Mong Ngung។

«ពេលនាងខ្ញុំចាប់ផ្តើមរៀនសិប្បកម្មនេះ ខ្ញុំមិនអាចឆ្លាក់បានត្រឹមត្រូវទេ។ ទោះជាយ៉ាងនេះក្ដី ខ្ញុំនៅតែខិតខំព្យាយាមជារៀងរាល់ថ្ងៃ។ សិប្បកម្មនេះទាមទារឲ្យមានភាពឧស្សាហ៍ព្យាយាមនិងការអត់ធ្មត់។ ពិបាកបំផុតគឺការឆ្លាក់គែមថាសម្លូ។ ម្តាយរបស់ខ្ញុំមានថ្វីដៃល្អ ដូច្នេះបានជាអាចធ្វើគ្រប់ជំហានទាំងអស់ ខណៈដែលឪពុកខ្ញុំភាគច្រើនទទួលបន្ទុកការការផ្គុំនិងការបង្ហើយផលិតផល។ គ្រួសារខ្ញុំមានបំណងចង់ឲ្យកូនចៅជំនាន់ក្រោយនឹងបន្តសិប្បកម្មនេះ បើមិនដូច្នោះទេ វានឹងបាត់បង់ទៅ»។

ពីមុន ផលិតផលត្រូវបានធ្វើពីប្រាក់សុទ្ធទាំងស្រុង ប៉ុន្តែដោយសារតែតម្លៃប្រាក់កាន់តែកើនឡើង ផលិតផលជាច្រើនត្រូវបានជំនួសដោយអាលុយមីញ៉ូម ឬស្ពាន់ ដើម្បីឲ្យសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជន។ ទោះបីជាសម្ភារៈបានផ្លាស់ប្តូរក៏ដោយ ប៉ុន្តែសិប្បករនៅតែរក្សាដដែលនូវក្បូរក្បាច់រចនាប្រពៃណី និងតម្លៃវប្បធម៌របស់ជនជាតិចាម ដែលត្រូវបានឆ្លាក់លើផលិតផល។ លោក Kinh Van Can និងលោកស្រី Dang Thi My Tram ទោះបីជាមានអាយុជាង ៧០ ឆ្នាំក៏ដោយ ប៉ុន្តែនៅតែធ្វើការយ៉ាងសង្វាតជារៀងរាល់ថ្ងៃ។ លោកស្រី Dang Thi My Tram បាននិយាយថា៖

«ដំបូងឡើយគឺឪពុករបស់ខ្ញុំជាជាងទងប្រាក់ បន្ទាប់មកលោកបានបង្រៀនខ្ញុំ។ ក្រោយមក ខ្ញុំបានរៀបការ ហើយបង្រៀនមុខរបរនេះទៅប្តី។ ពេលឪពុកខ្ញុំទទួលមរណភាព ខ្ញុំនិងប្តីបន្តប្រកបរបរនេះរហូតមកដល់សព្វថ្ងៃ។ ផលិតផលដែលយើងផលិត មានមនុស្សជាច្រើនមកទិញ ហើយលក់បន្តនៅកន្លែងជាច្រើន សូម្បីតែនៅខាងក្រៅខេត្តខាញ់ហ័រ។ អាស្រ័យដោយសិប្បកម្មជាងទងប្រាក់នេះ គ្រួសារខ្ញុំអាចចិញ្ចឹមកូន ៩ នាក់ រហូតដល់ធំដឹងក្ដី”។

អាស្រ័យដោយមានភាពប្រណិតនិងសោភ័ណភាពនៃផលិតផលនីមួយៗ រួមផ្សំជាមួយនឹងកិត្យានុភាព ផលិតផលរបស់គ្រួសារលោក Kinh Van Can មិនត្រឹមតែលក់ដាច់នៅក្នុងខេត្តខាញ់ហ័រប៉ុណ្ណោះទេ ថែមទាំងមានប្រជាប្រិយភាពខ្លាំងនៅក្នុងខេត្តផ្សេងទៀតដូចជា Lam Dong, Dong Nai, Tay Ninh និងទីក្រុងហូជីមិញទៀតផង។ លោក Ba Minh Truyen កម្មាភិបាលនៅសារមន្ទីរខាញ់ហ័រ បានឲ្យដឹងថា៖

«សម្រាប់ជនជាតិចាម វត្ថុចម្លាក់ប្រាក់មានសារៈសំខាន់ខ្លាំងណាស់។ ឧទាហរណ៍ ថាសនិងប្រអប់ដាក់ម្លូស្លា ជើងធូប... គឺជារបស់របរប្រើប្រាស់ដែលជនជាតិចាមរក្សាយ៉ាងប្រុងប្រយ័ត្ន ដោយគ្រាន់តែយកចេញប្រើប្រាស់ក្នុងពិធីសែនដូនតាប៉ុណ្ណោះ។ តាមនោះ បង្ហាញពីការគោរពរបស់ពួកគេចំពោះព្រះអាទិទេពនិងជីដូនជីតារបស់ខ្លួន»។

ឃុំ និញភឿក មានភូមិសិប្បកម្មប្រពៃណីល្បីឈ្មោះចំនួនពីរកន្លែងគឺ ភូមិស្មូនភាជន៍ បៅទ្រុក និងភូមិតម្បាញចរបាប់ មីងៀប។ នៅភូមិបៅទ្រុកក៏មានសិប្បកម្មជាងទងប្រាក់ដ៏ល្បីល្បាញផងដែរ។ បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋានកំពុងតំរង់ទិសសម្រាប់ការអភិរក្ស និងដាក់បញ្ចូលសិប្បកម្មជាងទងប្រាក់នេះ រួមជាមួយនឹងសិប្បកម្មស្មូនភាជន៍បៅទ្រុក និងសិប្បកម្មត្បាញចរបាប់ មីងៀប ទៅក្នុងកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ លោក Dang Chi Quyet លេខាសាខាបក្សភូមិ បៅទ្រុក បានសម្តែងថា៖

«យើងសង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យនឹងយកចិត្តទុកដាក់ចំពោះគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ដំណើរការទទួលស្គាល់លោក Can និងលោកស្រី Tram ជាសិប្បករឆ្នើម។ នេះនឹងលើកទឹកចិត្តពួកគេ ដើម្បីបន្តរួមចំណែកដល់ការបញ្ជូនសិប្បកម្មជាងទងប្រាក់នេះទៅឲ្យមនុស្សជំនាន់ក្រោយ»។

សិប្បកម្មជាងទងប្រាក់នៅភូមិ បៅទ្រុក គឺជាសិប្បកម្មពិសេសដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ទោះបីជាមិនមានប្រជាប្រិយភាពដូចសិប្បកម្មស្មូនភាជន៍ប្រពៃណីក៏ដោយ សិប្បកម្មជាងទងប្រាក់នៅតែត្រូវបានរក្សាទុកជាច្រើនជំនាន់មកហើយ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរបស់របរដែលបម្រើដល់ជីវភាពខាងព្រលឹងវិញ្ញាណ និងជំនឿសាសនារបស់ប្រជាជនជនជាតិចាម៕