ក្រោមបាតដៃដ៏ប៉ិនប្រសប់​របស់​សិប្បករ​ភូមិ​ Cat Dang ផលិតផល​ជាច្រើននៃភូមិសិប្បកម្មនេះ បាន​ក្លាយជា​និមិត្តរូប​ក្នុង​ពិធី​វប្បធម៌​ប្រពៃណីរបស់ប្រជាជន​វៀតណាម។ សព្វថ្ងៃនេះ ផលិតផលម្រ័ក្សណ៍​ខ្មុក​ Cat Dang មិនត្រឹមតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ​នៅក្នុង​ស្រុក​ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាទំនិញ​នាំចេញ​ដ៏ពេញនិយម​ទៅកាន់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោកទៀងផង។

ភូមិម្រ័ក្សណ៍​ខ្មុក​ Cat Dang ​ត្រូវបាន​បង្កើត​ឡើង និង​អភិវឌ្ឍន៍​អស់​រយៈពេល​ជាង ៦០០ ឆ្នាំ​មកហើយ។ ផលិតផល​របស់​ភូមិ​មានវត្តមាននៅក្នុង​សាលាភូមិ វត្តអារាម និង​វិហារ ជាមួយនឹងផលិតផលម្រ័ក្សណ៍ខ្មុកស្រោបមាស​ដូចជា រូបសំណាក បល្ល័ង្ក អាសនៈ ទ្វារ និងបន្ទះក្ដារឆ្លាក់អក្សរផ្ចង់។ ពីមុន ផលិតផលម្រ័ក្សណ៍ខ្មុក​ ច្រើនតែ​ត្រូវបានធ្វើឡើងលើផ្ទៃ​ឈើ ប៉ុន្តែ​ឥឡូវនេះ សិប្បករ​នៅភូមិ Cat Dang បាន​ច្នៃប្រឌិត​ផលិតផល​ពី​ឫស្សី ឫស្សីថ្ង ​សម្រាប់ធ្វើជា​វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿងតុបតែង​នៅក្នុង​ផ្ទះ និង​ការិយាល័យ ដែល​សមស្របនឹង​ជីវភាព​សម័យទំនើប។

លោក Dang Thanh Cong ម្ចាស់សិប្បកម្មម្រ័ក្សណ៍ខ្មុកមួយកន្លែងនៅក្នុងឃុំ Van Thang ខេត្តនិញប៊ិញ បានឲ្យដឹងថា៖

“ពីមុន យើងធ្វើដោយដៃ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានប្រើប្រាស់គ្រឿងម៉ាស៊ីនដើម្បីជួយបង្កើនទិន្នផល។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនផលិតផលឫស្សីផ្សំម្រ័ក្សណ៍ខ្មុក កាន់តែកើនឡើង។ ហើយជំនាញរបស់សិប្បករបានប្រសើរឡើងដោយសារតែតម្រូវការកាន់តែតឹងរ៉ឹងរបស់អតិថិជន។ បរិមាណផលិតផលនាំចេញរបស់យើងមានចាប់ពី ៥០០ រហូតដល់រាប់លានផលិតផល”។

ឫស្សីត្រូវបានត្រាំរយៈពេលជាច្រើនខែ បន្ទាប់មកហាលឲ្យស្ងួតប្រហែលមួយសប្តាហ៍មុនពេលកែច្នៃ។ ដោយមានបទពិសោធន៍ ២០ ឆ្នាំក្នុងការផលិតផលិតផលឫស្សីផ្សំម្រ័ក្សណ៍ខ្មុក អ្នកស្រី Bui Thi Thu បានចែករំលែកថា៖

“ចាប់ពីការជ្រើសរើសឫស្សីថ្ង សិប្បករត្រូវតែជ្រើសរើសដើមឫស្សីថ្ងដោយប្រុងប្រយ័ត្នដែលមិនខ្ញីពេកឬចាស់ពេក។ នៅពេលយកមកផ្ទះវិញ ឫស្សីត្រូវត្រាំក្នុងទឹកយ៉ាងហោចណាស់ប្រាំមួយខែ ដើម្បីការពារកណ្ដើរខ្មូត និងធានាភាពប្រើប្រាស់បានយូររបស់ផលិតផល។ បន្ទាប់មក បិត ខាត់ និងលាបជ័រមួយស្រទាប់ ដើម្បីបិទចន្លោះរវាងរង្វង់ឫស្សី។ ជាចុងក្រោយ ផលិតផលត្រូវបានសំលៀងរហូតដល់រលោង និងមានកម្រាស់ដែលចង់បាន”។

បន្ទាប់ពីការកែច្នៃបឋម ផលិតផលម្រ័ក្សណ៍ខ្មុកនីមួយៗ បានឆ្លងកាត់ដំណាក់កាលស្មុគស្មាញជាច្រើន ដូចជា៖ ការលាបថ្នាំបឋម ការលាបថ្នាំលើផ្ទៃ ការសំលៀងការដាំគុជខ្យង ការស្រោបមាស... ជាចុងក្រោយ សិប្បករនឹងតុបតែងផលិតផលជាមួយនឹងក្បូរក្បាច់រចនាផ្សេងៗគ្នា។ លោក Trinh Ngoc Thuy នាយករងក្រុមហ៊ុន Nam Hai ឃុំ Van Thang ខេត្ត Ninh Binh បានឲ្យដឹងថា៖

“ចំពោះផលិតផលសិប្បកម្ម​ម្រ័ក្សណ៍ខ្មុក ជំហាននីមួយៗសុទ្ធតែមានសារៈសំខាន់។ ដោយសារតែនេះជាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ជារបស់របរប្រើប្រាស់ក្នុងផ្ទះ សម្ភារៈផ្ទះបាយ របស់របរ ដាក់អាហារ ដូច្នេះជំហានទាំងអស់ត្រូវតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីធានាបាននូវស្តង់ដារនាំចេញ និងអនាម័យអាហារ។ ជំហានត្រួតពិនិត្យដែលតម្រូវដោយអតិថិជន ត្រូវបានផ្តល់អាជ្ញាប័ណ្ណ និងស្របច្បាប់លើទូទាំងពិភពលោក”។

បច្ចុប្បន្ននេះ ផលិតផលម្រ័ក្សណ៍ខ្មុក Cat Dang មានភាពសម្បូរបែប ដែលភាគច្រើនគឺរបស់របរប្រើប្រាស់ក្នុងផ្ទះ គ្រឿងតុបតែងខាងក្នុង ដូចជា៖ ថូ ពាង គំនូរ និងរូបចម្លាក់លៀន។ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ផលិតផលមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញទៅកាន់ទីផ្សារជាច្រើនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន និងរុស្ស៊ី ជាដើម។ លោក Pham Tien Dien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Van Thang ខេត្ត និញប៊ិញ បានឲ្យដឹងថា៖

“ពីមុន សិប្បកម្មម្រ័ក្សណ៍​ខ្មុក​នៅក្នុងឃុំ​ ​ត្រូវបានបណ្ដាគ្រួសារធ្វើដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ទំនិញទៅកាន់ឃុំជិតខាងក្នុងខេត្ត និងក្នុងប្រទេស។ រហូតដល់ពេលថ្មីៗនេះ សិប្បកម្មម្រ័ក្សណ៍ខ្មុកមានការរីកចម្រើន ដោយត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកផងដែរ។ បច្ចុប្បន្ន អាជីវកម្មនៅក្នុងឃុំ Van Thang កំពុងកសាងប្រតិបត្តិការទ្រង់ទ្រាយធំ និងដំណើរការផលិតកម្ម
យ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវស្តង់ដារនាំចេញ។ នាពេលអនាគត យោងតាមផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច ឃុំនឹងផ្តោតលើការអភិវឌ្ឍរបរសិប្បកម្ម ដើម្បីរក្សាអត្តសញ្ញាណ និងប្រពៃណីរបស់ខ្លួន ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មឱ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត”។

ឃុំ Van Thang ខេត្តនិញប៊ិញ បច្ចុប្បន្នមានពលករជាង ៣០០០ នាក់ដែលកំពុងប្រកបរបរម្រ័ក្សណ៍ខ្មុក។ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព អាជ្ញាធរមូលដ្ឋានបានជួយឧបត្ថម្ភអាជីវកម្មក្នុងការកែលម្អឧបករណ៍ ចូលរួមក្នុងពិព័រណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម និងកសាងម៉ាកយីហោសម្រាប់ផលិតផលឫស្សីផ្សំម្រ័ក្សណ៍ខ្មុកនៃភូមិ Cat Dang។ ជាមួយគ្នានេះ វិស័យទេសចរណ៍ក៏កំពុងនាំ Cat Dang ឲ្យក្លាយទៅជាគោលដៅទេសចរណ៍ភូមិសិប្បកម្ម រួមផ្សំជាមួយនឹងដំណើរទេសចរណ៍វប្បធម៌ និងអេកូឡូស៊ីនៃខេត្តនិញប៊ិញផងដែរ៕