ស្ត្រីជនជាតិ Nùng Phàn Slình នៅក្នុងប្លុក Hop Tan នៅតែរក្សាសិប្បកម្មដេរប៉ាក់និងត្បាញក្រណាត់ចរបាប់ប្រពៃណីយ៉ាងស្ងប់ស្ងាត់ ដូចជាមធ្យោបាយមួយដើម្បីរក្សាការចងចាំរបស់ជនជាតិខ្លួនអញ្ចឹង។ សសៃអំបោះនីមួយៗ ក្បូរក្បាច់រចនានីមួយៗមិនត្រឹមតែបង្កើតជាសម្លៀកបំពាក់មួយឈុតប៉ុណ្ណោះទេ ថែមទាំងរក្សារបៀបរស់នៅ ទំនៀមទម្លាប់ និងព្រលឹងវិញ្ញាណរបស់ជនជាតិ Nung នៅតំបន់ឦសានទៀតផង។
ទោះបីជាជីវភាពនៅតំបន់ទីក្រុងកាន់តែរីកចម្រើនក៏ដោយ ប៉ុន្តែគ្រួសារជនជាតិ Nùng Phàn Slình ជាច្រើននៅក្នុងប្លុក Hop Tan សង្កាត់ Ky Lua ខេត្តឡាងសឺន នៅតែរក្សាទម្លាប់ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី ពិធីមង្គលការ និងសកម្មភាពវប្បធម៌សហគមន៍។ សិប្បការិនី Ha Thi Thom រស់នៅប្លុក Hop Tan សង្កាត់ Ky Lua ខេត្តឡាងសឺន ដែលបានប្រកបរបរដេរប៉ាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Nung Phan Slinh អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ បានចែករំលែកថា៖
“មកទល់ពេលនេះ ជនជាតិ Nung នៅតែបន្តធ្វើ។ យើងធ្វើកន្សែងសម្រាប់ពាក់ទៅផ្សារ និងទៅពិធីបុណ្យ។ ចំណែកកាបូបធំអាចពាក់ទៅពិធីបុណ្យ ខណៈដែលកាបូបតូចៗ អាចពាក់ជារៀងរាល់ថ្ងៃបាន”។
ជនជាតិ Nung Phan Slinh មានភាពល្បីល្បាញដោយសារសម្លៀកបំពាក់ពណ៌ធ្លះ។ នៅលើក្រណាត់សាមញ្ញទាំងនោះ មានក្បូរក្បាច់រចនា ដែលត្រូវបានប៉ាក់ដោយដៃជាមួយនឹងខ្សែបន្ទាត់ដ៏ទន់ភ្លន់និងមានតុល្យភាព។ ក្បូរក្បាច់រចនាទាំងនោះច្រើនតែត្រូវបានបំផុសគំនិតពីធម្មជាតិ ព្រៃភ្នំ ផ្កាភ្ញី និងជីវភាពប្រចាំថ្ងៃ។
ដើម្បីសម្រេចបានសម្លៀកបំពាក់ប្រពៃណីមួយឈុត អ្នកធ្វើ ត្រូវចំណាយពេលច្រើនថ្ងៃ រហូតដល់ច្រើនសប្តាហ៍។ ផ្នែកដ៏ពិបាកបំផុតគឺការប៉ាក់ដោយដៃ។ សិប្បការិនី Hua Thi Phuc ជនជាតិ Nung Phan Slinh នៅសង្កាត់ Ky Lua ខេត្តឡាងសឺន បានចែករំលែកថា៖
“នេះជាខ្សែអំបោះលឿង នេះជាសសៃទៀន នេះជាខ្សែអំបោះខៀវ ខ្សែអំបោះក្រហម។ ៣ ពណ៌ ៤ ពណ៌ បញ្ចូលគ្នាដើម្បីធ្វើជាគែមខោ។ ការប៉ាក់នេះត្រូវតែធ្វើយ៉ាងល្អិតល្អន់និងស្មុគស្មាញណាស់។ វាត្រូវចំណាយពេល ៥ថ្ងៃទើបធ្វើបានកន្សែងមួយគ្រឿង”។
របរសិប្បកម្មប្រពៃណីនេះត្រូវបានផ្សាភ្ជាប់ជាមួយជនជាតិ Nung Phan Slinh នៅទីនេះតាំងពីយូរមកហើយ។ ពេលធំដឹងក្ដី ពួកគេត្រូវបានជីដូនជីតា និងឪពុកម្តាយបង្រៀន និងអភិរក្សរហូតមកដល់សព្វថ្ងៃនេះ។
មិនត្រឹមតែមានវត្តមាននៅក្នុងជីវភាពសហគមន៍ប៉ុណ្ណោះទេ សម្លៀកបំពាក់ប៉ាក់ដោយដៃរបស់ជនជាតិ Nung Phan Slinh សព្វថ្ងៃនេះថែមទាំងបានក្លាយជាផលិតផលវប្បធម៌ដែលទាក់ទាញភ្ញៀវទេសចរទៀតផង។
លោក Nguyen Viet Dung អ្នកទេសចរម្នាក់មកពីទីក្រុងហាណូយ បន្ទាប់ពីបានទៅទស្សនាកន្លែងតាំងបង្ហាញផលិតផលចរបាប់របស់ជនជាតិ Nung Phan Slinh នៅឡាងសឺន បានឲ្យដឹងថា៖
“ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសសៃអំបោះប៉ាក់ដ៏ល្អប្រណិត ដែលធ្វើដោយដៃទាំងស្រុង។ ផលិតផលនេះ ទាំងបញ្ញា កិច្ចខិតខំប្រឹងប្រែងនិងភាពប៉ិនប្រសប់ គឺពិតជាស្រស់ស្អាតណាស់។ សសៃអំបោះប៉ាក់បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ពេលវេលាយ៉ាងច្រើន ភាពល្អិតល្អន់ និងភាពឧស្សាហ៍ព្យាយាម។ ប្រសិនបើវាត្រឹមតែត្រូវបានប្រើប្រាស់បែបនេះ តម្លៃនឹងទាប។ តាមទស្សនៈរបស់ខ្ញុំ ប្រសិនបើគំនូរប៉ាក់ដោយដៃទាំងនេះ ត្រូវបានដាក់ស៊ុមសម្រាប់អ្នកទេសចរទិញមកសម្រាប់ការតុបតែងលម្អ តម្លៃផលិតផលនឹងកើនឡើងគួរឱ្យកត់សម្គាល់”។
ក្នុងលំហូរដ៏មមាញឹកនៃជីវភាពសម័យទំនើប ភូមិសិប្បកម្មប៉ាក់ដោយដៃប្រពៃណីរបស់ជនជាតិ Nung Phan Slinh នៅខេត្តឡាងសឺន គឺជាចំណុចលេចធ្លោពិសេសមួយ សម្រាប់អ្នកដែលស្រឡាញ់វប្បធម៌ប្រពៃណី មកស្វែងយល់ និងរុករក។ លោកស្រី Ho Thi To Uyen អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ky Lua ខេត្តឡាងសឺន បានឲ្យដឹងថា៖
“សិប្បកម្មប៉ាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Nung Phan Slinh មិនទាន់ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើទីផ្សារនៅឡើយទេ។ នាពេលខាងមុខ សង្កាត់មានផែនការ និងដំណោះស្រាយដូចជា៖ រៀបចំកន្លែងសម្រាប់គ្រួសារចូលរួមក្នុងការផលិតដោយផ្ទាល់ជាមួយភ្ញៀវទេសចរ ចាប់ពីដំណាក់កាលជ្រលក់ពណ៌ ត្បាញ និងប៉ាក់។ ទាក់ទងនឹងការផ្សព្វផ្សាយ យើងនឹងបង្កើតរឿងរ៉ាវសម្រាប់ផលិតផលនីមួយៗ ដើម្បីឱ្យភ្ញៀវទេសចរអាចយល់អំពីផលិតផលនីមួយៗរបស់ជនជាតិ Nung Phan Slinh នៅក្នុងតំបន់”។
មានតម្លៃខ្លះដែលមិនអាចវាស់វែងជាប្រាក់បានទេ។ វាគឺជាការចងចាំវប្បធម៌ ជារឿងរ៉ាវរបស់សហគមន៍ជនជាតិ Nung Phan Slinh ដែលត្រូវបានបង្ហាញតាមរយៈក្បូរក្បាច់រចនានៅលើអាវ កន្សែងឬកាបូបនីមួយៗ៕
