កំពង់ផែទូកនេសាទ មានជួញដូរគ្រឿងសមុទ្រយ៉ាងមមាញឹកនាពេលព្រឹកព្រលឹមនិងល្ងាចជារៀងរាល់ថ្ងៃ។ ឆ្នេរខ្សាច់ពណ៌លឿងរួមជាមួយផ្ទៃទឹកពណ៌ខៀវស្រស់ថ្លា។ នោះគឺជាភូមិ Lo ដែលជាភូមិឆ្នេរសមុទ្របុរាណមួយក្នុងសង្កាត់ ហ័រហៀប ខេត្តដាក់ឡាក់ ដែលកំពុងក្លាយជាគំរូពិសេសសម្រាប់ការអភិវឌ្ឍទេសចរណ៍ដោយផ្អែកលើមូលដ្ឋានបេតិកភណ្ឌ។
ផ្លូវចូលទៅក្នុងភូមិ Lo រត់តាមបណ្តោយឆ្នេរសមុទ្រដ៏វែងអន្លាយ និងពោរពេញដោយពន្លឺព្រះអា
ទិត្យ។ នៅម្ខាងគឺជាមហាសមុទ្រពណ៌ខៀវស្រងាត់ដ៏ធំល្វឹងល្វើយ ហើយនៅម្ខាងទៀតគឺជាភូមិ
តូចៗដែលស្ថិតនៅតាមជួរដើមដូង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសារជាច្រើននៅក្នុងភូមិបានជួសជុលផ្ទះឡើងវិញ ដើម្បីបើកផ្ទះស្នាក់នៅ ហាងម្ហូបតូចៗ ឬរៀបចំសកម្មភាពទទួលយកបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ។ ប្រការដែលគួរឱ្យសរសើរនោះគឺថា អ្នកភូមិឆ្ពោះទៅរកកសាងភូមិនេះទៅជាភូមិគំរូទេសចរណ៍សហគមន៍ប្រកបដោយចីរភាព ដោយរក្សាលក្ខណៈដើមដ៏វិសេសវិសាលនៃភូមិនេសាទឆ្នេរសមុទ្រ។
យុវជនជាច្រើននៅក្នុងភូមិក៏ វិលត្រឡប់មកស្រុកកំណើតវិញដើម្បីចូលរួមធ្វើទេសចរណ៍ផងដែរ។ ពួកគេផ្សព្វផ្សាយរូបភាពស្រុកកំណើត តាមរយៈរឿងរ៉ាវអំពីភូមិឆ្នេរសមុទ្រនេះនៅលើវេទិកាឌីជីថល ហើយបង្កើតឥទ្ធិពលដ៏ទូលំទូលាយលើបណ្តាញសង្គម និងទាក់ទាញភ្ញៀវទេសចរជាច្រើន។ លោក Luu Ba Phuoc ជាប្រជាពលរដ្ឋម្នាក់នៅសង្កាត់ ហ័រហៀប ខេត្តដាក់ឡាក់ បាននិយាយថា៖
“យើងបានបង្ហាញពីលក្ខណៈពិសេសនៃទឹកដីនេះ ដើម្បីឲ្យភ្ញៀវទេសចរអាចទទួលបានអារម្មណ៍អំពីភាពសុខសាន្តត្រាណ ដួងព្រលឹងនៃតំបន់ជនបទ ទេសភាពសមុទ្រ និងអាហារសមុទ្រផងដែរ។ ភ្ញៀវទេសចរមានការចាប់អារម្មណ៍ ដូច្នេះយើងសប្បាយចិត្តខ្លាំងណាស់”។
នៅក្នុងភូមិ Lo ទេសចរណ៍សហគមន៍មិនមែនគ្រាន់តែជាសេវាកម្មនោះទេ ប៉ុន្តែជារឿងរ៉ាវអំពីទំនាក់ទំនងរវាងមនុស្សជាមួយមនុស្ស។ ភ្ញៀវទេសចរមកទីនេះ ហើយហូបបាយជាមួយអ្នកនេសាទ រួមគ្នាបង់សំណាញ់នៅពេលព្រលឹម និងច្រៀងបទចម្រៀងប្រជាប្រ័យជាមួយសិល្បៈករក្នុងភូមិ ជាដើម។
លោក Lai Anh Quan ភ្ញៀវទេសចរមកពីទីក្រុងហាណូយ បានចែករំលែកថា៖
“នេះជាកន្លែងដែលគួរតែទៅទស្សនា ពីព្រោះមានគុណសម្បត្តិច្រើនដែលខ្ញុំពេញចិត្ត។ ឆ្នេរសមុទ្រស្អាត ផ្លូវធំទូលាយ ហើយប្រជាជនស្លូតបូត និងរួសរាយរាក់ទាក់”។
មិត្ត Pham Duy Tan មកពីខេត្តដុងណៃ បានចែករំលែកថា៖
“ខ្ញុំនឹងមកទីនេះច្រើនដងទៀត។ មនុស្សនិងបរិយាកាសនៅទីនេះស៊ាំណាស់។ ទេសភាពឆ្នេរសមុទ្រក៏អស្ចារ្យដែរ។ ខ្ញុំក៏បានទៅផ្សារ ហើយបានឃើញទូកនេសាទចូលកំពង់ផែ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនឡើយ។ របៀបដែលពួកគេជួញដូរ និងនិយាយគ្នា គឺគួរឱ្យចាប់អារម្មណ៍ណាស់”។
អស់រយៈពេលរាប់រយឆ្នាំមកហើយ ប្រជាជននៅទីនេះនៅតែថែរក្សាពិធីបុណ្យអំណរត្រីបាឡែន របរធ្វើទឹកត្រីប្រពៃណី និងរបរក្រងសំណាញ់ជាដើម។ ការអ្វើអាជីវកម្មតម្លៃវប្បធម៌ ទេសភាព និងសិប្បកម្មប្រពៃណីកំពុងបង្កើតផលិតផលទេសចរណ៍ទទួលយកបទពិសោធន៍ ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរបស់ប្រជានេសាទ។ លោក Duong Van Dong អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហ័រហៀប ខេត្តដាក់ឡាក់ បានមានប្រសាសន៍ថា៖
“យើងផ្តោតលើការឃោសនា តំរង់ទិសសម្រាប់អាជីវកម្មទេសចរណ៍ និងបងប្អូនអ្នកនេសាទដែលរស់នៅក្នុងតំបន់នេះ ឲ្យថែរក្សាស្ថាបត្យកម្មដ៏ពិសេសរបស់ភូមិ។ យើងសហការជាមួយមនុស្សចាស់ និងអ្នកដែលមានចំណេះដឹងយ៉ាងជ្រៅជ្រះអំពីពិធីបុណ្យ ដើម្បីស្ដាប់ការណែនាំ និងបទពិសោធន៍របស់ពួកគេ ដើម្បីស្តារពិធីបុណ្យទាំងនេះឡើងវិញ សម្រាប់បម្រើភ្ញៀវទេសចរ”។
ថ្មីៗនេះ ភូមិ Lo ត្រូវបាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ជ្រើសរើសជាតំណាងមួយ ក្នុងចំណោមតំណាងវៀតណាមទាំង ៥ ដើម្បីចូលរួមពានរង្វាន់ "ភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោក" ឆ្នាំ ២០២៦ ដែលរៀបចំដោយអង្គការទេសចរណ៍អង្គការសហប្រជាជាតិ (UN Tourism)។ លោក Le Phuc Long នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តដាក់ឡាក់ បានឲ្យដឹងថា នេះក៏ជាកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍ ឆ្ពោះទៅរកទិសដៅវិជ្ជាជីវៈ បៃតង និងប្រកបដោយចីរភាព។
“សង្ឃឹមថា សំណុំឯកសារនៃភូមិ Lo នឹងត្រូវបានអនុម័ត និងទទួលស្គាល់ដោយអង្គការទេសចរណ៍អង្គការសហប្រជាជាតិ។ កិត្តិនាមនេះនឹងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍នៅតំបន់ឆ្នេរសមុទ្រនៃខេត្តដាក់ឡាក់។ នៅពេលដែលត្រូវបានទទួលស្គាល់ហើយ វានឹងក្លាយជាម៉ាកយីហោដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើន ដូចភូមិ Lo Lo Chai នៅខេត្តហាយ៉ាងអញ្ចឹង”។
សព្វថ្ងៃនេះ ភូមិ Lo កំពុងជ្រើសរើសទិសដៅដ៏យឺតប៉ុន្តែប្រកបដោយចីរភាព ដោយអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ផង ខណៈពេលដែលរក្សាបាននូវភាពសុខសាន្តនិងសាមញ្ញនៃភូមិនេសាទឆ្នេរសមុទ្រ។ ក្រៅពីការចេញដំណើរទៅនាយសមុទ្រ ប្រជាជនក៏ចូលរួមអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីរួមចំណែកដល់ការអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីនៃស្រុកកំណើតរបស់ខ្លួន៕
