របរប៉ាក់គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ជនជាតិ Dao Tien នៅភូមិ Deo Gio (ឃុំ Ngan Son ខេត្ត Thai Nguyen)។ ដូចស្ត្រីដទៃទៀតដែរ លោកស្រី Ban Thi Thanh ត្រូវបានជីដូន និងម្តាយបង្រៀនពីការមុខម្ជុលថ្នេរប៉ាក់តាំងពីកុមារភាព។ លោកស្រី Thanh បាននិយាយថា ការប៉ាក់គឺជាការងារដែលទាមទារឲ្យមានភាពឧស្សាហ៍ព្យាយាម ភាពល្អិតល្អន់ និងភាពច្នៃប្រឌិត ដូច្នេះស្ត្រី Dao Tien ត្រូវចំណាយពេលជាច្រើនថ្ងៃ ទើបធ្វើបានកន្សែង ឬមួកមួយ។ សម្រាប់សំលៀកបំពាក់ ឬកាបូបដ៏ស្មុគស្មាញជាង អាចចំណាយពេលពេញមួយសប្តាហ៍ រហូតដល់ពេញមួយខែ។ ក្រោយរយៈពេល ៤០ឆ្នាំផ្សារភ្ជាប់ជាមួយម្ជុលថ្នេរប៉ាក់ ឥឡូវនេះលោកស្រី Thanh បានបង្រៀនជូនក្មេងស្រីជាច្រើននៅក្នុងភូមិ។
“ខ្ញុំមានមោទនភាពណាស់ ដែលខ្ញុំបានបង្រៀនក្មួយៗយុវជនឱ្យចេះប៉ាក់តាមទំនៀមទម្លាប់ជនជាតិ។ ប្រសិនបើយើងមិនបង្រៀនពួកគេទេ វប្បធម៌ជនជាតិយើងនឹងត្រូវបាត់បង់ទៅនាថ្ងៃក្រោយ”។
លោកស្រី Ban Thi Thanh (ស្តាំ) ណែនាំបច្ចេកទេសប៉ាក់ដល់យុវជនក្នុងភូមិ។ (រូបថត៖ VOV) |
ដោយឃើញថា តម្រូវការសម្រាប់ផលិតផលចរបាប់កាន់តែកើនឡើងលោកស្រី Thanh និងស្ត្រីជាច្រើនទៀតបានរួមគ្នានាំយកផលិតផលប៉ាក់ទៅកាន់ទីផ្សារ។ ដោយមានការគាំទ្រពីសម្ព័ន្ធសមាគមន៍ស្ត្រីឃុំ ក្នុងឆ្នាំ ២០២៣ ក្រុម "ប៉ាក់ចរបាប់ Deo Gio" ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន ២០នាក់។ ក្នុងរយៈពេលដំបូង ផលិតផលដែលធ្វើឡើងមិនច្រើនទេ គុណភាពមិនស្មើៗគ្នា ហើយការផ្សព្វផ្សាយ និងការស្វែងរកអតិថិជនក៏មិនមានប្រសិទ្ធភាពដែរ... ក្រុមជួបប្រទះនឹងការលំបាកជាច្រើនក្នុងការនាំយកផលិតផលចេញទៅខាងក្រៅមូលដ្ឋាន។
អាស្រ័យដោយមានវគ្គបណ្តុះបណ្តាលបច្ចេកទេស និងការណែនាំផ្នែកលក់ដែលរៀបចំដោយសមាគមន៍ស្ត្រីឃុំ ក្រុមប៉ាក់កាន់តែមានទំនុកចិត្តបន្តិចម្តងៗ។ ក្រៅពីការប៉ាក់ឱ្យបានត្រឹមត្រូវ ពួកគេក៏បានរៀនពីរបៀបទាក់ទាញអារម្មណ៍ និងការគួបផ្សំពណ៌ឱ្យចុះសម្រុងគ្នា ខណៈពេលដែលនៅតែរក្សាបាននូវដួងព្រលឹងវប្បធម៌។ ក្បូរក្បាច់រចនាដូចជាសត្វស្លាប សត្វ ព្រៃភ្នំ ផ្កាភ្ញី ត្រូវបានបង្ហាញយ៉ាងរស់រវើក ហើយផលិតផលនីមួយៗគឺជារឿងវប្បធម៌មួយ។ ដោយមានតែពណ៌មូលដ្ឋានប៉ុណ្ណោះដូចជា ធ្លះ ភ្លុក ក្រហម ខៀវ ដែលគួបផ្សំជាមួយនឹងគ្រឿងប្រាក់ ស្ត្រី Dao នៅ Deo Gio បានបង្កើតឡើងសំលៀកបំពាក់ប្រពៃណីពិសេសប្លែកពីគេ ហើយទទួលបានការនិយមចូលចិត្តរបស់អតិថិជនជាបណ្ដើរៗ។
លោកស្រី Dang Thi Thanh សមាជិកនៃក្រុម “ប៉ាក់ចរបាប់ Deo Gio” បានឲ្យដឹងថា៖ “ក្រុមរបស់យើងប៉ាក់អាវ មួក ខោ ថង់ កាបូបយួរដៃ កាបូបស្ពាយ... ការប៉ាក់ផលិតផលទាំងនេះទាមទារភាពល្អិតល្អន់ ការខិតខំប្រឹងប្រែង និងពេលវេលាច្រើនណាស់។ លក់ដាច់ណាស់ អតិថិជនចូលចិត្តបំផុតគឺកន្សែងនិងមួក អ្វីៗដ៏សាមញ្ញបំផុត”។
ស្ត្រីជនជាតិ Dao Tien នៅ Deo Gio បានរៀនអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្សព្វផ្សាយផលិតផលដេរប៉ាក់។ (រូបថត៖ VOV) |
មិនត្រឹមតែលក់ផ្ទាល់ទេ បងប្អូនស្ត្រីក៏ឆ្លៀតយកបច្ចេកវិទ្យាដើម្បីពង្រីកទីផ្សារផងដែរ។ លោកស្រី Ban Thi Huong សមាជិកក្រុម “ប៉ាក់ចរបាប់ Deo Gio” បានចែករំលែកថា៖
“ខ្ញុំយល់ឃើញថា ឥឡូវនេះបណ្តាញសង្គមមានប្រយោជន៍ច្រើនណាស់ ក្រុមប៉ាក់មានក្រុម zalo ប្រសិនបើមានការងារអ្វី យើងអាចពិភាក្សាបានតាមរយៈ zalo ឬ messenger... បន្ទាប់មក មានការលក់តាមអនឡាញ នៅពេលដែលមានអតិថិជនធ្វើការកុម្ម៉ង់ ការបង្ហោះតាមអនឡាញគឺលឿន និងងាយស្រួលជាង”។
អាស្រ័យដោយមានវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត បច្ចុប្បន្ននេះផលិតផលចរបាប់ជាង៣០មុខ ចាប់ពីមួក អាវ កន្សែង ដល់កាបូប ត្រូវបានលក់នៅទីក្រុងហាណូយ ហាយហ្វុង កាវបាង... ជាមួយនឹងតម្លៃចាប់ពី ១៥ ម៉ឺនដុង (ជាង ៦ ដុល្លារ) ដល់ ៥០ ម៉ឺនដុង (ជាង ២០ ដុល្លារ) ក្នុងផលិតផលមួយ។
ក្បូរក្បាច់រចនាគឺសាមញ្ញ ប៉ុន្តែត្រូវបានប៉ាក់យ៉ាងល្អិតល្អន់ ហើយផលិតផលជាច្រើនឥឡូវនេះមានលក់នៅលើទីផ្សារធំៗក្នុងស្រុក។ (រូបថត៖ VOV) |
លោកស្រី Ly Thi Lan សមាជិកក្រុម “ប៉ាក់ចរបាប់ Deo Gio” បាននិយាយថា មិនត្រឹមតែធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងប៉ុណ្ណោះទេ គំរូសហប្រតិបត្តិការក៏ជួយពង្រឹងសាមគ្គីភាពក្នុងភូមិទៀតផង។
“សមាជិកក៏គាំទ្រ និងណែនាំគ្នាទៅវិញទៅមក។ ខ្ញុំចូលរួមក្នុងការប៉ាក់ផលិតផល ក្បូរក្បាច់រចនារបស់ជនជាតិ Dao ប៉ាក់សត្វឆ្កែ សត្វស្លាប សំលៀកបំពាក់ជនជាតិ បើមានក្បូរក្បាច់រចនា ខ្ញុំនឹងរៀនពីគេ”។
ឥឡូវនេះ រូបភាពរបស់ស្ត្រីជនជាតិ Dao Tien នៅ Deo Gio ធ្វើការផ្សាយផ្ទាល់បង្ហោះផលិតផលនៅលើបណ្តាញសង្គម និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក បានក្លាយជារូបភាពធ្លាប់ស្គាល់ទៅហើយ។ ពួកគេបានថែរក្សារបរប្រពៃណីផង ហើយបញ្ជាក់ពីតួនាទីថ្មីរបស់ស្ត្រីនៅតំបន់ខ្ពង់រាបផង ដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានចាប់ផ្ដើមអាជីវកម្ម ក្លាហានអនុវត្តន៍បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ នៅក្នុងលំហូរនៃយុគសម័យឌីជីថល ស្ត្រីនៅ Deo Gio នៅតែរក្សាអត្តសញ្ញាណផ្ទាល់ខ្លួន ដោយប្រែក្លាយរបរប្រពៃណីទៅជារបរចិញ្ចឹមជីវិតប្រកបដោយចីរភាព ព្រមទាំងបន្ថែមទំនុកចិត្ត និងកម្លាំងចលករសម្រាប់ស្ត្រីនៅតំបន់ខ្ពង់រាបជាច្រើនទៀត ឱ្យឈានឡើងធ្វើជាម្ចាស់លើជីវភាពរស់នៅរបស់ខ្លួន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


