ទោះបីជា ប្រឈមមុខនឹងលក្ខណៈធម្មជាតិដ៏លំបាក និងការធ្វើចរាចរណ៍ទៅមកត្រូវកាត់ផ្ដាច់ពីគ្នាក៏ដោយ ប៉ុន្តែ អាស្រ័យដោយមានការយកចិត្តទុកដាក់យ៉ាងដិតដល់ពីបក្ស និងរដ្ឋតាមរយៈប្រព័ន្ធគោលនយោបាយជនជាតិ និងកម្មវិធីគោលដៅជាតិ Thu Lum បានផ្លាស់ប្តូរបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបង្កើតមុខមាត់ថ្មីមួយទាំងផ្នែកសេដ្ឋកិច្ច សង្គម ជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជនផងដែរ។

ដោយរំលឹកឡើងវិញនូវជីវភាពរស់នៅកាលពីមុននេះ នៅពេលដែលលក្ខណៈធម្មជាតិលំបាក ការធ្វើចរាចរណ៍ត្រូវកាត់ផ្តាច់ពីគ្នា គ្មានអគ្គិសនី ខ្វះខាតទឹក ហើយប្រជាជនត្រឹមតែស៊ាំនឹងទម្លាប់ផលិតកម្មបែកបាក់ពីគ្នានោះ លោក Chu Nhù Cà ជាជនជាតិ Ha Nhi នៅភូមិ Mé Gióng ដែលបានផ្សាភ្ជាប់ជាមួយដែនដី Thu Lum អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ មិនអាចលាក់បាំងសេចក្តីរីករាយរបស់លោកចំពោះការផ្លាស់ប្តូរនៃភូមិស្រុកបានទេ។ លោក Chu Nhu Ca បានចែករំលែកថា ផ្លូវចូលភូមិឥឡូវនេះ ស្រស់ស្អាតខ្លាំងណាស់ រួមជាមួយនឹងផ្ទះធំទូលាយ ផ្លូវដែលគ្របដណ្ដប់ដោយទង់ជាតិក្រហម និងព្រៃឈើបៃតងដែលត្រូវបានថែរក្សា និងធ្វើអាជីវកម្មដោយសមហេតុផល... កំពុងបង្កើតបានជាផ្ទាំងគំនូរនៃជីវភាពដ៏ធូធារនៅតំបន់ព្រំដែននៃមាតុភូមិនេះ៖

"ជីវភាពរស់នៅនិងការយល់ដឹងរបស់ប្រជាជនត្រូវបានលើកស្ទួយគួរឱ្យកត់សម្គាល់។ ចាប់
តាំងពីមានក្បាលម៉ាស៊ីនដឹកនាំ បន្ទាប់ពីការរួមបញ្ចូលគ្នា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជនទទួលបានការយកចិត្តទុកដាក់ ហើយកាន់តែរីកចម្រើន។ អគ្គិសនី ផ្លូវថ្នល់ សាលារៀន និងគិលានដ្ឋានទទួលបានការវិនិយោគកាន់តែច្រើន និងមានស្ថិរភាពជាងមុន។

ឃុំ Thu Lum ត្រូវបានបង្កើតឡើងពីការរួមបញ្ចូលគ្នានៃឃុំពីរគឺ Ka Lang និង Thu Lum (ស្រុក Muong Te ចាស់)។ មហាសន្និបាតលើកទីមួយនៃបក្សភាគឃុំ Thu Lum សម្រាប់អាណត្តិឆ្នាំ ២០២៥-២០៣០ បានកំណត់គោលដៅក្លាយជាឃុំដែលមានការអភិវឌ្ឍមធ្យមនៃខេត្តឡាយចូវនៅឆ្នាំ ២០៣០។ ដើម្បីសម្រេចគោលដៅនោះ Thu Lum ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចស្របតាមគុណសម្បត្តិនៃតំបន់ភ្នំ៖ ពង្រីកផ្ទៃដីដាំដុះក្រវាញ យិនស៊ិនឡាយចូវ ទេព្វិរូនិងរុក្ខជាតិឱសថជាច្រើនប្រភេទនៅក្រោមម្លប់ព្រៃឈើ។ លើសពីនេះ លើកទឹកចិត្តការចិញ្ចឹមសត្វប្រមូលផ្តុំ និងការអភិវឌ្ឍសេវាកម្មផងដែរ។ លោក Pờ Ho Tư លេខាសាខាបក្សភូមិ Mé Gióng បានឲ្យដឹងថា ភូមិកំពុងផ្តោតលើការអភិវឌ្ឍរុក្ខជាតិឱសថ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងទេសចរណ៍សហគមន៍៖

ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងឃុំនិយាយរួម និងភូមិ Me Giong និយាយដោយឡែក ត្រូវបានដឹកនាំដោយឃុំ។ យើងនៅតែឃោសនាទៅកាន់បក្ខជននៅក្នុងសាខាបក្ស និងបងប្អូនក្នុងភូមិ ដូចជាការដាំដំណាំក្រវាញ និងដំណាំផ្សេងៗទៀត។ សាខាបក្សដឹកនាំ និងឃោសនាដល់ប្រជាជនឲ្យដាំដុះដំណាំដ៏សមស្របនឹងលក្ខណៈមូលដ្ឋាន។

ដោយទាញយកអត្ថប្រយោជន៍ពីផ្ទៃដីព្រៃឈើធម្មជាតិដ៏ធំ ដែលមានគម្របព្រៃឈើជាង ៨២% ឃុំ Thu Lum កំពុងអភិវឌ្ឍន៍តំបន់ដាំដុះរុក្ខជាតិឱសថទ្រង់ទ្រាយធំ ដោយមានដំណាំក្រវាញ ទេព្វិរូ ស្លឹកគ្រៃ ជាដើម។ នៅតាមជម្រាលភ្នំខ្ពស់ត្រដែតលើសពី ១២០០ ម៉ែត្រ តំបន់ ដាំយិនស៊ិនឡាយចូវកំពុងត្រូវបានពង្រីកជាបណ្ដើរៗ។ នេះត្រូវបានកំណត់ជាទិសដៅរយៈពេលវែង ដែលរួមចំណែកដល់ការបង្កើនប្រាក់ចំណូល និងការការពារបរិស្ថាន។

លោក Lý Chuỳ Hừ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thu Lum បានឲ្យដឹងថា រុក្ខជាតិឱសថត្រូវបានចាត់ទុកថាជាដំណាំយុទ្ធសាស្ត្រដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងជាដំណាំ
ពាណិជ្ជកម្ម។ គំរូជាច្រើនផ្តល់ប្រាក់ចំណូលពី ៦០-១០០ លានដុង (២៤០០-៤០០០ ដុល្លារ
អាមេរិក)/ហិកតា ដែលខ្ពស់ជាងការធ្វើស្រែចម្ការបែបប្រពៃណីច្រើនដង។ គោលនយោបាយគាំទ្រទាក់ទងនឹងគ្រាប់ពូជ ប្រាក់កម្ចីអនុគ្រោះ និងការផ្ទេរបច្ចេកវិទ្យា បានលើកទឹកចិត្តគ្រួសារជនជាតិ Ha Nhi និង La Hu ជាច្រើនឱ្យផ្លាស់ប្តូរផ្នត់គំនិតផលិតកម្ម ឈានឡើងរួចពីភាពក្រីក្រ និងក្លាយជាអ្នកមាននៅហ្នឹងស្រុកកំណើតរបស់ខ្លួន។

ឃុំបានលើកទឹកចិត្តប្រជាជនឱ្យចូលរួមក្នុងក្រុមសហការ និងសហករណ៍ដាំរុក្ខជាតិឱសថ ទាក់ទាញការវិនិយោគ និងចុះហត្ថលេខាលើកិច្ចសន្យាធានាការប្រមូលទិញផលិតផល។ គណៈកម្មាធិការប្រជាជនឃុំក៏បានកំណត់ការអភិវឌ្ឍការដាំរុក្ខជាតិឱសថក្រោមម្លប់ព្រៃឈើជាទិសដៅរយៈពេលវែង ដែលសមស្របទៅនឹងលក្ខខណ្ឌជាក់ស្ដែងនៃមូលដ្ឋាន។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅនេះនឹងរួមចំណែកដល់ការធ្វើអាជីវកម្មធនធានព្រៃឈើដោយសមហេតុផល បង្កើនប្រាក់ចំណូលរបស់ប្រជាជន ការពារបរិស្ថានអេកូឡូស៊ី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋានប្រកបដោយចីរភាព។

ពីឃុំព្រំដែនក្រីក្រមួយ Thu Lum សព្វថ្ងៃនេះបានផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាទីបង្អែកដ៏រឹងមាំ ដើម្បីឱ្យតំបន់ព្រំប្រទល់នៃមាតុភូមិកាន់តែសម្បូរធូធារនិងសេចក្ដីសុខសាន្តត្រាណពីមួយថ្ងៃទៅមួយថ្ងៃ៕