នៅក្នុងបរិបទដែលអ្នកប្រើប្រាស់កាន់តែយកចិត្តទុកដាក់ដល់កសិផលស្អាត ការផលិតតែសរីរាង្គមិនត្រឹមតែបង្កើនតម្លៃផលិតផលប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ទទួលយកបទពិសោធន៍ រួមចំណែកដល់ការកសាងម៉ាកយីហោតំបន់តែថៃង្វៀននិយាយរួម និងឃុំវ៉ូត្រាញនិយាយដោយឡែក តាមទិសដៅបៃតង និងប្រកបដោយចីរភាព។

ឃុំវ៉ូត្រាញ គឺជាតំបន់ដាំតែដ៏សំខាន់មួយនៅក្នុងខេត្តថៃង្វៀន។ ឃុំនេះមានចម្ការតែជាង ២៦០០ ហិកតា ភូមិសិប្បកម្មប្រពៃណីរាប់សិបភូមិ និងទិន្នផលស្លឹកតែស្រស់ឈានមុខគេនៅក្នុងខេត្ត។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយនឹងការផលិតស្របតាមស្តង់ដារផលិតកម្មកសិកម្មល្អនៅវៀតណាម (VietGAP) មូលដ្ឋាននេះបានអភិវឌ្ឍន៍តំបន់ដាំតែសរីរាង្គជាបណ្ដើរៗ សំដៅបំពេញតម្រូវការកាន់តែខ្ពស់នៃទីផ្សារក្នុងស្រុក និងអន្តរជាតិ។

មិនដូចវិធីសាស្រ្តធ្វើកសិកម្មបែបប្រពៃណីទេ ការផលិតតែសរីរាង្គតម្រូវឱ្យអ្នកផលិតផ្លាស់ប្តូរ ចាប់ពីការកែលម្អដី ការប្រើប្រាស់ជីសរីរាង្គ ការបង្ការកំចាត់សត្វល្អិតចង្រៃដោយវិធីសាស្ត្រជីវសាស្រ្ត រហូតដល់ការប្រមូលផល ការកែច្នៃ និងការតាមដានប្រភពដើម។ លោក ប៊ូយ ភឿងថាវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវ៉ូត្រាញ ខេត្តថៃង្វៀន បានឲ្យដឹងថា៖

“យើងផ្តោតលើទិសដៅអភិវឌ្ឍន៍នោះគឺកសិកម្ម និងសិប្បកម្មឧស្សាហកម្មខ្នាតតូច។ ក្នុងនោះផ្ដោតលើកសិកម្មបៃតង ដោយមានដើមតែជាដំណាំចម្បង។ យើងបានប្រមូលផ្ដុំធនធាននានា ដូចជា៖ ជំរុញខ្លាំងការងារទំនាក់ទំនង ការវិនិយោគលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ យើងបានអភិវឌ្ឍន៍ផលិតផល OCOP (ឃុំមួយ ផលិតផលមួយ) ចំនួន ១៥ សម្រាប់វិស័យតែនៅក្នុងឃុំវ៉ូត្រាញ”។

ដើម្បីធានាឲ្យដើមតែសរីរាង្គមានគុណភាពខ្ពស់ សហករណ៍មួយចំនួនបានវិនិយោគលើប្រព័ន្ធផលិតកម្មបិទជិតចាប់ពីការដាំដុះតែរហូតដល់ការកែច្នៃ និងការប្រើប្រាស់។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងខ្សែសង្វាក់តម្លៃពេញលេញចាប់ពីតំបន់វត្ថុធាតុដើមរហូតដល់ការកែច្នៃ និងការប្រើប្រាស់។ លោក វូ ថាញ់ធើម នាយកសហករណ៍តែស្អាត Dat Phat ក្នុងឃុំវ៉ូត្រាញ ខេត្តថៃង្វៀន បានឲ្យដឹងថា៖

"ដើម្បីមានផលិតតែល្អបំផុត សហករណ៍បានជ្រើសរើសពូជតែ Kim Tuyen សម្រាប់ផលិតតែខ្មៅ ប៉ុន្តែក៏មានពូជជាច្រើនទៀតដែរ។ តែដែលបំពេញតាមស្តង់ដារ OCOP ផ្កាយ ៤ ត្រូវតែគោរពដំណើរការផលិតយ៉ាងតឹងរ៉ឹងចាប់ពីការថែទាំរហូតដល់ការកែច្នៃ។ សហករណ៍ក៏ទទួលគណៈប្រតិភូបរទេសជាច្រើនមកទទួលយកបទពិសោធន៍ និងភ្លក់រសជាតិតែផងដែរ។ ពួកគេទាំងអស់គ្នាបានវាយតម្លៃខ្ពស់ចំពោះគុណភាពហើយទិញច្រើន"។

មិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ចម្ការតែបៃតងខៀវស្រងាត់ក៏បានក្លាយជាគោលដៅទាក់ទាញសម្រាប់អ្នកទេសចរទៀតផង។ ជំនួសឱ្យការទិញផលិតផល មនុស្សជាច្រើនចង់មកទីនេះដើម្បីអាចបេះតែ កែច្នៃតែ ភ្លក់តែ និងស្វែងយល់អំពីវប្បធម៌តែរបស់ខេត្តថៃង្វៀនដោយផ្ទាល់។ លោក ង្វៀន ហុងថាំង អ្នកទេសចរមកពីខេត្តឡាវកាយ បានចែករំលែកមតិថា៖

“តែថៃង្វៀន គឺជាប្រៀបខ្លាំង និងល្បីល្បាញជាយូរមកហើយ។ ដើម្បីធ្វើឱ្យម៉ាកយីហោនេះត្រូវបានគេស្គាល់មិនត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើឆាកអន្តរជាតិទៀតផង យើងត្រូវនាំអ្នកទេសចរបរទេសកាន់តែច្រើនមកប្រទេសវៀតណាម ដើម្បីឲ្យគេអាចភ្លក់ ហើយយើងនឹងឧទ្ទេសនាមពីវប្បធម៌តែរបស់យើង”។

លោកស្រី ជូ ធីដូ នាយិការងមជ្ឈមណ្ឌលពន្លឿននិងអភិវឌ្ឍន៍ទេសចរណ៍ខេត្តថៃង្វៀន បានឲ្យដឹងថា៖

“វ៉ូត្រាញ មានតំបន់តែ Khe Coc ដែលជាម៉ាកយីហោមួយក្នុងចំណោមម៉ាកយីហោតែល្បីល្បាញបំផុតទាំង៥ របស់ខេត្តថៃង្វៀន។ បច្ចុប្បន្ននេះ ខេត្តថៃង្វៀន កំពុងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដែលផ្សាភ្ជាប់នឹងវប្បធម៌តែ។ ទេសចរណ៍សហគមន៍ត្រូវបានផ្សាភ្ជាប់ទៅនឹងវប្បធម៌តែសរីរាង្គ ទេសភាពចម្ការតែដ៏ស្រស់បំព្រង រួមជាមួយនឹងចម្ការដើមឈើហូបផ្លែ និងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ San Chay”។

នៅពេលដែលប្រជាកសិករផ្លាស់ប្តូរការត្រិះរិះផលិតកម្ម អាជ្ញាធររួមដំណើរគាំទ្រ ហើយអាជីវកម្មពង្រីកទីផ្សារនោះ តែសរីរាង្គមិនត្រឹមតែបង្កើតតម្លៃសេដ្ឋកិច្ចខ្ពស់ជាងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សវប្បធម៌តែ និងកសាងរូបភាពរបស់ខេត្ត ថៃង្វៀន ជាគោលដៅទេសចរណ៍ នៃកសិកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ សព្វថ្ងៃនេះ វ៉ូត្រាញ កំពុងអះអាងនូវឋានៈរបស់ខ្លួននៅក្នុងរឿងរ៉ាវអំពីការផ្សាភ្ជាប់ដើមតែសរីរាង្គជាមួយនឹងការអភិវឌ្ឍទេសចរណ៍៕